លោក​ផៃ ស៊ីផា​ន បញ្ជាក់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​ទៅ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​

06-11-2015 5:48 pm 2881

​ថ្លែង​ក្នុង​កិច្ចប្រជុំ ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើកឡើង​ថា ចាប់ពី​ឆ្នាំ​២០១៦​តទៅ រាជរដ្ឋាភិបាល​នឹង​កាន់កាប់ ចាត់ចែង​គ្រប់គ្រង​ប្រាសាទអង្គរវត្ត​ទាំងមូល រួម​ទាំង​បុគ្គលិក និង​ការ​ចំណូល​ចំណាយ ដោយ​ខ្លួនឯង​។ សម្រាប់​ការគ្រប់គ្រង​នេះ រដ្ឋាភិបាល​នឹង​បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​។

 

​លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថាន​ការ​សង្គម បាន​បង្ហាញ​ការគាំទ្រ​តិចតួច ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល លើ​ការគ្រប់គ្រង​ប្រាសាទ​អង្គរ​នេះ​។ ទន្ទឹម​នឹង​ការគាំទ្រ​ដ៏​តិចតួច​នេះ លោក​អ៊ូ វីរៈ បាន​បង្ហាញ​ពី​ក្តីបារម្ភ ទៅលើ​សមត្ថភាព​របស់​រដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​។ លោក​ថា បើ​តាម​ការសង្កេត នា​ពេលកន្លងមក ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ​ភាគច្រើន ពោរពេញ​ដោយ​អំពើពុករលួយ​។​

សម្លេង​លោក​អ៊ូ វីរៈ​

 

​ការផ្លាស់ប្តូរ​ការគ្រប់គ្រង​លើ​ប្រា​ទ​សាទអង្គរ​នេះ បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ពិសេស អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង។ សាទរ​ដោយសារតែ​ពួក​គេ​យល់ឃើញ​ថា កន្លងមក​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ដោយ​ក្រុមហ៊ុន​ឯកជន បាន​ធ្វើឲ្យ​បាត់បង់​ចំណូលជាតិ​។​

 

​ម្យ៉ាងវិញទៀត ការសម្រេចចិត្ត​គ្រប់គ្រង​ប្រាសាទ​អង្គរ ដោយ​រដ្ឋាភិបាល​វិញ​នេះ ក៏ជា​ការឆ្លើយតប​ទៅនឹង ការទាមទារ​របស់​លោក​គី វណ្ណដា​រ៉ា តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ កាលពី​អំឡុង​ឆ្នាំ​២០១២ និង​ក្នុង​ឆ្នាំ​២០១៤ ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល យក​អង្គរវត្ត​មក​គ្រប់គ្រង ជំនួស​ក្រុមហ៊ុន​សុខ គង់​វិញ​។ សូម​ស្តាប់​ប្រសាសន៍​លោក​គី វណ្ណដារ៉ា អំឡុង​កិច្ចប្រជុំ​រដ្ឋសភា នៅ​ឆ្នាំ​២០១២ ក្នុងនាម​រូបលោក ជា​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី និង​ក្នុង​ឆ្នាំ​២០១៤ ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

សម្លេង​លោក​គី វណ្ណដា​រ៉ា​

 

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា មូលហេតុ​ដែល​នាំ ឲ្យ​រដ្ឋាភិបាល​សម្រេចចិត្ត ទៅ​គ្រប់គ្រង​រមណីយដ្ឋានអង្គរ ដោយ​ខ្លួនឯង​វិញ​នេះ ទី​១ ដោយសារ​តែ​មើល​ឃើញ​ពី​ការ​ថែ​រទាំ និង​សម្អាត ឧស្យា​ន​អង្គរ មាន​ភាពល្អប្រសើរ ទី​២ គឺ​ដើម្បី​បកស្រាយ ចំពោះ​ការចោទប្រកាន់ មកលើ​រដ្ឋាភិបាល នា​ពេល​កន្លងមក​ថា បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុនសុខ គង់ គ្រប់គ្រង​ប្រាសាទ​អង្គរ​រយៈពេល​៩៩​ឆ្នាំ និង​ទី​៣ រដ្ឋាភិបាល​មាន​លទ្ធិភាព​គ្រប់គ្រាន់ ក្នុង​ការគ្រប់គ្រង ខណៈ​ពេល​កន្លងមក​ពុំ​មាន​លទ្ធិភាព​។ សម្រាប់​ហេតុផល​ផ្សេងទៀត ត្រូវបាន​លោក​ផៃ ស៊ីផា​ន បញ្ជាក់ថា​៖

សម្លេង​លោក​ផៃ ស៊ីផា​ន​

 

​ដោយឡែក លោកស្រី ចៅ ស៊ុន​កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ថា ការប្តូរ​រដ្ឋាភិបាល​ម​ក​ជំនួស​ក្រុមហ៊ុន​សុខ គង់​នេះ មិន​ធ្វើឲ្យប៉ះពាល់​ដល់​ក្រុមហ៊ុន​ឡើយ​។ ជាមួយគ្នានេះ លោកស្រី​ក៏​បាន​បដិសេធ​ចំពោះ​ការលើកឡើង​ថា រដ្ឋាភិបាល បាន​ផ្តល់​កុងត្រា​គ្រប់គ្រង​អង្គរវត្ត ឲ្យ​ក្រុមហ៊ុនសុខ គង់ រយៈពេល​៩៩​ឆ្នាំ និង​បដិសេធ​ចំពោះ​ព័ត៌មាន នៃ​ការបាត់បង់​ចូល​ថវិកា​ជាតិ​ផង​ដែរ​។​

សម្លេង​លោកស្រី​ចៅ ស៊ុន​កិរិយា​​​​

 

​សូមបញ្ជាក់​ថា បើតាម​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​ឲ្យដឹងថា​ក្នុងរយៈពេល​១០​ខែ​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១,៦៧៧,៣៥២​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​អាច​នាំ​ចំណូល​ជូន​ជាតិ​បាន​ចំនួន ៤៧,៦៨១,០៨០​ដុល្លារ កើនឡើង​ប្រហែល​០,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤៕

 


ព័ត៌មានផ្សេងទៀត