រុស្ស៊ី​ផ្អាក​​ការហោះហើរ​​ទៅ​អេ​ហ្ស៊ី​ប​​ចំ​ពេល​​សង្ស័យ​​ករណី​​ភេរវកម្ម​​កើត​លើ​​យន្ដហោះ​​ដែល​ធ្លាក់​

07-11-2015 10:43 am 1151
រូបភាពនៃ​បំណែកយន្ដហោះ​រុស្ស៊ី​ដែលធ្លាក់​កាលពីថ្ងៃទី​៣១តុលា

​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin​កាលពី​ថ្ងៃ​ទី​០៦​វិច្ឆិកា បាន​បញ្ជា​ឲ្យ​ជើងហោះហើ​រ​ទាំងអស់​របស់​រុស្ស៊ី​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវ​ផ្អាក​ជា​បន្ទាន់ បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​នៅក្នុង​តំបន់​ស៊ី​ណៃនៃប្រទេស​អេ​ហ្ស៊ី​បស​ម្លាប់​មនុស្ស​២២៤​នាក់ សង្ស័យ​ថា​អាច​បណ្ដាលមកពី​អំពើ​ភេរវកម្ម​។ ការប្រកាស​បញ្ជា​ឲ្យ​ផ្អាក​ការហោះហើរ​នេះ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​ជា​បន្ដ​ទៀត ខណៈ​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​កំពុងតែធ្វើការ ដើម្បី​រក​មូលហេតុ​នៃ​ការធ្លាក់​យន្ដហោះ​កាលពី​ថ្ងៃ​ទី​៣១​តុលា​។  


​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​Dmitry Peskov បាន​សង្កត់ធ្ងន់ថា ការសម្រេចចិត្ដ​ឲ្យ​ផ្អាក​ការហោះហើរ​ទៅ​អេ​ហ្ស៊ី​ប​នេះ មិនមែន​មានន័យ​ថា​រុស្ស៊ី​ជឿជាក់​ថា​មាន​អំពើ​ភេរវកម្ម​កើតឡើង បង្ក​ឲ្យ​យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​ធ្លាក់​សម្លាប់​មនុស្ស​ទាំង​២២៤​នាក់​ថ្មីៗ​នេះ​ទេ​។ រហូតមកដល់​ពេលនេះ មិនទាន់​មាន​ភស្ដុតាង​ណាមួយ​អាច​បញ្ជាក់​ពី​មូលហេតុ​បានឡើយ មាន​តែ​ក្រុម​មន្ដ្រី​ដែល​បើក​ការស៊ើបអង្កេត​ប៉ុណ្ណោះ ទើប​អាច​និយាយ​ពី​មូលហេតុ​បាន​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់លោក Peskov​។​


​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ដែល​ដកស្រង់​សម្ដី​មន្ដ្រី​រុស្ស៊ី​និយាយថា រហូតដល់​ពេល​ហេតុផល​ពិតប្រាកដ​នៅ​ពីក្រោយ​ការធ្លាក់​យន្ដហោះ​ត្រូវបាន​កំណត់​ជាមុនសិន ហេតុនេះ​វា​ជា​ការ​ត្រឹមត្រូវ​ដែល​ត្រូវ​ផ្អាក​ការហោះហើរ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ជាពិសេស​គឺ​យន្ដហោះ​ដឹក​ភ្ញៀវ​ទេសចរណ៍​តែម្ដង​។ មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី​បាន​បញ្ជាក់ទៀតថា ជើងហោះហើរ​ទាំងអស់​ហោះ​ពី​រុស្ស៊ី​ទៅ​អេ​ហ្ស៊ី​ប ត្រូវបាន​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​០៦​វិច្ឆិកា​រហូត​ដល់​អាជ្ញាធរ​ធានា​ថា​សុវត្ថិភាព​តាម​ជើង​អាកាស​បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត