អាមេរិក​៖​​រុស្ស៊ី​​មិន​ប្រើ​​ទ័ព​​ប្រយុទ្ធ​នៅលើ​ដី​ទេ​​តែ​ទ័ព​​កើនឡើង​​៤០០០​នាក់​​ក្នុង​​ប្រទេស​ស៊ី​រី?​

05-11-2015 3:40 pm 980
សមាជិកបុគ្គលិករុស្ស៊ីកំពុងបំពាក់អាវុធលើយន្តហោះចម្បាំងស្ថិតក្នុងប្រទេសស៊ីរី

​ទីក្រុង​មូ​ស្គូ​បាន​រក្សា​វត្តមាន​យោធា​ក្នុង​ប្រទេស​ស៊ី​រី​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​។ តាម​ការសន្និដ្ឋាន វត្តមាន​ទ័ព​រុស្ស៊ី​ក្នុងប្រទេស​ស៊ី​រី មុន​បើក​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​សកម្ម​ប្រ​យុទ្ធ​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា មាន​​ប្រហែលចំនួន​២០០០​នាក់ តែ​ឥឡូវ​បាន​កើនឡើង​ដល់​៤០០០​នាក់​ហើយ​។ កងទ័ព​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​មាន​ការកើនឡើង​ទ្វេរ​ដង​យ៉ាង​ដូច្នេះ អាមេរិក​ជឿ​ង​ថា មូលដ្ឋាន​យោ​ធា​ក៏​មាន​ការកើនឡើង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​សន្តិសុខ​និង​អ្នកជំនាញ​ឯករាជ្យ​អាមេរិក​។​

 

​បើ​តាម​អាមេរិក​ថា​ក៏​មាន​ផង​ដែរ​ទ័ព​រុស្ស៊ី​ដែល​រង​របួស​និង​ស្លាប់​បាត់បង​ជីវិត ក្នុង​ការប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី ប៉ុន្តែ​គេ​មិនដឹង​ចំនួន​ជាក់លាក់​ប៉ុន្មាន​ទេ​។ អាមេរិក​បាន​តាមដាន​យ៉ាង​ម៉ត់ចត់​រាល់​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ស៊ី​រី​។ អាមេរិក​មាន​ប្រព័ន្ធ​ស៊ើបការណ៍​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់ ជាមួយនឹង​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប ប្រព័ន្ធ​ត្រួតពិនិត្យ​អេឡិចត្រូនិច និង​ការផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​ក្រុម​និយម​កណ្តាល​Sunni និង​ក្រុម​ឧទ្ទាម​Kurdish​នៅក្នុង​ប្រទេស​ស៊ី​រី​។​

 

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី បាន​បដិសេធ​អត្ថាធិប្បាយ​ពី​ទំហំ​ទ័ព​ពិតប្រាកដ​ក្នុង​ប្រទេស​ស៊ី​រី​និង​បដិសេធ​បរិយាយ ចំពោះ​ការលើកឡើង​ថា​មាន​ទ័ព​ខ្លួន​រង​របួស​និង​ស្លាប់ ដោយសារ​ការប្រយុទ្ធ​ក្នុង​ប្រ​ទេស​​ស៊ី​រី ហើយ​បាន​បង្វែរ​សំនួរ​នេះ ទៅ​កាន់​ក្រសួង​ការពា​រជាតិ​រុស្ស៊ី​វិញ ដែល​មិន​អាច​ផ្តល់​ចម្លើយ​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ដដែល​។ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​បានឲ្យដឹងថា អ្នកស្លាប់​មាន​ពិតមែន​តែ​ជា​អ្នក​ផ្តល់​សេវាកម្ម ដែល​រូបគេ​បាន​ធ្វើ​អត្ថ​ឃាត​ខ្លួនឯង​។ យ៉ាងណា​ក៏​ដោយ​វិមាន Kremlin បាន​និយាយថា រុស្ស៊ី​មិន​មាន​កងទ័ព​ដើរតួនាទី​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ី​រី​ទេ គឺមាន​តែ​ទ័ព​ដែល​ជា​គ្រូ​បណ្តុះបណ្តាល និង​ទីប្រឹក្សា​ធ្វើការ​ជាមួយ​ទាហាន​ស៊ី​រី និង​កងទ័ព​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​។

 

​បច្ចុប្បន្ន​រុស្ស៊ី​បាន​អនុវត្ត​តែ​ទៅលើ​ការវាយប្រហារ​តាម​អាកាស​ប៉ុណ្ណោះ ដោយ​កំណត់​លើ​គោលដៅ​ចំនួន​៤​ធំៗ​ក្នុង​ប្រទេស​ស៊ី​រី ហើយ​មូលដ្ឋាន​ទ័ពអាកាស​ធំ​របស់​រុស្ស៊ី ស្ថិតនៅ​ឯ​ព្រលានយន្តហោះ​អន្ត​រជាតិ​​របស់​ប្រធានាធិបតី​បា​សា អាល​អាសាត​ក្នុង​ក្រុង​កំពង់ផែ​Latakia​។ យន្តហោះ​ចម្បាំង​របស់​រុស្សី​គឺ​ហោះ​ចេញពី​ទីនោះ ដើម្បី​វាយប្រហារ​តាម​អាកាស អម​ការវាយប្រហា​រលើ​ដី​របស់​ទាហាន​ស៊ី​រី​និង​កងជីវពល​បរទេស​Shiite​។ នៅ​ថ្ងៃ​ទី​០៥​វិច្ឆិកា​នេះ​រុស្ស៊ី​បានឲ្យ​ដឹង​បន្ថែម​ថា ខ្លួន​បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ទៅកាន់​ប្រទេស​ស៊ី​រី​ផងដែរ ក្នុង​គោលបំណង​ការពារ​កម្លាំងយោធា​របស់​ខ្លួន​ដែល​មាន​វត្តមាន​នៅ​ទីនោះ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត