ថៃ​ចាប់ផ្ដើម​ស៊ើបអង្កេត​​លើ​មន្ដ្រី​​យោធា​​​រក​អ្នក​​ដែល​ប្រមាថ​​របបរាជានិយម​

04-11-2015 3:48 pm 896

​ប៉ូលិស​ថៃ​នៅ​ថ្ងៃ​ទី​០៤​វិ​ចិ្ឆ​កានេះ​បាន​និយាយថា ប៉ូលិស​កំពុង​តែ​ងាក​ទៅ​ផ្ដោតអារម្មណ៍​ចំពោះ​មន្ដ្រី​យោធា​ជាន់ខ្ពស់​វិញ​ម្ដង ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​រក​អ្នក​ប្រឆាំង​របប​រាជានិយម​។ ទាក់ទង​នឹង​ការស៊ើបអង្កេត​រក​អ្នក​ប្រឆាំង​រាជានិយម​ក្នុង​ប្រទេស​ថៃ គឺជា​ការស៊ើបអង្កេត​មួយ​ស្ថិតក្រោម​ច្បាប់​តឹងរឹង​បំផុត ហើយ​ប្រទេស​ថៃ​ក៏​ជា​ប្រទេស​ដែល​មាន​ច្បាប់​រាជានិយម​តឹងរឹង​បំផុត​ក្នុង​ពិភពលោក​ដែរ​។ រាល់​អ្នកណា​ដែល​ហាន​និយាយ​ប៉ះពាល់ ឬ​បរិហារកេរ្ដិ៍​ខ្សែ​រាជវង្ស​ក្នុង​ប្រទេស​ថៃ អ្នក​នោះ​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​។


​អ្នកនាំពាក្យ​ប៉ូលិស​ថៃ​បានឲ្យដឹងថា ប៉ូលិស​កំពុង​តែ​ស៊ើបអង្កេត​ពី​ការចោទប្រកាន់​ដែលថា មាន​ឧត្ដមសេនីយ៍​និង​វរសេនីយ៍ឯក​មួយចំនួន​បាន​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​របប​រាជានិយម​។ ប្រសិនបើ​មាន​ភស្ដុតាង​បញ្ជាក់​ច្បាស់លាស់ នោះ​ប៉ូលិស​នឹង​ចេញ​ដី​ការចាប់ខ្លួន​ពួកគេ​មក​ផ្ដន្ទាទោស​ភ្លាម​។ សូមបញ្ជាក់​ថា បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​មន្ដ្រី​យោធា​ចន្លោះ​ពី​៤០​ទៅ​៥០​នាក់​អាចពាក់ព័ន្ធ​នឹង​ការប្រឆាំង​របប​រាជានិយម​។


​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​ហើយ ដែល​បាន​រិះគន់​និង​និយាយ​បរិហារ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​។ ចាប់​តាំងពី​របប​យោធា​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំមុន មាន​មនុស្ស​ជាង​៥០​នាក់​ហើយ​ត្រូវ​បាន​ស៊ើបអង្កេត​ពី​ការប្រមាថ​ដល់​ព្រះមហាក្សត្រ​។ បន្ទាប់ពី​របប​យោធា​ចូល​កាន់​អំណាច​មក ប្រទេស​ថៃ​បាន​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​មែន ប៉ុន្ដែ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ថៃ​មិនទាន់​ស្ងប់ស្ងាត់​ឡើយ​។ ត្បិត​មាន​ការហាមឃាត់​មិន​ឲ្យ​ប្រមូលផ្ដុំ ប៉ុន្ដែ​មតិ​រិះគន់​បាន​កើតឡើង​ជា​បន្ដបន្ទាប់ ហើយ​ការនិយាយស្ដី​ដែល​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ក៏​កើត​មាន​ជា​បន្ដបន្ទាប់​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត