​ប្រអប់ខ្មៅ​បង្ហាញថា​​យន្ដហោះ​​រុស្ស៊ី​​​​ធ្លាក់​នៅ​អេហ្ស៊ី​ប​​ដោយសារ​ការបំផ្ទុះ​គ្រាប់បែក

07-11-2015 2:56 pm 1331
ប្រអប់ខ្មៅ​យន្ដហោះ​រុស្ស៊ី​រកឃើញ​ក្រោយធ្លាក់​នៅអេហ្ស៊ីប

ក្រុម​អ្នក​ស៊ើបអង្កេត​អឺរ៉ុប​ដែល​វិភាគ​ទៅលើ​​ទិន្នន័យ​នៃ​ប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្ដហោះ​រុស្ស៊ី​ធ្លាក់​ក្នុង​ប្រទេស​អេ​ហ្ស៊ី​បបានឲ្យដឹងថា ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះ​មិនមែន​ជា​រឿង​គ្រោះថ្នាក់​ចៃដន្យ​នោះទេ​។​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយថា ប្រអប់​ខ្មៅ​ដែល​ថត​សំឡេង​របស់​យន្ដហោះ​បានបង្ហាញ​ថា មាន​សំឡេង​ផ្ទុះ​មួយ​កើតឡើង ហើយ​ប្រអប់​ខ្មៅ​មួយ​ទៀត​សម្រាប់​ថត​ទិន្នន័យ​បញ្ជាក់ថា ការផ្ទុះ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​។ ក្រៅពីនេះ​ក៏​គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​បញ្ហា​បច្ចេកទេស​ក្នុងអំឡុងពេល​ចេញដំណើ​រ​ដំបូង​ឡើយ​។ អ្វី​គ្រប់​យ៉ាង​គឺ​ល្អ​ប្រសើរ​ក្នុង​រយៈពេល​២៤​នាទី​ដំបូង ប៉ុន្ដែ​បន្ទាប់​មក​ក៏​ដាច់​ភ្លើង ហើយ​ដាច់​ការសន្ទនា​នៅក្នុង​កាប៊ីន​យន្ដហោះ​។ ក្រុម​អ្នក​ស៊ើបអង្កេត​ជឿជាក់ថា មាន​គ្រាប់បែក​នៅ​លើ​យន្ដហោះ​។ គួររម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​បាន​ធ្លាក់​ក្នុង​តំបន់​ស៊ី​ណៃនៃប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​៣១​តុលា បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅលើ​យន្ដហោះ​គឺ​២២៤​នាក់​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត