មូលហេតុ​ធ្លាក់​យន្តហោះ​​រុស្ស៊ី​​នៅអេ​ហ្ស៊ី​ប​ទំ​នង​​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​​

05-11-2015 11:49 am 1073

បើ​តាម​ការ​ស៊ើបការណ៍​សម្ងាត់​បាន​បង្ហាញ​ថា យន្តហោះ​របស់​រុស្ស៊ី​ដែល​បាន​ធ្លាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​សប្ដាហ៍​មុន​សម្លាប់​មនុស្ស​២២៤​នាក់​នោះ ទំនង​ធ្លាក់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាមេរិក និង​ចក្រភព​អង់គ្លេស​។ យ៉ាងណាក៏ដោយការ​សន្និដ្ឋាននេះ នៅមិនទាន់បញ្ជាក់​ផ្លូវការ​នៅឡើយ​ទេ​។ បើ​តាម​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​Philip Hammond​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា យើង​បាន​ធ្វើ​ការសន្និដ្ឋាន​រួចហើយ​ថា លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​បង្កឡើង​ដោយសារ​គ្រឿងផ្ទុះ​នៅលើ​យន្តហោះ​។


​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ អង់គ្លេស​ផ្អាក​ជើងហោះហើរ​ទៅ​មក​ពី​តំបន់​Sharm el-Sheikh ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ឧបទ្វីប​ស៊ីណៃ ប្រទេស​អេ​ហ្ស៊ី​ប​។ យ៉ាងណា​ក៏​ដោយ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​David Cameron​នឹង​បញ្ជូន​អ្នកជំនាញ​អាកាសចរ​ទៅ​តំបន់​Sharm el-Sheikh ដើម្បី​វាយតម្លៃ​ស្ថានភាព​សន្តិសុខ​នៅ​ទីនោះ​។ ជាមួយគ្នានេះ មន្ត្រី​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​Associated Press​ថា​សេចក្ដីសន្និដ្ឋានពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្តហោះ​របស់​រុស្ស៊ី​ខាងលើ​បង្ហាញ​ថា ការធ្លាក់​យន្តហោះ​របស់​រុស្ស៊ី​នេះ ដោយសារ​មាន​គ្រឿងផ្ទុះ​នៅក្នុង​យន្ដហោះ​។


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ជំនាញ​រុស្ស៊ី​បានបញ្ជាក់​ថា គឺ​វា​ដូចជា​លឿន​ពេក​ហើយ សម្រាប់​ការសន្និដ្ឋាន​ខាងលើនេះ​។ ដោយឡែក រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​បបាន​ច្រានចោល ចំពោះ​ការអះអាង​កន្លងមក​ថា​ការធ្លាក់​យន្តហោះ​រុស្ស៊ី ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​អ៊ីស្លាម​។ កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា ក្រុមមន្ត្រី​អេ​ហ្ស៊ី​បបាន​និយាយថា ខ្លួន​បាន​ថត​កាប៊ីន​យន្តហោះ​របស់​ក្រុមហ៊ុន​Airbus A321​របស់​រុស្ស៊ី​រួចហើយ ពី​ការខូចខាត​ធ្ងន់ធ្ងរ​។ រដ្ឋមន្ត្រី​អាកាសចរ​ស៊ីវិលអេ​ហ្ស៊ី​បលោក Mohamed Hossam Kamal នឹង​ទាញ​ទិដ្ឋ​ន័យ​ដែលថ​ត​បាន​នោះ យក​មក​វិភាគ​ឱ្យបាន​ច្បាស់​និង​ត្រឹមត្រូវ​។ រដ្ឋមន្ត្រី​អាកាសចរ​ស៊ីវិលអេ​ហ្ស៊ី​ប​ក៏​បាន​បន្ថែម​ដែរថា ក្រុម​ស៊ើបអង្កេត​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ធ្វើការ​វិភាគ​បន្ថែមទៀត​។​


​គួររម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ក្នុង​តំបន់​ស៊ីណៃ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៣១​តុលា​។ តំបន់​នេះ​ក៏​ជា​តំបន់​ជ្រួលច្រាល​ផងដែរ ដោយសារ​កំពុង​មាន​បញ្ហា​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​។ ក្រោយ​កើត​ហេតុការណ៍ ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ដែល​ជាប់ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត