មនុស្ស​ច្រើន​កុះករ​​គាំទ្រ​​វត្តមាន​​អ្នកស្រី​​អង់សា​ន ស៊ូ​ជី​​នៅ​ស្ថានីយ​បោះឆ្នោត​

08-11-2015 10:45 am 2117
អ្នកស្រីអង់សាន ស៊ូីជីពេលកំពុងធ្វើដំណើរទៅបោះឆ្នោត

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ទី​០៨​វិច្ឆិកា​នេះ​អ្នកស្រី​អង់ សាន​ស៊ូ​ជី​បាន​ធ្វើដំណើរ​ដល់​ស្ថានីយបោះឆ្នោត​ស្ថិតក្នុង​ទីក្រុង​រ៉ង់​ហ្គូ​នប្រទេស​មី​យ៉ាន់​ម៉ា ជាមួយ​ការ​តុបតែង​ខ្លួន​ប្លែក​ដែល​មនុស្ស​គ្រប់​គ្នា​ពុំ​សូវ​បាន​ឃើញ​។ នៅក្នុង​ការធ្វើ​ដំណើរ​ឆ្ពោះ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត អ្នកស្រី​អង់សា​ន ស៊ូជី​បាន​ពាក់អាវ​ពណ៌​ឈាមជ្រូក លំអរ​ស្នៀតសក់​លើ​ក្បាល និង​អម​ដោយ​អង្គរក្ស​ជួយ​សម្រួល​ផ្លូវ​ធ្វើដំណើរ​ដល់​អ្នក​ស្រី​ផង​នោះ អ្នកស្រី​អង់សា​ន ស៊ូ​ជី​មិន​បាន​បញ្ចេញ​ស្នាមញញឹម​ទេ​។ វត្តមាន​របស់​អ្នកស្រី​អង់សា​ន ​ស៊ូជី​នៅ​ស្ថានីយបោះឆ្នោត បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​យ៉ាងច្រើន​កកកុញ ដែល​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​ស្ថានីយ​បោះឆ្នោត ដោយ​ខ្លះ​កំពុង​រង់ចាំ​ចូលទៅ​បោះឆ្នោត បាន​ជូនពរ​អ្នកស្រី​អង់សា​ន ស៊ូ​ជី​ឲ្យទទួល​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​បែប​ប្រវត្តិសាស្ត្រ​។​

 

​គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​បែប​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នា​ឆ្នាំ​២០១៥​នេះ គឺ​មី​យ៉ាន់​ម៉ា​បាន​អញ្ជើញ​មនុស្ស​៣៣.៥​លាន​នាក់​អោយទៅ​ចូលរួម​បោះឆ្នោត​។ ដោយឡែក​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​​មាន​ចំនួន​៦០៣៨​នាក់ មក​ពី​ជាង​៩០​គណបក្ស​។ ការបោះឆ្នោត​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​បញ្ចប់​ការធ្វើ​យុទ្ធនាការ​បោះឆ្នោត​យ៉ាង​ស្វិត​ស្វាញ​ក្នុង​រយៈពេល​ពីរ​ខែ​។ បេក្ខជន​ដែល​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​​ការបោះឆ្នោត​នេះ ត្រូវបាន​គេ​សម្លឹង​ឃើញ​បេក្ខជន​មកពី​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី​អង់សា​ន ស៊ូ​ជី​។ ការ​បោះ​ឆ្នោត​​នេះ ជា​ការបោះឆ្នោត​ប្រកួតប្រជែង​ដោយ​ចំហ​ក្នុង​រយៈពេល​២៥​ឆ្នាំ បន្ទាប់​ពី​មី​យ៉ាន់​ម៉ា​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​យោធា អស់​ជាច្រើន​ទស្សវត្ស​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត