ស៊ី​រី​ថា​​សកម្មភាព​​ប្រឆាំង​​ក្រុម​​ភេរ​វករ​​ចាំបាច់​​ត្រូវ​សហការ​​ជាមួយ​ខ្លួន​

02-11-2015 11:41 am 1208
រដ្ឋមន្ដ្រី​ការបរទេស​​ស៊ី​រី​​លោក​Walid al-Moallem

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​SANA​បានឲ្យដឹងថា រដ្ឋមន្ដ្រីការបរទេស​ស៊ី​រី​លោក​Walid al-Moallem បាន​និយាយថា​រាល់​ការខិតខំ​ប្រឹងប្រែង​ណាមួយ​ដើម្បី​ប្រឆាំង​សកម្មភាព​ភេរវកម្ម ដោយ​គ្មាន​ការសហការ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​នោះ គឺជា​កា​រំលោភបំពាន​នឹង​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ហើយ​។ លោក​Walid al-Moallem​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ស៊ី​រី​។


​នៅក្នុង​ជំនួប​របស់​ប្រមុខ​ការទូត​ស៊ី​រី​ជាមួយ​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ លោក Walid ក៏​បាន​ពិភាក្សា​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វី​យែនប្រទេស​អូទ្រីស ពាក់ព័ន្ធ​នឹង​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី​។ ក្នុងនោះ​ក៏​មាន​ផងដែរ​នូវ​វិធីសាស្ដ្រ​ដែល​ធ្វើឡើង​ដោយ​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី ប៉ុន្ដែ​តាមរយៈ​ការគាំទ្រ​ដល់​ក្រុម​ប្រឆាំង​។ គួរបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​វី​យែន អាមេរិក​ក៏​សន្យា​នឹង​បញ្ជូន​កងកម្លាំង​ពី​សេស​របស់​ខ្លួន​ទៅ​ស៊ី​រី ដើម្បី​បង្វឹក​ដល់​ក្រុមប្រឆាំង​ក្នុងប្រទេស​ស៊ី​រី​ឲ្យ​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​


​លោក​Walid al-Moallem​បានឲ្យដឹង​ទៀតថា សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​ការប្រឆាំង​សកម្មភាព​ភេរវកម្ម​គួរតែ​ត្រូវបាន​អនុវត្ដ ដើម្បី​បង្កើតឲ្យមាន​បទ​ឈប់​បាញ់ដោយ​ជោគជ័យ​។ ក្រៅពីនេះ លោក​ក៏​បាន​បញ្ជាក់​ថែមទៀត​ពី​ការសហការ​គ្នា​រវាង​ស៊ី​រី​ជាមួយ​រុស្ស៊ី អ៊ីរ៉ង់​ជាដើម ថា​នេះ​ជា​តួនាទី​ដ៏​សំខាន់​ដើម្បី​កម្ទេច​ក្រុម​ភេរ​វករ​ជាពិសេស​គឺ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ដូច្នេះ​រាល់​ការជួយជ្រោមជ្រែង​ដើម្បី​កម្ចាត់​ក្រុម​ភេរ​វករ ចាំបាច់​ត្រូវតែ​សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត