ថ្ងៃ​ខួប​​​បុណ្យ​​ឯករាជ្យ​​ជាតិ​អ្នក​នយោ​បាយ​​​ខ្មែរ​​​ប្តេ​ជ្ញា​​​ការ​ពារ​​​កម្ពុជា​​​មិន​​ជាន់​​​ដាន​​​ប្រវត្តិ​​សាស្ត្រ​​​

09-11-2015 4:46 pm 1536

​នៅ​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា​នេះ ប្រទេស​កម្ពុ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៦២​ឆ្នាំ នៃ​ការទាមទារ​ឯករាជ្យ​ជាតិ​ពី​ប្រទេស​បារាំង ដែល​បាន​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា​ជិត​មួយ​សតវត្សរ៍​។ តាំងពី​ព្រឹក​​​ព្រលឹម ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​យាង ទៅដល់​វិមានឯករាជ្យ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នកសេ្នហាជាតិ និង​ប្រទាន​ភ្លើង​ជ័យ​ដែល​ជា​និមិត្តរូប​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​។​

 

​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ព្រឹក​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ផ្សេងទៀត​។​

 

​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ព្រះមហាក្សត្រ​ខ្មែរ មិនបាន​ធ្វើ​ព្រះរាជ​សុន្ទរកថា​ទៅកាន់​មហាជន​ឡើង​។ ដោយឡែក​សម្រាប់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​រម្លឹក​ឡើងវិញ​ពី​ប្រវត្តិ​​​នៃ​ការទាមទារ​ឯករាជ្យ​ជាតិ ពី​ប្រទេស​បារាំង​ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ​។

 

​បន្ថែម​លើ​ពី​នេះ​លោក​ក៏​បាន​បញ្ជាក់ថា កម្ពុជា​ធ្លាប់បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​អតីត​ព្រះប្រមុខរដ្ឋ ហើយ​បន្ទាប់មក​បាន​នាំ​កម្ពុជា​ទាំងមូល​អោយ​ធ្លាក់​ក្នុង​រណ្តៅ​វាលពិឃាត​តែម្តង​។ លោក​ថា នេះ​គឺជា​មេរៀន​​មួយ​ស្រាប់ ដែល​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម ជា​លទ្ឋផល​នៃ​ការផ្លាស់ប្តូរ​ទម្លាក់​ប្រមុខ​ដឹកនាំ​តាម​ការផ្តួលរំលំ​ដើម្បី​អំណាច​។​

 

​លោក​បន្តថា ពេលនេះ កម្ពុជា​ត្រូវតែ​ចៀស​អោយ​ឆ្ងាយ​ពី​ផ្លូវ​ដ៏​សែន​គ្រោះថ្នាក់​បំផុត​នោះ​។ ជាពិសេស គណបក្ស​ប្រជាជន ដែល​មាន​រូប​លោក​ជា​ប្រធាន និង​ជា​នាយករដ្ឋមន្ត្រី គឺ​ប្តេជ្ញា​ការពារ​រដ្ឋ​ធ​ម្មនុ​ញ្ញា ការពារ​ព្រះមហាក្សត្រ និង​ការពារ​សុខសន្តិភាព​ជូន​កម្ពុជា​អោយ​ខាន​តែ​បាន​។

 

​លោក​សង្កត់ធ្ងន់​ថា ព្រះរាជ​បូជនីយកិច្ច និង​គុណូបការៈ​ដ៏​ធំធេង​ដែល ព្រះ​បរម​រតន​កោដ បាន​បន្សល់​ទុក​អោយ​កម្ពុជា គឺ​លោក​ប្តេជ្ញា​បន្ត​នូវ​មរតក​ជាតិ​ដ៏​ឧត្តុង្គឧត្តម​នេះ ដើម្ប​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេ​ស​ស្រប​​តាម​ព្រះរាជតម្រិះ​របស់​ព្រះ​បរម​រតន​កោដ ដើម្បី​ធ្វើអោយ​កម្ពុជា​ទាំងមូល​រីកលូតលាស់​ខ្លាំង​ឡើង​។​

 

​ក្នុងឱកាស​ដែល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦២ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សារ​ខ្លី​មួយ ដោយ​អំពាវនាវ​ដល់​​អ្នក​យោ​បាយ​ខ្មែរ ឲ្យ​ឯករាជ្យ​ពី​បរទេស ។​

 

​បើ​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុក​របស់ លោក​កឹម សុខា បាន​លើកឡើង​ថា លោក​អបអរសាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ (​ថ្ងៃទី​៩​វិច្ឆិកា​១៩៥៣-​ថ្ងៃទី​៩​វិច្ឆិកា​២០១៥)​។ ហើយ​លោក​សូម​អំពាវ​នាវ​​ដល់​អ្នក​នយោបាយ​ខ្មែរ​ឯករាជ្យ​ពី​បរទេស និង​ធានាឲ្យបាន​នូវ​អធិបតេយ្យ​ពេញលេញ​។​

 

បន្ថែមលើនេះ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​នៅ​តាម​រយៈ​ទំព័រ​ហ្វ៊េ​សប៊ុក ដោយ​អបអរសាទរ ខួប​លើក​ទី​៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ ដោយ​លើកឡើង​ថា “​ថ្ងៃ​ឯករាជ្យ​ជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ទង់​ជាតិខ្មែរ​ត្រូវបាន​បង្ហូត​ឡើង កិត្យានុភាព​ជាតិ សន្តិភាព អភិវឌ្ឍ​ជាតិ ចាប់ផ្ដើម​ឡើង ហើយ​នៅក្នុង​ទសវត្សរ៍​៥០-៦០ ប្រជាពលរដ្ឋ​រស់នៅ​ដោយ សុខសន្តិភាព សុភមង្គល សុខ​ដុម​រម​នា ថ្លៃថ្នូរ សីលធម៌​ខ្ពស់ ល្បី​រន្ទឺ ក្នុង​ជម្ពូទ្វីប (​អាស៊ីអាគ្នេយ៍​) រហូតដល់ទសវត្សរ៍ ៧០​។

 

​បើ​តាម​លោក​យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹង​ទៀតថា ថ្ងៃ​ឯករាជ្យ​ជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ដែល​ខ្មែរ​គ្រប់រូប​ចងចាំ និង​នឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង របស់ ព្រះ​មហា​វី​រក្ស​ត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដែល​ពិតជា​បាន​បំពេញ និង​ដឹកនាំ ប្រកប​ដោយ​ព្រះ​បញ្ញាញាណ​វៀងវៃ​។ លើស​ពី​នោះ​យើង​នៅ​ចាំបាន​ថា ការរៀបចំ​រដ្ឋធម្មនុញ្ញ​លើ​កដំបូង ឆ្នាំ​១៩​៤៧​ ការទាមទារ​ខេត្ត​មួយចំនួន​ពី​សៀម​មកវិញ ការទាមទារ​ឯករាជ្យ​ពី​បារាំង ៩ វិច្ឆិកា ១៩៥៣ ការទាមទារ​ប្រាសាទ​ព្រះវិហារ ពី​សៀម នៅ​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ជាដើម​។​

 

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សង្កត់ធ្ងន់ថា យើង​រួម​គ្នា​លើក​កិត្យានុភាព​ជាតិ ថែរក្សា​សន្តិភាព អភិវឌ្ឍ​ជាតិ យុត្តិធម៌​សង្គម សីលធម៌​សង្គម ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជាតិ​យើង​។​

 

​គួរ​បញ្ជាក់ដែរថា ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ឆ្នាំ​នេះ ក៏​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​បរិបទ​ដែល អតីតព្រះមហាក្សត្រ សម្តេច​ឳ​នរោត្តម សីហនុ ដែល​ជា​តួអង្គ​អ្នក​ទាមទារ​ឯករាជ្យ និង​ជា​និមិត្តរូប​នៃ​ការផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​ព្រះអង្គ​គ្មាន​វត្តមាន​នៅលើ​លោក​នេះ​ទៀត​ឡើយ​។​

 

​ព្រះបាទ​នរោត្តម សីហនុ ព្រះអង្គ ត្រូវបាន​មហាអំណាច​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ នៅ​ខែ​មេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​មុនី​វង្ស ដែល​ចូល​ទិវង្គត​។ នៅពេលនោះ ព្រះបាទ​ព្រះ​​នរោត្តម សីហនុ ទើប​នឹង​ព្រះជន្ម​តែ ១៨​ព្រះវស្សា​តែប៉ុណ្ណោះ​។​

 

​ការ​ដែល​បារាំង​ជ្រើសរើស​ព្រះបាទ​នរោត្តម សីហនុ ឲ្យ​ឡើង​សោយរាជ្យ ដោយ​រំលង​ព្រះ​បិតា​របស់​ព្រះអង្គ គឺ​ដោយសារតែ​បារាំង​គិតថា ព្រះអង្គ ជា​ព្រះអង្គម្ចាស់​វ័យក្មេង វក់ចិត្ត​តែ​នឹង​សិល្បៈ​ចម្រៀង ភាពយន្ត មិនសូវ​រវីរវល់​នឹង​រឿង​នយោបាយ ខ្វះ​បទពិសោធន៍ ងាយស្រួល​ក្នុង​ការបង្គាប់បញ្ជា​។​

 

​ប៉ុន្តែ​ការគិត​របស់​បារាំង គឺ​ពិតជា​យល់​ខុស ហើយ​ប្រាកដ​ជា​ខកចិត្ត​មិន​តិច​ទេ ពីព្រោះថា ព្រះអង្គម្ចាស់​វ័យក្មេង​អង្គ​នេះហើយ ដែល​ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​បារាំង រហូត​បាន​សម្រេច​នៅ​ឆ្នាំ​១៩៥៣៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត