ចិន​ស្ដីបន្ទោស​​ការធ្វើដំណើ​រ​រ​បស់​លោក​​Carter​ទៅ​​សមុទ្រ​ចិន​​ខាងត្បូង​​ដោយ​គ្មាន​ការអនុញ្ញាត​​

06-11-2015 11:31 am 1383
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក​ស្រី​Hua Chunyin

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក ត្រូវគោរព​ភាពស្មោះត្រង់​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក​ស្រី​Hua Chunying​ធ្លាប់​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា អាមេរិក​ត្រូវតែ​គោរព​តាម​ច្បាប់​អន្តរជាតិ​ក្នុង​ការធ្វើ​នាវាចរ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោកស្រី​Hua Chunying​បាន​ឆ្លើយតប​ទៅនឹង​ការធ្វើ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Ash Carter's ទៅ​ស​មុទ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​០៥​ខែវិច្ឆិកា​ថា គ្មាន​ការអនុញាត​ត្រឹមត្រូវ ហើយ​ការធ្វើ​ទស្សនកិច្ច​របស់​លោក Ash Carter's​ទៀតសោត គឺ​ធ្វើ​ដំណើរ​ដោយ​នាវា​របស់​អាមេរិក​ប្រភេទ​Theodore Roosevelt​។​​លោកស្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន ប្រឆាំង​ជា​ដាច់ខាត​ទៅនឹង​សកម្មភាព ដែល​បង្ក​គំរាមកំហែង ទៅដល់​ផលប្រយោជន៍​អធិបតេយ្យភាព​និង​សន្តិសុខ​នៅក្នុង​សមុទ្រ​ខាងត្បូង​។ បន្ថែម​លើ​នេះ ចិន​ជំទាស់​នឹង​សកម្មភាព​ណា​ដែល​ស្វែងរក​យោធា មក​ដោះស្រាយ​បញ្ហា​។​


​ផ្ទុយទៅវិញ ចិន​មិនដែល​ប្រឆាំងនឹង​សកម្មភាព​ស្របច្បាប់​អន្តរជាតិ​ឡើយ ជាពិសេស​នៅក្នុង​ដែនទឹក​អន្តរជាតិ​។ ប្រទេស​ចិន គោរព​សិទ្ធិ​សេរីភាព និង​ការពារ​សុវត្ថិភាព​របស់​ប្រទេស​ដទៃ ក្នុង​ការហោះហើរ​ក្រោម​ច្បាប់​អន្តរជាតិ​។ ដូច្នេះ លោកស្រី​Hua Chunying​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​គួរតែ​បើក​ចំហ​និង​តម្លាភាព ស្ដីពី​ការបញ្ជូន​នាវាចម្បាំង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​។ បើសិន​អាមេរិក​សុំ​អនុញ្ញាត ក្នុងការ​ធ្វើ​នាវាចរ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​គ្មាន​បញ្ហា​នោះទេ​។ លោកស្រី​Hua Chunying​បញ្ជាក់ទៀតថា កាលពី​សប្ដាហ៍​មុន នាវាចម្បាំង​អាមេរិក​ប្រភេទ​USS Lassen បាន​ចូល​ទៅក្នុង​ដែនទឹក​នៅក្បែរ​ថ្ម​ប៉ប្រះ​ទឹក​Zhubi ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​Nansha របស់​ប្រទេស​ចិន​ស្ថិត ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រទេស​ចិន​បន្តិច​សោះ​។ ទង្វើ​បែប​នេះ​គឺ​ប្រមាថ​រដ្ឋាភិបាល​ចិន​និង​អ្នកដឹកនាំ​យោធា​ទាំងស្រុង​ហើយ​។​


​គួររម្លឹកថា កន្លង​មក​សហរដ្ឋអាមេរិក​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ការធ្វើ​នាវាចរ​របស់​ខ្លូន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​ស្រប​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង​។ ក្នុង​សមុទ្រ​ចិន​ខាងត្បូង អាមេរិក​មាន​សិទ្ធិ​សេរីភាព ក្នុងការ​ធ្វើ​នាវាចរ ដោយ​គ្មាន​សុំ​ការអនុញ្ញាត​ពី​ភាគី​ណាមួយ​ឡើយ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត