កិច្ចពិភាក្សា​​​រឿង​ស៊ី​រី​​​​​សម្រេច​បាន​​​ចំណុច​មួយចំនួន​​តែ​នៅ​ខ្វែងគំនិត​​រឿង​​ប្រធានាធិបតី​​ស៊ី​រី​

31-10-2015 12:29 pm 863
មេដឹកនាំ​ដែលចូលរួម​ក្នុងកិច្ចប្រជុំនៅទីក្រុងវីយែនស្ដីពីវិបត្ដិស៊ីរី

​គ្មាន​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​អនាគត​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា​អាល់​អាសាដ​ឡើយ នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វី​យែន​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ទី​៣០​តុលា ទោះបីជា​ភាគី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​សម្រេចបាន​ចំណុច​មួយចំនួន ដើម្បី​ដោះស្រាយ​វិបត្ដិ​នៅ​ស៊ី​រី​ក៏ដោយ​។ មេដឹកនាំ​ដែល​ដើរតួ​សំខាន់​ក្នុង​កិច្ចពិភាក្សា បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ពហុភាគី​ក្នុង​ទីក្រុង​វី​យែន ជំរុញ​ឲ្យមាន​ដំណើរកា​រ​ការទូត​ឆ្ពោះ​ទៅ​ដោះស្រាយ​បញ្ចប់​វិបត្ដិ​ក្នុង​ប្រទេស​ស៊ី​រី តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក និង​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​បាន​និយាយថា នៅតែ​មាន​ការខ្វែងគំនិត​គ្នា ជុំវិញ​បញ្ហា​អនាគត​លោក​អាល់​អាសាដ ទោះបី​សម្រេចបាន​ដំណើរការ​មួយ​ចំនួន​ក្ដី​។


​លោក​ច​ន ឃើ​រី​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បាន​ទទួលស្គាល់​ថា ជោគវាសនា​របស់​លោក​អា​សាដ នៅតែ​ជា​ចំណុច​សំខាន់​មួយ​បង្ក​ឲ្យមាន​ការ​ប្រកែក​គ្នា​ក្នុង​កិច្ចប្រជុំ​រវាង​ប្រទេស​ដែល​ចូលរួម ប៉ុន្ដែ​អាមេរិក​មិនបាន​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ខ្លួន​នៅ​ស៊ីរី​ទេ​។ ភាគី​មួយ​ចំនួន ជាពិសេស​អាមេរិក​និង​រដ្ឋ​នៅ​តំបន់​ឈូង​សមុទ្រ​ហ្គា​ហ្វ​ជឿជាក់ថា ជា​ដំណោះស្រាយ​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី គឺ​លោក​ប្រធានាធិបតី​អាសាដ​ត្រូវតែ​ចុះចេញ​ពី​តំណែង​។


​ឆ្លើយតប​នឹង​បញ្ហា​នេះ រុស្ស៊ី​បាន​និយាយ​ថា​ប្រជាជន​នៅក្នុង​ប្រទេស​ស៊ី​រី​គួរតែ​សម្រេច​ពី​អនាគត​ដោយ​ខ្លួនឯង ហើយ​រុស្ស៊ី​ពិត​ជា​ចង់​បញ្ចប់វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី​។ រុស្ស៊ី​ក៏​នឹង​នៅតែ​បន្ដ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​ភេរ​វករ​នៅក្នុង​ប្រទេស​ស៊ី​រី​ដដែល​។ ទោះជា​យ៉ាងណា​ក៏ដោយ ថ្វី​ត្បិត​មាន​បណ្ដា​រដ្ឋ​ធំៗ​ក្នុង​ពិភពលោក​រួមទាំង​ប្រទេស​ក្នុង​តំបន់​ចូលរួម​ក្នុង​កិច្ចពិភាក្សា ប៉ុន្ដែ​គ្មាន​គណៈប្រតិភូ​ស៊ី​រី​ចូលរួម​នោះ​ទេ​។ មន្ដ្រីការទូត​ចូលរួម​កិច្ច​ពិភាក្សា​បាន​ពន្យល់ថា នៅពេលដែល​មាន​ការបង្កើត​បាន​គ្រឹះ​រឹងមាំ ធ្វើឡើង​ដោយ​មាន​មេដឹកនាំ​ពិភពលោក​ពិភាក្សា​គ្នា​ហើយ រដ្ឋាភិបាល​ស៊ី​រី​និង​ក្រុមប្រឆាំង​ក្នុងប្រទេស​ស៊ី​រី​អាច​បញ្ជូន​គណៈប្រតិភូ​ចូលរួម​តុ​ចរចា​បាន​។


​សូមបញ្ជាក់​ថា រុស្ស៊ី​បានចាប់ផ្ដើម​យុទ្ធនាការ​ជើង​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា ហើយ​នឹង​នៅតែ​បន្ដ​សកម្មភាព​នេះ​ទៀត​មិន​ទាន់​បញ្ចប់​ឡើយ​។ រី​ឯ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​បានប្រកាសថា អាមេរិក​នឹង​បញ្ជូន​កងកម្លាំង​ពិសេស​ទៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ជួយ​ដល់​កងកម្លាំង​ក្រុមប្រឆាំង​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ទាំង​រុស្ស៊ី​និង​អាមេរិក​បាន​យល់ព្រម​ជាមួយ​គ្នា​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ ហើយក៏​បាន​ប្រកាស​ឲ្យមាន​បទ​ឈប់​បាញ់​ក្នុង​ប្រទេស​ស៊ីរី​ផងដែរ ប៉ុន្ដែ​មិន​ទាន់​មាន​ផែនការ​ជាក់លាក់​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ក្រុម​ភេរ​វករ​ទេ​ហើយក៏​មិនទាន់​មាន​ការប្រកាស​ពី​ពេលវេលា​ជាក់លាក់​នៃ​ការចុះ​កិច្ច​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត