រុស្ស៊ី​ថា​​បាន​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​បក្ស​ប្រឆាំង​​នៅ​ស៊ី​រី​​ដើម្បី​ប្រឆាំង​​ក្រុម​ភេរ​វករ​

04-11-2015 8:58 am 1192
​ឧត្ដមសេនីយ៍ឯក​Andrei Kartapolov

​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​បាន​បញ្ជាក់ថា បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ក្នុងការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​សកម្ម​ភាព​ភេរវកម្ម និង​អាច​ជួយ​ដល់​ដំណើរការ​ផ្សះផ្សា​ជាតិ​ស៊ី​រី​ផងដែរ​។ ការទាក់ទង​និង​សហការ​នេះ ត្រូវបាន​បង្កើតឡើង​ជា​មួយ​ក្រុម​សេ្ន​ហា​ជាតិ​ក្នុង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​ធ្វើឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​ភេរ​វករ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ឧត្ដមសេនីយ៍ឯក​Andrei Kartapolov​។​​


​លោក​Kartapolov​បានឲ្យដឹង​ទៀតថា “​នៅក្នុង​គ្រោង​ការពង្រីក​សម្ព័ន្ធ​អន្ដរជាតិ​ប្រឆាំង​ក្រុម​ភេរ​វករ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា យើង​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង និង​មេបញ្ជាការ​នៅតាម​អង្គភាព​មួយចំនួន​ផង​ដែរ​។​បើ​ទោះបីជា​មិន​ចាញ់ឈ្នះ​គ្នា​ក្នុង​សង្គ្រាម​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ប្រមាណ​ជាង​៤​ឆ្នាំ​មកនេះ​ក្ដី កងកម្លាំង​សេ្ន​ហា​ជាតិ​ទាំងនោះ​បាន​ដាក់​គំនិត​ថា​នឹង​ការពារ​បូរណភាព​និង​អធិបតេយ្យភាព​របស់​ប្រទេស​ស៊ី​រី តាំងពី​មុន​អង្គការ​ភេរវកម្ម​ពង្រីក​មហិច្ឆតា​នយោបាយ​របស់​គេ​ទៅ​ទៀត​។​”​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ផ្លូវការ​របស់​លោក​Kartapolov ដែល​ត្រូវ​គេ​ដកស្រង់​សម្ដី​និយាយ​។​


​ដោយឡែក​ចំពោះ​ឧបនាយក​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​លោក Mikhail Bogdanov​បានបញ្ជាក់​ថា ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី​នៅពេលនេះ គឺជា​រឿង​មួយ​ដែល​ធ្វើឡើង​ទាន់ពេល​វេលា ហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​សកម្មភាព​ភេរវកម្ម និង​ការរីកចម្រើន​នៃ​ដំណើរការ​នយោបាយ​របស់​ប្រទេ​ស​ស៊ីរី​។


​សូម​រម្លឹកថា រុស្ស៊ី​បាន​ចូលរួម​សហកា​របើក​ការវាយប្រហារ​តាម​ជើង​អាកាស​នៅក្នុង​ប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា​។ ក្រោយ​ធ្វើ​យុទ្ធនាការ​ជើង​អាកាស​នេះ រុស្ស៊ី​បាន​អះអាង​ថា​ពួកគេ​បាន​កម្ទេច​ទីតាំង​មួយចំនួន​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម និង​បាន​សម្លាប់​សមាជិក​ក្រុម​នេះ​ជាច្រើន​នាក់​។ ស្ថិតក្រោម​ការ​ជ្រោមជ្រែង​ពី​ការវាយប្រហារ​តាម​ជើង​អាកាស​រុស្ស៊ី កងទ័ព​ថ្មើរជើង​ស៊ី​រី​ក៏​ដណ្ដើម​បាន​ទឹកដី​មួយចំនួន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ផងដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត