កូរ៉េខាងជើង​​អំពាវនាវ​ឲ្យ​​​​ជប៉ុន​​ដោះស្រាយ​​​បញ្ហា​​ទាសករ​​​ផ្លូវភេទ​

06-11-2015 2:41 pm 1013
រូបភាព​ស្ដ្រីរងគ្រោះ​​ត្រូវ​ជប៉ុន​ចាប់យក​ទៅធ្វើ​​ទាសករ​ផ្លូវភេទ

​ធ្លាប់​តែ​កូរ៉េ​ខាងត្បូង​នឹង​ចិន​ដែល​ចេញ​មុខ​និយាយ​ចំៗ​ដាក់​ជប៉ុន ហើយ​សុំ​ឲ្យ​ជប៉ុន​ត្រូវ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុងឆ្គង​ទាំង​មុននិ​ង​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​ពីរ នៅពេល​ដែល​ជប៉ុន​ដាក់​អាណានិគម​លើ​ប្រទេស​ទាំង​ពីរ​។ ជាពិសេស​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាសករ​ផ្លូវភេទ ដែល​ជប៉ុន​បាន​ធ្វើ​លើ​ស្ដ្រី​ជនជាតិ​ចិន​និង​កូរ៉េខាងត្បូង​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​០៦​វិច្ឆិកា​នេះ កូរ៉េ​ខាងជើង​ក៏​បាន​ប្រកាស​ឲ្យ​ជប៉ុន​ត្រូវតែ​ចេញ​មុខ​ទទួលខុសត្រូវ​រឿង​ទាសករ​ផ្លូវភេទ ដែល​ជប៉ុន​បាន​ធ្វើ​លើ​ជនជាតិ​កូរ៉េ​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​ដូចគ្នា​។​


​កូរ៉េ​ខាងជើង​បាន​អះអាងថា ជនរងគ្រោះ​ក៏​មាន​នៅក្នុង​ទឹកដី​កូរ៉េខាងជើង​ដែរ​។ ការអំពាវនាវ​របស់​កូរ៉េខាងជើង​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​ព្រមព្រៀង​ជាមួយ​គ្នា​ថា​នឹង​ជំរុញ​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែងស​ម្រាប់ការ​ដោះស្រាយ​បញ្ហា​ទាសករ​ផ្លូវភេទ​ជំហាន​ដំបូង នៅក្នុង​កិច្ចប្រជុំ​ដែល​មេដឹកនាំ​ទាំង​ពីរ​ជួបគ្នា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​។​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​សារព័ត៌មាន​កូរ៉េ​ខាងជើង​បាន​និយាយថា ជប៉ុន​គួរតែ​ចេញមុខ​សារភាព​និង​បង្ហាញ​ការទទួលខុសត្រូវ​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​ធ្វើឡើង​ពេល​ខ្លួន​ដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩១០-១៩៤៥​។ បញ្ហា​នេះ មិនមែន​ជប៉ុន​ធ្វើ​តែ​លើ​កូរ៉េខាងត្បូង​ទេ ប៉ុន្ដែ​ក៏​មាន​នៅ​កូរ៉េខាងជើង​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត