លោក​ហ៊ុន ម៉ា​នីនឹង​ចាត់វិធានការ​លើ​អ្នកចោទ​​លោក​ពាក់ព័ន្ធ​ការ​វាយ​តំណាងរាស្ត្រ​

07-11-2015 3:45 pm 6519

​នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ​លោក​ហ៊ុន ម៉ា​នី​បាន​ចេញ​លិខិត​បំភ្លឺ​ចំហ​មួយច្បាប់​ដែល​លោក​សរសេរថា គ្រាន់​តែ​តាមរយៈ​វត្ត​មាន​ដើម្បី​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ​មួយរូប ក្នុង​ចំណោម​តំណាងរាស្ត្រ​ជាច្រើន​រូប​ដែល​បាន​ចូលរួម​ទទួល​ញ្ញត្តិ​របស់​ក្រុមបាតុករ នៅមុខ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ នោះ លោក​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាង​អយុត្តិធម៌ និង​គ្មាន​មូលដ្ឋាន​ថា បាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នា​ពេល​ថ្ងៃ​ត្រង់ និង​នៅក្រោយពេល​ដែល​បាតុកម្ម​នៅ​វេលា​ព្រឹក​បាន​បញ្ចប់​ទៅ​ហើយ​។​

 

​លោក​បន្តថា មកដល់ពេលនេះ សម្រាប់​លោក​ផ្ទាល់​មិន​យល់​ថា​តើ​អ្វី​ដែល​ជា​ភស្តុតាង​ជា​ក់លាក់ និង​មាន​លក្ខណៈ​គតិយុត្តិ ដែល​អាច​ផ្សារភ្ជាប់​រូប​លោក​ទៅ​នឹង​អំពើ​ហិង្សា​នោះ​ឡើយ ក្រៅតែពី​តាមរយៈ​មធ្យោបាយ​មួយចំនួន​ដូចជា​៖ រូបថត​មួយចំនួន (​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​) ដែល​មាន​រូប​លោក​ធ្លាប់​បាន​ថត​ជាមួយ​បុគ្គល​នានា ដោយ​គ្មាន​ការរើសអើង​ក្នុងនាម​ជា​បុគ្គល​សាធារណៈ​មួយ​រូប នា​ពេល​ពី​មុនៗ​, និង​តាម​ការ​បន្ទរ​ជា​សំនួនវោហារ​បែប​ចោទប្រកាន់​របស់​ស្ថាប័ន​គាំទ្រ​តាម​បែប​នយោបាយ​, ក៏ដូចជា​តាមរយៈ​កិច្ចសម្ភាសន៍ និង​ការលើកឡើង​របស់​អ្នកនយោបាយ​មួយចំនួន ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តងទៀត​។​

 

​លោក​ហ៊ុន ម៉ា​នី​ចោទ​ជា​សំនួរ​ថា តើ​អ្វី​ដែល​គួរ​ចោទសួរ ថា​ជា​មូលហេតុ និង​គោលបំណង​ពិតប្រាកដ​នៃ​ការដាក់​ជា​គោលដៅ​ផ្សារ​ភ្ជាប់​រូប​លោក​ដូច្នេះ​? ការចោទប្រកាន់ និង​មតិ​លើកឡើង​ទាំង​អម្បាលម៉ាន​កន្លងមក គឺជា​ការអះអាង​បំផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត ដែល​ធ្វើឱ្យ​ប៉ះពាល់​ផ្ទាល់​ដល់​កិត្តិយស និង​កិត្តិ​ស័ព្ទ​របស់​លោក​ក្នុងនាម​ជា​បុគ្គល​សាធារណៈ​មួយ​រូប និង​បង្កើត​ជា​ផលវិបាក​តាម​ផ្លូវច្បាប់​។​

 

​លិខិត​បាន​បញ្ជាក់ថា លោក​គប្បី​ទទួលបាន​ការការពារ​ស្របច្បាប់​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ ក្នុងន័យនេះ ក្រុម​ការងារ​លោក​សម្រេច​ធ្វើ​ការពិគ្រោះ​យោបល់ ដើម្បី​ជ្រើសរើស​វិធានការ​សមស្រប​ណាមួយ ក្នុង​គោលដៅ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​លោក ដោយ​ទាមទារ​ជាដាច់ខាត​ឲ្យមាន​ការសុំទោស​ជា​សាធារណៈ​ពី​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ និង​ការអនុវត្ត​តាម​នីតិវិធី​ច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងនាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​មួយរូប ដែល​ស្អប់ខ្ពើម​អំពើ​រំលោភច្បាប់ និង​ចូលរួម​ការពារ​នីតិរដ្ឋ​នៅ​កម្ពុជា​៕ ដោយៈ គីម ចាន់​ចាវ​

ព័ត៌មានផ្សេងទៀត