តាំងពី​​ឆ្នាំ​​១៩៤៩​មក​នេះជាលើក​ដំបូងហើយ​ដែល​មេដឹក​នាំ​​​ចិន​-​តៃវ៉ាន់​​​ប្រកាសថា​​​​នឹង​ជួប​គ្នា​​​

04-11-2015 1:34 pm 1350
ប្រធានាធីបតីចិន(ឆ្វេង)និងមេដឹកនាំតៃវ៉ាន់

​នេះ​គឺជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៤៩ ដែល​លោក​ប្រធានាធិបតី​ចិន​នឹង​ជួប​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ពិភាក្សា​ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។ កិច្ច​ជំនួប​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ចាង ជី​ជុន​(Zhang Zhijun) ជា​ប្រធាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​(Xi Jinping)​នឹង​ជួប​មេដឹកនាំ​តៃវ៉ាន់​លោក ម៉ា យី​ង​ចូ​(Ma Ying-jeou)​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី​០៧​វិច្ឆិកា​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រ​។​


​មេដឹកនាំ​ភាគី​ទាំង​ពីរ​មិន​បាន​ជួប​គ្នា​តាំងពី​លោក ចាង ខាយ សៀក​(Chiang Kai-shek)​ចាញ់​សង្គ្រាម​ជាមួយ​លោក ម៉ៅ សេទុង​(Mao Zedong)​ក្នុង​ទសវត្ស​ឆ្នាំ​១៩៤០ ហើយ​បាន​ដឹកនាំ​អ្នក​ជាតិនិយម​គេចខ្លួន​ទៅ​កោះ​តៃវ៉ាន់​ចម្ងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ​ពី​ចិន​។ សូម​បញ្ជាក់​ផង​ដែរ​ថា ចិន​និង​តៃវ៉ាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​២៣​ចំណុច ដែល​ផ្ដោត​ជា​សំខាន់​ទៅលើ​ការដឹកជញ្ជូន​និង​ការវិនិយោគ​។ កត្ដា​នេះ បាន​ធ្វើ​ឲ្យ​តៃ​វ៉ាន់ខិត​កាន់តែ​ជិត​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ចិន​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត