អាមេរិក​​ទទួល​បាន​​ប្រយោជន៍​អ្វី​ខ្លះ​​ទើប​ខំ​ចូលខ្លួន​​ក្នុង​ជម្លោះ​​សមុទ្រ​ចិន​​ខាងត្បូង​?

03-11-2015 4:15 pm 3081
នាវា​ចម្បាំង​​របស់​អាមេរិក​ដែល​បញ្ជូនទៅ​​សមុទ្រចិន​​ខាងត្បូង

នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង និយាយ​ពី​សកម្មភាព​របស់​អាមេរិក នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង គឺ​នៅតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​។ ការបញ្ជូន​វា​នា​ចម្បាំង​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជា​ថ្មី ហើយ​បាន​ចោទ​ថា​អាមេរិក​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ចិន​ក៏​ហ៊ាន​បោះពាក្យ​ថែម​ទៀត​ថា បើសិន​អាមេរិក​នៅ​បន្ដធ្វើ​សកម្មភាព​ដដែលៗ វា​និង​បង្ក​ជា​បញ្ហា​ហើយ​រឿង​តូច​ក៏​អាច​ក្លាយ​ជា​សង្គ្រាម​បានដែរ​។ តើ​ហេតុអ្វី​បានជា​អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ទៀត​នៅ​ពេល​នេះ​? តើ​អាមេរិក​ចំណេញ​អ្វី​ខ្លះ​ទើប​ខំ​លូកដៃ​ចូល​ក្នុង​ជម្លោះ​ទាំង​ខ្លួន​មិន​មែន​ជា​ភាគី​ពាក់ព័ន្ធ​?


​ដើម្បី​ច្បាស់​បន្ថែម​ព័ត៌មាន​នេះ ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖

 

​ការ​លូកដៃ​ចូល​ជា​ថ្មី​ក្នុង​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​អាមេរិក​អាច​ចំណេញ​អ្វីខ្លះ​?


​តាមពិត​ទៅ​បើ​យើង​គិត​ពី​ការពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះ គឺ​មិនមែន​ទើបតែ​ចាប់ផ្ដើម​នៅពេល​នេះ​ទេ​។ អាមេរិក​បាន​លូក​យ៉ាង​កប់​ដៃ​ទៅ​ហើយ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ចំពោះ​ជម្លោះ​ក្នុង​ដែន​សមុទ្រ​មួយ​នេះ រវាង​ចិន​ជាមួយ​ប្រទេស​៥​ផ្សេង​ទៀត​មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ វា​ក្លាយទៅជា​ជម្លោះ​ប្រវត្ដិសាស្ដ្រ​ទៅហើយ​។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ធ្វើឲ្យ​ឡើងកម្ដៅ​ជាថ្មី​គឺ​ក្រោយ​ពេល​ចិន​បាន​ប្រកាស​សាងសង់​កោះ​សិប្បនិម្មិត​នៅលើ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៧​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ ប្រទេស​គូ​ជម្លោះ មាន​វៀតណាម​និង​ហ្វីលីពីន​ចេញមុខ​ខ្លាំងជាងគេ ចោទ​ទៅ​លើ​ចិន​ថា​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​កំពុង​តែ​ដណ្ដើម​គ្នា​កាន់កាប់​។ ទោះបីជា​មាន​ការស្ដីបន្ទោស​យ៉ាងណាក៏ដោយ ប៉ុន្ដែ​ចិន​នៅតែ​រឹងទទឹង​និង​អះអាងថា មិន​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​នរណា​ឡើយ ហើយ​ខ្លួន​ធ្វើ​សកម្មភាព​នៅក្នុង​ដែនទឹក​របស់​ខ្លួន​ប៉ុណ្ណោះ​។


​រឿងហេតុ​ទាំងអស់នេះ​បាន​ស្ងប់ស្ងាត់​មួយរយៈ ប៉ុន្ដែ​ថ្មីៗ​នេះ​អាមេរិក​បាន​លូក​ដៃ​ជាថ្មីទៀត​។ អាមេរិក​មើលឃើញ​ពី​ផលចំណេញ​ជាច្រើន​ប្រសិនបើ​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​អញ្ចឹង​ហើយ​ដូច​ពាក្យ​ថា លូក​ប្រហុក​សោះនឹង​ស្អុយ​ដៃ​ដដែល មានតែ​លូ​កឲ្យកប់​តែម្ដងទៅ​។ នេះ​គឺជា​ប្រៀបធៀប​រវាង​សកម្មភាព​អាមេរិក​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ និយាយ​ពី​អាមេរិក​ដែល​បញ្ជូន​នាវាចម្បាំង​ទៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ថ្មីៗ​នេះ គឺ​អាមេរិក​ចង់​ដាស់​អារម្មណ៍​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​រឿង​ដែនសមុទ្រ​ចិន​ខាងត្បូង​នឹកឃើញ​ឡើងវិញ ព្រោះ​ចិន​បាន​នឹង​កំពុង​បន្ដ​សកម្មភាព​នៅ​លើ​កោះ​សិប្បនិម្មិត​ដែល​សាងសង់​រួច​មួយចំនួន​។ យើង​ឃើញថា​គ្រាន់តែ​មាន​វត្ដ​មាន​នាវាចម្បាំង​របស់​អាមេរិក​ចូល​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ភ្លាម ហ្វីលីពីន​ក៏​ចេញមុខ​មុន​គេ​គាំទ្រ​ដល់​អាមេរិក​។ ប៉ុន្ដែ​នៅ​មាន​វៀត​ណា មិន​ទាន់​ឆ្លើយតប​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​ទេ​។


​ត្រូវ​ដឹង​ផង​ដែរ​ថា អាមេរិក​កំពុងតែ​បង្កើន​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន និង​វៀតណាម​ទាំង​ចំណង​ការទូត និង​វិស័យ​យោធា​។ បើ​គិត​ពី​វៀតណាម​នឹង​អាមេរិក​វិញ ធ្លាប់​មាន​សង្គ្រាម​ស៊ីសាច់ហុតឈាម​ជាមួយគ្នា ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​បាន​ទុក​រឿង​នេះ​មួយ​ឡែក ហើយ​សហការ​គ្នា​ដើម្បី​យកឈ្នះ​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី ជាពិសេស​គឺ​ទាក់ទង​នឹង​ដែនសមុទ្រ​ចិន​ខាងត្បូង​តែម្ដង​។ អាមេរិក​បាន​ជ្រោមជ្រែង​យ៉ាងខ្លាំង​ដល់​ហ្វីលីពីន​និង​វៀតណាម ក្នុងការ​តតាំង​ជាមួយ​ចិន​។ គិត​ពី​ផលប្រយោជន៍ គឺ​អាមេរិក​អាច​អូសទាញ​ប្រទេស​ធំ​ទាំង​ពីរ​ក្នុង​តំបន់​អាស៊ី​ឲ្យ​ចាកចេញ​ពី​ចិន​ហើយ​ងាក​ទៅរក​អាមេរិក​វិញ ដោយសារ​ហ្វីលីពីន​និង​វៀតណាម​កំពុង​មាន​បញ្ហា​ជាមួយ​ចិន​ស្រាប់​។ ធ្វើ​បាន​បែប​នេះ អាមេរិក​អាច​ចំណេញ​ទាំង​ផ្នែក​ការទូត យោធា និង​ពាណិជ្ជកម្ម​។


​ចំណុច​មួយទៀត បើសិន​អាមេរិក​អាច​ចូល​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​បាន នោះ​អាមេរិក​ក៏​ងាយស្រួល​ក្នុង​ការពង្រីក​អានុភាព​នៅ​តំបន់​អាស៊ី​ដែរ ជាពិសេស​គឺ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ផ្ទាល់​តែម្ដង​។ បើ​តាម​ការអះអាង​របស់​អាមេរិកកន្លង​មក មូលហេតុ​ដែល​ខ្លួន​ចូល​ធ្វើ​ជា​អ្នកសម្របសម្រួល​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ដោយសារ​ចង់​ឲ្យ​ដែនទឹ​កមួយ​នេះ ក្លាយ​ជា​ដែន​អន្ដរជាតិ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ទាំងស្រុង ដើម្បី​ងាយស្រួល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​នាវា​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ម្យ៉ាងវិញទៀត អាមេរិក​ចង់ឲ្យ​មាន​សេរីភាព​ក្នុង​ការរុករក និង​ធ្វើ​នាវាចរ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​ការរំខាន​ដោយ​ប្រការ​ណាមួយ​។


​តែ​ចិន​កន្លងមក ក៏​ធ្លាប់​អះអាង​ដូចគ្នា​ថា​ប្រមាណ​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែន​ធិបតេយ្យ​របស់គេ ហើយ​ការសាងសង់​កោះ​សិប្បនិម្មិត ក៏​ជា​ការ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការធ្វើ​នាវាច​រដែរ ព្រោះ​អាច​ការពារ​បាន​នូវ​សន្ដិសុខ សុវត្ថិភាព និង​ស្ថេរភាព​នៅក្នុង​ដែន​ទឹក​និង​ក្នុង​តំបន់​ទាំងមូល​។ យ៉ាងណា​ក៏​ដោយ​ការ​ពន្យល់​ហេតុផល​រៀងៗ​ខ្លួន​នៅតែ​មិន​អាច​ឲ្យ​ប្រទេស​គូ​ជម្លោះ​ជាមួយ​ចិន​ទទួលយកបាន ក្នុងនោះ​មាន​ទាំង​អាមេរិក​ជា​អ្នកសម្របសម្រួល​ផង​។


​យើង​និយាយ​ពី​ចំណុច​មួយទៀត​ដែល​អាមេរិក​លូក​ដៃ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង គឺ​អាមេរិក​ជា​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក ហេតុនេះ​រាល់​បញ្ហា​អ្វីមួយ អាមេរិក​តែងតែ​គិត​ថា​ខ្លួន​មាន​លទ្ធភាព​ជួយ​ដោះស្រាយបាន និង​ធ្វើឲ្យ​អាមេរិ​កអាចទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​បច្ចុប្បន្ន​ចិន​កំពុងតែ​លេចមុខ​ខ្លាំង​ក្នុង​តំបន់​អាស៊ី​។ អ្វី​ដែល​សំខាន់ ដោយសារ​ចិន​កំពុងតែ​ធ្វើ​សកម្មភាព​ខ្លាំង​ទាំង​នៅ​អាស៊ី​និង​អឺរ៉ុប ដើម្បី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច ឲ្យក្លាយ​ជាប្រ​ទេ​សសេដ្ឋកិច្ច​ធំ​បំផុត​ទី​មួយ​ក្នុង​ពិភពលោក ហើយ​ទម្លាក់​អាមេរិកឲ្យ​ធ្លាក់​មក​លំដាប់​ក្រោម​វិញ ហេតុនេះ​ដើម្បី​ទប់ស្កាត់​យុទ្ធសាស្ដ្រ​របស់​ចិន អាមេរិក​មាន​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ចិន​រវល់​ខ្លាំង​នៅក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ដើម្បី​អាច​ឆ្លៀត​ឱកាស​វាយលុក​ដណ្ដើម​យក​ទីផ្សារ​លើ​ឆាក​អន្ដរជាតិ​ពី​ចិន​មក​វិញ​។


​អាមេរិក​-​ចិន​នៅ​តែ​មិន​អាច​ខ្វះ​គ្នា​បាន​


​ទោះបី​មាន​ការ​គំរាម​គ្នា​ទៅវិញទៅមក រហូត​ចិន​ហ៊ាន​និយាយថា បើ​អាមេរិក​នៅ​តែ​បង្កហេតុ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ចិន​មិន​ខ្លាច​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​អាមេរិក​ក៏​ដោយ ប៉ុន្ដែ​ធាតុពិត​ប្រទេស​មហាអំណាច​ទាំងពីរ​មិន​អាច​ឈាន​ដល់​ការធ្វើ​សង្គ្រាម​ឡើយ​។ ត្បិត​រូបភាព​ខាងក្រៅ​បង្ហាញថា​ចិន​និង​អាមេរិក​ដូចជា​ចង់​ស៊ីសាច់ហុតឈាម​គ្នា​ក្ដី​ប៉ុន្ដែ​បើ​មើល​ឲ្យដល់​ទៅ​ខ្លា​កំណាច​ទាំងពីរ​នៅតែមាន​ឥរិយាបទ​ទន់ភ្លន់​ជាមួយគ្នា​ដែរ​វា​ដូចជា​វាយ​ក្បាល​គ្នា​ហើយ​អង្អែល​ខ្នង​គ្នា​វិញ​។​ការអះអាង​បាន​បែប​នេះ​ដោយហេតុថា​តានតឹង​លើ​វិស័យ​ការទូត​កើនឡើង​ប៉ុន្ដែ​ចំពោះ​ចំណង​មិត្ដភាព​ផ្នែក​យោធា និង​វិស័យ​ពាណិជ្ជកម្ម​វិញ​តួអង្គ​ទាំងពីរ​មិន​បាន​ចោល​គ្នា​ឡើយ​។​ថ្មីៗ​នេះ​អាមេរិក​និង​ចិន​បានប្រកាស​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា​ក្នុងនោះក៏​មាន​លើ​វិស័យ​ការពារ​ជាតិ​និង​សេដ្ឋកិច្ច​ផងដែរ​។​អាមេរិក​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ចិន​-​អាមេរិក​ល្អប្រសើរ​ចន្លោះ​ពេល​មាន​ភាព​តានតឹង​ជាមួយគ្នា​។​រីឯ​ចិន​វិញ​ក៏​ដូច្នេះ​ដែរ​ចិន​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​ព្រោះ​វា​ខាតបង់​ទាំងសងខាង​។​


​ជារួម​ទៅ​ចំពោះ​ការប្រកួតប្រជែង​គ្នា​ផង ការសហការ​គ្នា​ផង​គឺជា​ចេតនា​របស់​មហាអំណាច​ទាំងពីរ ទោះ​ត្រូវ​ឈ្លោះ​គ្នា​យ៉ាង​តឹងសរសៃក​ប៉ុន្ដែ​ក៏​មិន​ភ្លេច​ទេ​វប្បធម៌​សន្ទនា​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៅ​ថ្ងៃមុខ​។ ទាំង​ចិន​និង​អាមេរិក​សុទ្ធ​តែ​ចង់​ដណ្ដើម​គ្នា​ធ្វើ​មហាអំណាច​ហេតុនេះ​វា​គ្មាន​អ្វី​ប្លែក​ទេ​ដែល​តែងតែ​មាន​ការបោះ​ពាក្យសម្ដី​ដាក់​គ្នា​ការខ្វែងគំនិត​គ្នា ការ​ស្រវា​ដណ្ដើម​ដៃគូរ​ពាណិជ្ជកម្ម​និង​នយោបាយ​គ្នា​លើ​ឆាក​អន្ដរជាតិ​។ បើ​អ្នកណា​ខ្លាំង​ជាង​អ្នក​នោះ​ឈ្នះ​រីឯ​អ្នកចាញ់​ចាប់ផ្ដើម​ឌឺដង​ពាក្យសម្ដី​។​ក្រៅពីនេះ ការប្រទូសរ៉ាយ​ដោយ​ពាក្យសម្ដី​កន្លង​មក​រវាង​អាមេរិក​និង​ចិន​ក៏​ជា​កញ្ចក់​ឆ្លុះ​មួយ​សម្រាប់​ឲ្យ​ប្រទេស​ផ្សេង​សម្រេចចិត្ដឲ្យ​ច្បាស់​មុន​នឹង​ចាប់​យក​អ្នក​ណា​ជា​ដៃគូ​ពាណិជ្ជកម្ម​ឬក៏​នយោបាយ​ឬ​ក៏​ធ្វើ​ជា​សម្ព័ន្ធមិត្ដ​ជាមួយ​ប្រទេស​ទាំង​ពីរ​។​សកម្មភាព​ទាំងអស់​នេះ​គឺជា​យុទ្ធសាស្ដ្រ​ដែល​ចិន​និង​អាមេរិក​កំពុង​ធ្វើ​ដើម្បី​ឈានដល់​គោលដៅ​កំពូល​រៀងៗ​ខ្លួន​។ គួរ​ចងចាំ​ដែរ​ថា ប្រសិនបើ​មាន​បញ្ហា​កើតឡើង ប្រទេស​តូចតាច​ទេ​ដែល​ជា​អ្នករងគ្រោះ តែ​ចំពោះ​ប្រទេស​មហាអំណាច​អាច​ទទួលបាន​ផល​ចំណេញ​យ៉ាង​ច្រើន​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត