ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ប្រតិកម្ម​​ការឃោសនា​ថា​​យន្តហោះ​រុស្ស៊ី​​ធ្លាក់​​ជា​ស្នាដៃ​​ក្រុម​​IS

03-11-2015 4:36 pm 1175

​ប្រធានាធិបតី​ប្រទេស​អេ​ហ្ស៊ី​បលោក​Abdul Fattah al-Sisi បាន​ពណ៌នា​ថា​ការធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ​ឧបទ្វីប​ស៊ីណៃ ជា​ស្នាដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(IS) គឺជា​ការឃោសនា​ដែល​មិន​អាច​ទទួល​យក​បាន​។ បើ​តាម​លោក Fattah al-Sisi​ថា ការឃោសនា​នេះ ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹកដី​អេ​ហ្ស៊ី​ប ដែល​បង្ក​ឲ្យមាន​អស្ថេរភាព​និង​សន្តិសុ​ខ​។ លោក​បាន​បន្តថា សូម​ឲ្យ​ជឿជាក់​លើ​ការដឹកនាំរ​បស់​លោក និង​ជឿជាក់​លើ​ស្ថានភាព​ក្នុង​តំបន់​ស៊ីណៃ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក​យ៉ាង​ពេញលេញ​។

 

ប៉ុន្តែ​​ប្រធាន​ទីភ្នាក់ងារ​អាកាសចរ​រុស្ស៊ី​បាន​ថ្លែងថា យន្តហោះ​រុស្ស៊ី​ប្រភេទ Airbus 321 បាន​ផ្ទុះ​នៅលើ​អាកាស​មុន​ធ្លាក់ ដែល​មិនមែន​បណ្តាលមកពី​កំហុស​ផ្នែក​ម៉ាស៊ីន​ឬ​មនុស្ស​នោះ​ទេ​។ អ្នកស៊ើប​ការណ៍​សំងាត់​ជាតិ​អាមេរិក​បាន​លើកឡើង​ផងដែរ​ថា រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ភស្តុតាង​ជាក់លាក់​ណាមួយ​បង្ហាញថា ការធ្លាក់​យន្តហោះ​រុស្ស៊ី​សម្លាប់​មនុស្ស​២២៤​នាក់ ជាប់​ពាក់ព័ន្ធ​សកម្មភាព​ភេរវកម្ម​នៅឡើយ​នោះ​ដែរ។ ​យ៉ាងណា​ក៏​ដោយ​មាន​តែ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទេ​ដែល​អាច​លាតត្រដាង​ការពិត​បាន​។ បើ​មិន​មាន​អ្វី​ប្រែប្រួល នៅ​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា​នេះ អ្នកជំនាញ​នឹង​ចាប់ផ្តើម​វិភាគ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត