ម៉ាឡេស៊ី​​ជំរុញ​ឱ្យ​​អាស៊ាន​​ដោះស្រាយ​​ជម្លោះ​នៅ​​សមុទ្រ​ចិន​​ខាងត្បូង​​ជាមួយ​ចិន​-​អាមេរិក​​

04-11-2015 9:57 am 1096

ភាព​តាន​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​បញ្ហា​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេញ​។ ដោះស្រាយ​មិន​ចេញ ដោយសារ​តែ​ចិន​នៅតែ​អះអាងថា ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​កម្មសិទ្ធិ​ខ្លួន​។ តែ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៅ​តែ​ទាមទារ​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក​Hishammuddin Hussein​បាន​អំពាវនាវ​ដល់​សម​ភាគី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​រក្សា​សាមគ្គីភាព​ក្នុង​ការដោះស្រាយ​ជាមួយ​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។

 

ការ​អំពាវ​របស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​នៅពេលនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​(ADDM) កាលពី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា នៅ​ប្រទេស​ម៉ាឡេស៊ី​។ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​សង្កត់ធ្ងន់ថា កង្វល់​ខ្លាំង​បំផុត​គឺ​ស្ថេរភាព​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់ ដូច្នេះ​មានតែ​ភាគី​ចិន និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដើរ​តួនាទី​សំខាន់​ក្នុង​ការដោះស្រាយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឱ្យ​មាន​សន្តិភាព និង​ស្ថេរភាព​ឡើងវិញ​បាន​។


​ប៉ុន្តែ​បច្ចុប្បន្ន​សហរដ្ឋអាមេរិក ព្យាយាម​បញ្ជូន​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​ចិន​ខឹងសម្បា​យ៉ាង​ខ្លាំង​ជាមួយ​អាមេរិក​។ ពេលនេះ ចិន​-​អាមេរិក​កំពុង​ប្រឈម​ដាក់​គ្នា​ខាង​ផ្នែក​យោធា​ហើយ​។ ការកើនឡើង​ភាព​តានតឹង​បន្តបន្ទាប់​នេះ ធ្វើ​ឱ្យ​ពិបាក​ដោះស្រាយ​សន្តិសុខ និង​ស្ថេរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Hishammuddin Hussein​។


​ជាមួយគ្នានេះ នាយករង​សាលា​អន្តរជាតិ​ម៉ាឡេស៊ី​បាន​គូសបញ្ជាក់​ដែរ​ថា បណ្ដា​នៅក្នុង​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន ប្រាកដ​ណាស់​ចង់​បាន​សមុទ្រ​ផ្នែក​ខ្លះ​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជាប់​នឹង​ទឹកដី​ខ្លួន ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផ្ដាច់មុខ​។ មាន​តែ​សមាជិក​អាស៊ាន​ប្រទេស​៤​ប៉ុណ្ណោះ​ដែល​ទាមទារ​ខ្លាំងជាងគេ គឺ​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​និយាយ ការចង​សម្ព័ន្ធមិត្ត​ជា​ក្តីសង្ឃឹម​តែ​មួយគត់​សម្រាប់​ដំណោះស្រាយ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត