UN៖​រៀងរាល់​៥​ថ្ងៃ​​​មាន​អ្នកកាសែត​​ស្លាប់​ម្នាក់​​ពេល​ចុះ​​បំពេញ​ភារកិច្ច​

07-11-2015 9:33 am 3139

​បើ​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​អង្គការសហប្រជាជាតិ គឺ​ក្នុង​មួយ​សប្ដាហ៍ៗ​មាន​អ្នកកាសែត​ម្នាក់​បាន​ស្លាប់ នៅ​ពេល​ពួកគេ​ចុះ​បំពេញភារកិច្ច​។​ការបង្ហាញ​តួលេខ​នេះ គឺ​នៅពេល​អង្គការសហ​ប្រជាជាតិ​​ប្រារព្ធ​ទិវា​អន្ដរជាតិ​លើក​ទី​ពីរ​ស្ដី​ពី​ការបញ្ចប់​និទណ្ឌភាព​ប្រឆាំង​អ្នកកាសែត កាលពី​ថ្ងៃ​ទី​០២​វិច្ឆិកា ដែល​ទិវា​អន្ដរជាតិ​បញ្ចប់​និទណ្ឌភាព​ប្រឆាំង​អ្នកកាសែត​នៅ​ឆ្នាំនេះ គឺ​ផ្ដោត​ទៅលើ​ការរីក​លូតលាស់​នៃ​អំពើ​ឃោ​ឃៅ​និង​ការគំរាមកំហែង​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ប្រជាធិបតេយ្យ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​។


​អ្នកកាសែត​ជាង​៧០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ ហើយ​ជា​រៀងរាល់​៥​ថ្ងៃ​មាន​អ្នកកាសែត​ស្លាប់​ម្នាក់ ដោយ​គ្រាន់តែ​ពួក​គេ​ចុះ​យក​ព័ត៌មាន​ពាំនាំ​ជា​ដំណឹង​ដល់​សាធារណជន​ប៉ុណ្ណោះ​។​មាន​អ្នកកាសែត​ជាច្រើន​នាក់​ផងដែរ បាន​ស្លាប់​ក្នុងពេល​ពួកគេ​ចុះ​ប្រមូល​ព័ត៌មាន​ដោយ​គ្មាន​ការភ័យខ្លាច​នៅពេល​មាន​ជម្លោះ​កើតឡើង​។ ប៉ុន្ដែ​មាន​អ្នកកាសែត​ជាច្រើន​នាក់​ផ្សេង​ទៀត​ត្រូវបាន​គេ​បំបិទ​មាត់ ដោយសារ​ចេតនា​ចង់​រាយការណ៍​ពី​ព័ត៌មាន​ពិត​។ នេះ​បើ​តាម​សារ​របស់​លោក​បាន គីមូន​អគ្គលេខាធិការ​អង្គកា​រ​សហប្រជាជាតិ ការបញ្ជាក់​ក្នុង​ទិវា​អន្ដរជាតិ​លើក​ទី​ពីរ​ស្ដីពី​ការបញ្ចប់​និទណ្ឌភាព​ប្រឆាំង​អ្នកកាសែត ។​


​យោងតាម​អង្គការសហប្រជាជាតិ មាន​២១​ភាគរយ​នៃ​ករណីនេះ បាន​កើតឡើង​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​និង​ការី​ប៊ីន​។ តំបន់​ទាំងនេះ​មាន​អ្នកកាសែត​១២៣​នាក់​បាន​ស្លាប់​ចន្លោះ​ពី​ឆ្នាំ​២០០៦​ដល់​២០១៣ ហើយ​មាន​តែ​១០,៥​ភាគរយ​ប៉ុណ្ណោះ​ត្រូវបាន​ដោះស្រាយ​។ កត្ដា​នេះ បាន​ធ្វើឲ្យ​តំបន់​ខាងលើ​ក្លាយជា​តំបន់​ទី​បី​ដែល​មាន​ការរាយការណ៍​ថា​មាន​ករណី​ឃាតកម្ម​កើតឡើង​ខ្ពស់​ជាង​គេ​ចំពោះ​អ្នកកាសែត បន្ទាប់​ពី​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង និង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត