ឆ្នាំ​២០១៥៖​​ជនភៀសខ្លួន​ខុសច្បាប់​​៨០​ម៉ឺន​នាក់​​ចូល​ទឹកដី​អឺរ៉ុប​​ដោយ​​គ្មាន​ការ​អនុញ្ញាត​​

04-11-2015 4:49 pm 922
ជនភៀសខ្លួនមកពីប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន​

បើ​តាម​ទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិ​បាន​និយាយ​នៅក្នុងផ្ដល់កិច្ច​សម្ភាស​ឱ្យកាសែត​អាល្លឺម៉ង់​នៅ​ថ្ងៃទី​០៤ វិច្ឆិកា​នេះ​ថា ជនភៀសខ្លួន​ខុសច្បាប់​ប្រមាណ​៨០​ម៉ឺន​នាក់ បាន​ចូល​ទឹកដី​អឺរ៉ុប​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​នៅ​​ឆ្នាំ​២០១៥​នេះ​។ ទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិ​នេះ បានប្រកាស​អំពាវនាវ​ឱ្យ​បណ្ដា​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​ឃុំខ្លួន​អ្នកស្វែងរក​សុំ​សិទ្ធិ​ជ្រកកោណ​មិន​ស្របច្បាប់ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​វិញ​។ បើ​មិន​ធ្វើ​ចឹង​នោះទេ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​ទឹកដី​អឺរ៉ុប​មិន​ខាន​។


​បន្ថែម​លើ​នេះ រដ្ឋ​សហភាព​អឺរ៉ុប​នឹង​ត្រូវតែ​តៀម​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​។ រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៥​នេះ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ប្រមាណ​៧១​ម៉ឺន​នាក់ បាន​សម្រុកចូល​ក្នុង​សហភាព​អឺរ៉ុប​។ ជនអន្តោប្រវេសន៍​មួយ​ភាគ​ធំ ទៅ​ប្រទេសក្រិក ឆ្លងកាត់​តាម​ប្រទេស​ហុងគ្រី​និង​ប្រទេសក្រូ​អាត​។ បើ​តាម​តួលេខ​ថ្មី​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន អង្គការ​សហប្រជាជាតិ​បានឱ្យដឹងថា ជនភៀសខ្លួន​ជាង​៧៤​ម៉ឺន​នាក់​បាន​គ្រោះថ្នាក់ ដោយសារ​ធ្វើដំណើរ​តាម​ទូក​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​។


​កាលពី​ថ្ងៃ​ទី​០៣​វិច្ឆិកា ជនភៀសខ្លួន​ប្រមាណ​៣០​នាក់​ប៉ុណ្ណោះ​បាន​ចាកចេញ​ពី​ទីក្រុង​អាថែន ប្រទេសក្រិក ទៅ​ប្រទេស​លុច​សំបួរ​ក្រោម​ផែនការ​របស់​សហភាព​អឺរ៉ុប​។ សមាជិក​សហភាព​អឺរ៉ុប​២៨​ប្រទេស កំពុង​រៀបចំ​ការបន្ធូរបន្ថយ​ជនអន្តោប្រវេសន៍​ពី​ប្រទេសក្រិ​ក​និង​ប្រទេស​អ៊ីតាលី​។ យ៉ាងណាក៏ដោយ ជនអន្តោប្រវេសន៍​១៦​ម៉ឺន​នាក់ នឹង​ផ្ទេរចេញ​ពី​ប្រទេសក្រិក និង​ប្រទេស​អ៊ីតាលី ក្រោម​ផែនការ​របស់​សហភាព​អឺរ៉ុប​។​


​គួរបញ្ជាក់​ថា វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប នៅតែ​ជា​បញ្ហា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​។ ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​កំពុង​ជាប់គាំង​នៅ​អឺរ៉ុប ភាគច្រើន​មក​ពី​ប្រទេស​អ៊ីរ៉ាក់ ស៊ី​រី អា​ហ្វ​ហ្គានី​ស្ថាន ។ គោលបំណង​សំខាន់​របស់​ជនភៀសខ្លួន​នេះ ដើម្បី​ស្វែងរក​ជីវិត​ថ្មី​និង​គេច​ពី​សង្គ្រាម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត