UN​ត្រូវ​បាន​​អំពាវនាវ​ឲ្យ​​ស៊ើបអង្កេត​​ពី​អំពើ​​ប្រល័យពូជសាសន៍​​លើ​ជនជាតិ​​រ៉ូ​ហ៊ីង​យ៉ា​

31-10-2015 2:43 pm 1023
កន្លែងរស់​នៅ​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

​មាន​ភស្ដុតាង​យ៉ាង​សំខាន់​បង្ហាញថា មី​យ៉ាន់​ម៉ា​បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យពូជសាស​ន៍​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សាលា​ច្បាប់​យ៉ា​ឡេ​(Yale) ហើយ​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​គណៈកម្មការ​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ ផ្ដោតអារម្មណ៍​ទៅលើ​ការរំលោភបំពាន​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​។


​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា គឺជា​ក្រុម​ជនជាតិភាគតិច​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ឡើយ ហើយ​ពួកគេ​ត្រូវ​រស់នៅ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​និង​មាន​ទាំង​ការកាប់សម្លាប់​យ៉ាង​សាហាវឃោឃៅ​ផងដែរ​។ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​១៤​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​លំនៅស្ថាន​របស់​ខ្លួន​តាម​ទូក ដោយសារតែ​ការរំលោភបំពាន​នេះ​។


​ក្រុម​ពង្រឹង​សិទ្ធិមនុស្ស ដែល​បាន​ធ្វើ​យុទ្ធនាការ​មួយ​ផ្ដោត​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា បាន​និយាយថា​មាន​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​១​លាន​នាក់​រស់នៅ​ក្នុង​រដ្ឋ​រ៉ាក់​ឃីន ហើយ​តិច​ណាស់​ក៏​មាន​១៦​ម៉ឺន​នាក់​ដែរ​បាន​រត់​ភៀសខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១២​។ បើ​តាម​ក្រុម​និស្សិត​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​៨​ខែ​វិភាគ​លើ​បញ្ហា​នេះ បាន​លើកឡើង​ថា ពួក​គេ​គិត​ថា​មាន​ភស្ដុតាង​បង្ហាញ​ថា​ពិតជា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​កើតឡើង​ប្រាកដ​មែន​។ ហេតុនេះ​ទើប​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ត្រូវ​ផ្ដោត​លើ​បញ្ហា​នេះ​ផង​។


​ពាក់ព័ន្ធ​នឹង​ការអះអាង​ខាងលើ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណា​ទេ ប៉ុន្ដែ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា រដ្ឋាភិបាល​សូម​បដិសេធ​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​ថា​មាន​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​ប្រទេសមី​យ៉ាន់​ម៉ា​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត