គណបក្ស​របស់ប្រធានាធិបតី​Erdoganអាច​រក​សំឡេង​ភាគច្រើន​​ក្នុង​សភា​​តួ​គី​​បាន​ហើយ​

02-11-2015 4:09 pm 1069

​គណបក្ស​AKP របស់​លោក​ប្រធានាធិបតី​តួរ​គី​Recep Tayyip Erdogan​បាន​ទទួល​ជ័យ​ជម្នះជាថ្មី បន្ទាប់​ពី​បរាជ័យ​ការបោះឆ្នោត​កាលពី​៥​ខែ​មុន​។ យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​ឲ្យ​បង្ហាញ​ថា គណ​បក្ស​AKP​ទទួលបាន​សំឡេង​គាំទ្រ​៤៩.៤%​ស្មើនឹង​៣១៦​អស​នៈ​ក្នុង​រដ្ឋសភា ក្នុងចំណោម​៥៥០​អស​នៈ​ក្នុង​រដ្ឋសភា​។ លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​ក្រោម​សម្ពាធ​អសន្តិសុខ​នៅ​ថ្ងៃ​អា​ទិត្យ​ទី​០១​វិច្ឆិកា ​ធ្វើឲ្យ​គណបក្ស AKP​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ដែល​មានន័យថា​លោក​Erdogan អាច​បង្កើត​រដ្ឋាភិបាល​មួយ​ដឹកនាំ​ប្រទេស​តួរ​គី​តែម្នាក់ឯង​។

 

ដោយឡែក​គណបក្ស CHP ដែល​ជា​គូរ​ប្រកួតប្រជែង​លេចធ្លោ​ជាមួយ​គណបក្ស AKP​ទទួលបាន​សំឡេង​គាំទ្រ​២៥.៤% ពោល​ចំនួន​អ្នកគាំទ្រ​គណបក្ស​នេះ​គឺ​នៅ​ដដែល ដូច​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ពី​៥​ខែ​មុន ទទួលបាន​កៅអី​ក្នុង​​សភា​ចំនួន​១៣៤​។ គណបក្ស​ដែល​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​បំផុត​គឺ​គណបក្ស​MHP ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​៤១​អសនៈ ខណៈ​គណបក្ស​HDP​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​៥៩​អស​នៈ​ក្នុង​សភា​។​

 

​ការបោះឆ្នោត​នៅ​ថ្ងៃទី​០១​វិច្ឆិកា​នៅ​ប្រទេស​តួរ​គី​បាន​ធ្វើឡើង បន្ទាប់​ពី​ប្រទេស​នេះ​ទើប​រៀបចំ​ការបោះឆ្នោត​នេះ​ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០១៥​។ ការបោះឆ្នោត​កាលណោះ គណបក្ស​AKP របស់​លោក​ប្រធានាធិបតី Erdogan បាន​បាត់បង់​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដ៏​គួរឲ្យភ្ញាក់ផ្អើល ចាប់តាំងពី​ដឹកនាំ​ប្រទេស​អស់​រយៈពេល​១៣​ឆ្នាំ​។ ​​ពោលលទ្ធផល​​គ្រានោះ ​គណបក្ស​AKP​ទទួល​បាន​ការគាំទ្រ​ចន្លោះ​ពី​៤០%​ទៅ​៤៣%​ប៉ុណ្ណោះ ដែល​ស្មើនឹង​២៧៦​អស​នៈ​នៅក្នុង​សភា​។ ដោយសារតែ​លោក Erdogan​មិន​អាច​ស្វែងរក​ការចរចា​ជាមួយ​គណបក្ស​ដ​ទៃ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ដឹក​នាំប្រទេសបាន ទើប​តួរ​គី​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​មុន​អណ​ត្ត​ជាថ្មី​។​

 

​ទោះបី​គណបក្ស​AKP​ស្វែងរក​សំឡេង​គាំទ្រ​ភាគច្រើន​នៅក្នុង​សភា​ដោយ​ជោគជ័យ​ហើយ​ក៏​ដោយ ប៉ុន្តែ​គណបក្ស​នេះ នៅតែ​មិន​អាច​ស្វែងរក​សំឡេង​គាំទ្រ​ឲ្យបាន​ពីរ​ភាគ​បី​ក្នុង​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បានឡើយ​។ ស្ថិតក្នុង​វ័យ​៦១​ឆ្នាំ​លោក​Erdogan​បាន​កាន់​តំណែង​ប្រធានាធិបតី​ប្រទេស​តួរ​គី​ចំនួន​៣​អណ​ត្ត​ជាប់​គ្នា​រួច​មក​ហើយ​។ ជោគជ័យ​ដែល​គណបក្ស​AKP ទទួលបាន​នា​ពេល​នេះ ត្រូវ​បាន​​អ្នកវិភាគ​នយោបាយ​តួរ​គី​លើកឡើងថា ដោយសារ​លោក​Erdogan បាន​យកឈ្នះ​រលក​អំពើហិង្សា​ជាមួយ​ក្រុម​ឧទ្ទាម​Kurdish​នៅ​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។ សកម្មភាព​នេះ​បាន​ឆក់យក​បេះដូង​របស់​ប្រជាពលរដ្ឋ​ដែល​ភ័យខ្លាច​រូបភាព​អំពើហិង្សា​ដែល​កើតឡើង បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ ម្យ៉ាងវិញទៀត ស្របតាម​គោល​នយោបាយ​សន្តិសុខ​ដែល​លោក​Erdogan​បានប្រកា​ស​ក្តែងៗ​មុន​បោះឆ្នោត​ថា បើ​តួ​រ​គី​ចង់​បាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម គ្មាន​អំពើហិង្សា គឺមាន​តែ​គណបក្សAKP របស់លោក​តែមួយគត់​ដែល​អាច​ធ្វើបាន​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត