ក្រុមហ៊ុន​​អាកាសចរ​​ធំៗ​​របស់​​អឺរ៉ុប​​២​​មិន​ហាន​​ធ្វើដំណើរ​​ឆ្លងកាត់​​Sinai​​ក្រោយ​​យន្តហោះ​​រុស្ស៊ី​​ធ្លាក់​

01-11-2015 11:23 am 1184

​ក្រុមហ៊ុន​អាកាសចរ​ធំៗ​របស់​អឺរ៉ុប​ចំនួន​ពីរ បាន​សម្រេចចិត្ត​បញ្ចៀស​មិន​អោយ​យន្តហោះ​ក្រុមហ៊ុន​ខ្លួន ធ្វើដំណើរ​ឆ្លងកាត់​ឧបទ្វីប​ស៊ីណៃ ដែល​ជា​ចំណុច​យន្តហោះ Airbus A321រុស្ស៊ី បាន​ធ្លាក់​សម្លាប់​មនុស្ស​​២២៤​នាក់​នោះ​ឡើយ​។ ក្រុមហ៊ុន​អាកាសចរ​អាឡឺម៉ង់​Lufthansa​និង​ក្រុមហ៊ុន​អាកាសចរ​បារាំង Air France​-KLMបានឲ្យដឹងថា ពួកគេ​រង់ចាំ​រហូត​ដឹង​ពី​ហេតុផល​នៃ​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ឲ្យបាន​ច្បាស់​សិន ទើប​យល់ព្រម​ឲ្យមាន​ការហោះ​ហើរ​កាត់​ផ្លូវ​មរណៈ​របស់​យន្តហោះ​រុស្ស៊ី​។ បើ​តាម​ការអះអាង​ពី​ក្រុមហ៊ុន​ទាំងពីរ​ថា មូលហេតុ​ដែល​ពួកគេ​មិន​យល់​ព្រមឲ្យ​ជើងហោះហើរ​ធ្វើដំណើរ​កាត់​តាម​ឧបទ្វីប​ស៊ីណៃ​ប្រទេស​អេ​ហ្ស៊ី​ប ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​។

 

​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាស​ចរ​អាឡឺម៉ង់​Lufthansa មិន​បាន​បញ្ជាក់​ថា​តើ​ក្រុមហ៊ុន​នេះ​នឹង​បញ្ចៀស​ការហោះហើរ កាត់​តាម​ផ្លូវអាកាស​នៃ​ឧបទ្វីប​ស៊ីណៃ​រយៈពេល​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​​សង្កត់ធ្ងន់​ថា ពួកគេ​នឹង​បញ្ចៀស​រហូត មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ត្រូវបាន​លាតត្រដាង​។ ក្រុមហ៊ុន​អាកាសចរណ៍​អាឡឺម៉ង់​មាន​ជើងហោះហើរ​កាត់​តាម​ឧបទ្វីប​ស៊ីណៃ​មិនតិចជាង​១០​នោះ​ទេ​ក្នុង​មួយថ្ងៃ​។ យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​ទាំងពីរ មិន​បាន​និយាយ​អ្វី​ច្រើន​ទាក់ទង​នឹង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី​ទេ​។​

 

​យន្ដហោះ​ដឹក​អ្នដំណើរ​រុស្ស៊ី Airbus A321 បាន​ចេញដំណើរ​ពី​តំបន់​ទេសចរណ៍​មួយ​នៃ​សមុទ្រ​ក្រហម ឆ្ពោះទៅ​កាន់​ទីក្រុង St. Petersburg ក្នុង​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​ក្រោយពេល​ហោះ​ចេញ​យន្ដហោះ​បាន​បាត់​​​ការទាក់ទង​ពី​ប្រព័ន្ធ​រ៉ា​ដា រួច​ក៏​ធ្លាក់​តែ​ម្ដង​។ ប៉ុន្តែ​យន្ដហោះ​ប្រភេទ​Airbus A321 ត្រូវបាន​គេ​ត្រួតពិនិត្យ​ផង​ដែរ​នៅ​មុន​ពេល​ហោះហើរ ដោយ​មិន​បាន​រកឃើញថា​មាន​បញ្ហា​អ្វី​ឡើយ​។ ទាក់ទង​នឹង​មូល​ហេតុ​នៃ​ការធ្លាក់ ស្ថិត​ក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​។ ស្រពិចស្រពិល​ដោយសារ​តែ​រដ្ឋមន្ដ្រី​ក្រសួង​ដឹកជញ្ជូន​រុស្ស៊ី​បាន​អះអាង​ថា វា​មិន​អាច​ទៅរួច​ទេ​ដែល​ថា ក្រុម​ភេរ​វករ​ប្រើ​មី​ស៊ី​លបាញ់​ទម្លាក់​យន្ដ​ហោះ ខណៈ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​តំបន់​ស៊ីណៃ ជា​ក្រុម​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​។​

 

​រុស្ស៊ី​បាន​ប្តេជ្ញា​បើក​ការស៊ើបអង្កេត​ម៉ត់ចត់​លើ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ ដោយ​បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​មួយ ​ក្រោម​ការបញ្ជា​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី​។ ដំណើរការ​ស៊ើបអង្កេត​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ការគាំទ្រ​ពី​អេ​ហ្ស៊ី​ប​ផង​ដែរ​បើ​រុស្ស៊ី​ត្រូវការ​។ នៅ​ថ្ងៃ​សៅរ៍​ទី​៣១​តុលា​នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​បលោក Sherif Ismail​ប្រកាសថា​បាន​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​រុស្ស៊ី Airbus A321 និង​កំពុង​ត្រូត​ពិនិត្យ​៕ (​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត