លោកស្រី​​អ៊ុង​សាន ស៊ូ​ជី​​ថា​​នឹង​គ្រប់គ្រង​​រដ្ឋាភិបាល​​បើគ​ណ​បក្ស​​លោកស្រី​​ឈ្នះឆ្នោត​

05-11-2015 4:07 pm 1179
លោកស្រី​អ៊ុងសាន ស៊ូជី​ពេលធ្វើ​សន្និសីទ​កាសែត

​មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​បាន​ប្ដេជ្ញា​នៅ​ថ្ងៃទី​០៥​វិច្ឆិកា​នេះ​ថា លោក​ស្រី​នឹង​គ្រប់គ្រង​រដ្ឋាភិបាល​ប្រសិនបើ​គណបក្ស​លោក​ស្រី​ឈ្នះ​ការបោះឆ្នោត ទោះបី លោក​ស្រី​ត្រូវ​ហាម​មិនឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ក៏​ដោយ​។ ការបោះ​ឆ្នោត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​០៨​វិច្ឆិកា​នេះ​ហើយ ហើយក៏​ជា​ការបោះឆ្នោត​ជា​សាកល​លើកដំបូង បន្ទាប់ពី​ត្រូវ​របប​យោធា​ក្ដាប់​អំណាច​អស់​ជាច្រើន​ទសវត្ស​។


​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន លោកស្រី​មេ​បក្ស​ប្រឆាំង​មី​យ៉ាន់​រូបនេះ​បានឲ្យដឹងថា “​ខ្ញុំ​នឹង​គ្រប់គ្រង​រដ្ឋាភិបាល ហើយ​យើង​នឹង​មាន​ប្រធានាធិបតី​ដែល​ធ្វើ​ការអនុលោម​ជាមួយ​គោលនយោបាយ​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​” លោកស្រី​បាន​បញ្ជាក់​ដល់​អ្នកសារព័ត៌មាន​ទៀតថា មិន​ត្រូវ​បំផ្លើស​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ឡើយ​។ និយាយ​បែប​នេះ គឺ​នៅ​ពេល​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​សួរ​ទាក់ទង​នឹង​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​រស់នៅ​ភាគ​ខាងលិច​ប្រទេស និង​កំពុង​ត្រូវ​រង​ការរំលោភបំពាន​។​


​លោកស្រី​បន្ថែមថា ប្រទេស​មី​យ៉ាន់​ម៉ា​ទាំងមូល​ធ្លាប់មាន​បទពិសោធន៍​ទាក់ទង​នឹង​ស្ថានភាព​ដ៏​គួរឲ្យខ្លោច​ផ្សារ​នេះ មិនមែន​តែ​ក្នុង​រដ្ឋ​រ៉ា​ក​ឃី​ន​នៅ​ភាគ​ខាងលិច​ប្រទេស​ប៉ុណ្ណោះ​ទេ​។​ដោយឡែក​ចំពោះ​ការរិះគន់​របស់​ក្រុម​សកម្មជន​ពុទ្ធសាសនិក ដែល​ចោទប្រកាន់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ថា មិន​គាំទ្រ​ដល់​សេចក្ដីព្រាង​ច្បាប់​ប្រឆាំង​នឹង​ក្រុម​ម៉ូ​ស្លីម លោកស្រី​អ៊ុង សាន​ស៊ូ​ជី​ថា​នេះ​ជា​រឿង​មួយ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទេ​។  


​សូមបញ្ជាក់​ថា លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ដែល​មាន​វ័យ​៧០​ឆ្នាំ គឺជា​អ្នកនយោបាយ​មួយរូប​ដែល​ស្ថិត​ក្នុង​លំដាប់​កំពូល​របស់​មី​យ៉ាន់​ម៉ា បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​ក្នុង​ការស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​ដែល​ប្រទេស​មួយ​នេះ​ធ្លាប់​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​របប​យោធា​ជាច្រើន​ឆ្នាំ​។ គណបក្ស​លោក​ស្រី​ក៏​ត្រូវ​គេ​រំពឹងថា​នឹង​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ផង​ដែរ សម្រាប់​ការបោះឆ្នោត​ជា​សាកល​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​នេះ​៕​​ដោយ​៖​ពេញ ផេង​
 

ព័ត៌មានផ្សេងទៀត