ក្រោយ​ទុក​​ជម្លោះ​​នៅ​​មួយ​ឡែក​​កិច្ចប្រជុំ​​ចិន ជប៉ុន កូរ៉េខាងត្បូង​​ទទួល​លទ្ធផល​​ច្រើន​

02-11-2015 10:11 am 1182
ភាគី​​ចូលរួម​ក្នុង​កិច្ចប្រជុំ

​មេដឹកនាំ​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ទី​០១​វិច្ឆិកា​ថា ប្រទេស​ទាំង​បី​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ម្ដងទៀត លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​បញ្ហា​សន្ដិសុខ បន្ទាប់ពី​ពួកគេ​បានចាត់ទុក​ជម្លោះ​ក្នុង​ប្រវត្ដិសាស្ដ្រ​ឲ្យនៅ​ដាច់​ដោយឡែ​កសិន​។ កា​យល់ព្រម​សហកា​គ្នា​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ដ៏​កម្រ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ក្រោយ​កិច្ចប្រជុំ​បាន​ខកខាន​ជាង​៣​ឆ្នាំ​។


​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក គុន​ហេ នាយករដ្ឋមន្ដ្រី​ចិន​លោក លី ឃឺ​ឈៀង និង​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក ស្ហីន ហ្ស៊ូ​អាបេ បាន​ពិភាក្សា​ជាមួយ​គ្នា​លើ​ប្រធានបទ​ដ៏​ទូលាយ​មួយ​ស្ដីពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី ថែមទាំង​មាន​ការពិភាក្សា​ពី​ការគំរាមកំហែង​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ ក្នុង​កិច្ចប្រជុំ​រយៈពេល​៩០​នាទី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​។


​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម មេដឹកនាំ​ទាំង​បី​បានឲ្យដឹងថា “​យើង​បាន​ចែករំលែក​ទស្សនៈ​ថា កិច្ចសហប្រតិបត្ដិការ​ត្រីភាគី​ត្រូវបាន​ស្ដារឡើងវិញ​ទាំងស្រុង​នៅក្នុង៎​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។​” អ្វី​ដែល​គួរឲ្យកត់សម្គាល់ មេដឹកនាំ​ទាំង​បី​ក៏​បាន​ឯកភាពគ្នា​លើ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ​២០១៦​ក្នុង​ប្រទេស​ជប៉ុន​។​


​គួររម្លឹកថា ប្រទេស​ទាំង​បី​បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​៧​ឆ្នាំ​កន្លងមកហើយ ប៉ុន្ដែ​ទំនាក់ទំនង​រវាង​ជប៉ុន​ជា​មួយ​ចិន​និង​កូរ៉េខាងត្បូង ស្ថិតក្នុង​ភាព​ល្អក់កករ​ដោយសារ​តែ​រឿងរ៉ាវ​ពី​ប្រវត្ដិសាស្ដ្រ គឺ​នៅក្នុង​សម័យ​សង្គ្រាម​។ នេះ​ហើយ​ជា​ដើមហេតុ​ធ្វើឲ្យ​កិច្ចប្រជុំ​ត្រីភាគី ត្រូវបាន​ពន្យារពេល​យ៉ាងយូរ​គឺ​ចាប់តាំងពី​កិច្ចប្រជុំ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១២៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត