តើ​លោក​ពូ​ទីន​​កំពុង​តែ​ចង់​​ធ្វើ​អ្វី​​​ក្នុង​តំបន់​​មជ្ឈិមបូព៌ា​?

06-11-2015 4:14 pm 3634

​ពាក់ព័ន្ធ​នឹង​តំបន់​មជ្ឈិមបូព៌ា​កន្លងមក មានតែ​អាមេរិក​ទេ​ដែល​បង្ហាញ​អំណាច​របស់​ខ្លួន​ខ្លាំង​នៅក្នុង​តំបន់​ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​។ ដោយឡែក​ចំពោះ​រុស្ស៊ី​វិញ​ហាក់​មិន​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីនោះ​ឡើយ ប៉ុន្ដែ​រុស្ស៊ី​ក៏​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការលក់​អាវុធ​ដល់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែរ​។


​តែ​មួយ​រយៈពេល​ចុងក្រោយ​នេះ រុស្ស៊ី​បាន​នឹង​កំពុង​ប្រជែង​ជាមួយ​អាមេរិក​ធ្វើ​យុទ្ធនាការ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​គឺ​នៅក្នុង​ប្រទេស​ស៊ី​រី​។ រុស្ស៊ី​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង កងទ័ព និង​សម្ភារៈ​សឹង​ផងដែរ​ទៅ​ប្រទេស​ស៊ីរី ដោយ​ប្រកាស​ថា​ដើម្បី​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ ជាក់ស្ដែង​រុស្ស៊ី​ក៏​បាន​ចាប់ផ្ដើម​បើក​ការវាយប្រហារ​តាម​ជើង​អាកាស​ក្នុង​ប្រទេស​ស៊ី​រី តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា​មក​ម្លេះ ហើយ​បាន​ផ្ដល់​ព័ត៌មាន​ថា បាន​កម្ទេច​ទីតាំង​ជាច្រើន​កន្លែង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម និង​បាន​សម្លាប់​ក្រុម​នេះ​ជាច្រើន​នាក់​ផងដែរ​។​


​ទង្វើ​របស់​រុស្ស៊ី​នៅ​តំបន់​មជ្ឈិមបូព៌ា​ជាពិសេស​ក្នុង​ប្រទេស​ស៊ី​រី កំពុង​ត្រូវ​អាមេរិក​ជា​គូប្រជែង​រិះគន់ថា រុស្ស៊ី​ចង់​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ ដែល​អាមេរិក​ចោទថា ព្រោះ​តែ​លោក​អាសាដ​ទើប​ស៊ី​រី​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជាង​បួន​ឆ្នាំ​។ អាមេរិក​ថា​រុស្ស៊ី​អះអាង​ថា​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម តែ​ធាតុពិត​ចង់​កម្ទេច​ក្រុមប្រឆាំង​លោក​អាសាដ​ទៅវិញ​ទេ​។​គេ​ក៏​កំពុងតែ​ឆ្ងល់​ថា តើ​ពេល​នេះ​មេដឹកនាំ​រុស្ស៊ី​លោកពូ​ទីន​កំពុង​តែ​ចង់​ធ្វើ​អ្វី​នៅ​តំបន់​មជ្ឈិម​បូព៌ា​?


​ប៉ុន្ដែ​បើ​តាម​ការសង្កេត បច្ចុប្បន្ន​រដ្ឋាភិបាលរ​បស់​លោកពូ​ទីន បាន​នឹង​កំពុង​ផ្លាស់ប្ដូរ​គោលនយោបាយ​ឆ្ពោះទៅ​តំបន់​មជ្ឈិម​បូព៌ា ខណៈ​អាមេរិក​កំពុងតែ​ថម​ថយអំណាច​ក្នុង​តំបន់​នេះ​។ ផែនការ​នេះ បាន​ជួយ​រុស្ស៊ី​យ៉ាងច្រើន​ជាមួយ​ដៃគូ​មួយចំនួន​មាន​អ៊ីរ៉ាក់ អា​រ៉ាប៊ីសាអូឌីត អារ៉ាប់​រួម ហ្ស៊កដានី អេ​ហ្ស៊ី​បជា​ដើម​។ នៅ​ចុងឆ្នាំ​២០១៥​នេះ មហាក្សត្រ​មក​ពី​រដ្ឋ​អារ៉ាប់​និកាយ​ស៊ុន​នី​ចំនួន​៦​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ម៉ូស្គូ ហើយ​នឹង​ជួប​ជាមួយ​លោក​ពូ​ទីន​ផងដែរ​។ នៅក្នុង​ជំនួប​ជាមួយ​លោកពូ​ទីន ច្បាស់​ណាស់​ថា​នឹង​មាន​កិច្ចការ​សំខាន់ៗ​ជាច្រើន​ត្រូវ​ពិភាក្សា​។


​ហេតុនេះ ខណៈ​ដែល​អាមេរិក​បាន​នឹង​កំពុង​ដកខ្លួន​ពី​តំបន់​មជ្ឈិម​បូព៌ា រុស្ស៊ី​បាន​ព្យាយាម​ដាក់ខ្លួន​ឲ្យក្លាយ​ជាតួ​អង្គ​សំខាន់​វិញ​ម្ដង​។ ក្រុម​អ្នក​រិះគន់​លោកពូ​ទីន​ដែល​រិះគន់​ថា​លោកពូ​ទីន​បាន​នឹង​កំពុង​សាង​​កំហុស ដែល​ហ៊ាន​លូកដៃ​ចូល​ក្នុង​ស្ថានការណ៍​នៅ​ប្រទេស​ស៊ី​រី អាច​ជា​ការរិះគន់​ត្រឹមត្រូវ​។ ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ រុស្ស៊ី​ក៏​ទំនង​នឹង​អាច​ទទួល​ជោគជ័យ​បានដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត