កិច្ចប្រជុំ​ចិន ជប៉ុន កូរ៉េខាងត្បូង​​​​នឹង​ធ្វើឡើង​​នៅ​ចុង​​សប្ដាហ៍​នេះ​

31-10-2015 9:03 am 1060
ប្រជាជនកូរ៉េខាងត្បូងនាំគ្នាប្រមូលផ្ដុំប្រឆាំង​លោកនាយករដ្ឋមន្ដ្រីជប៉ុន

​កិច្ចប្រជុំ​ត្រីភាគីរ​វា​ង​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​នៅ​ចុង​សប្ដាហ៍​នេះ​។ ជា​កិច្ចប្រជុំ​មួយ​ដែល​ធ្វើឡើង​បន្ទាប់​ពី​មេដឹកនាំ​ប្រទេស​ទាំង​បី​ខកខាន​មិន​បាន​ជួបគ្នា​តាំងពី​ខែ​ឧសភា​ឆ្នាំ​២០១២​។ នៅក្នុង​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​ពាំនាំ​មក​ជាមួយ​នូវ​គោលបំណង​ស្វែងរក​វិធីសាស្ដ្រ​ធ្វើការ​ជាមួយគ្នា​ទោះ​មាន​ទំនាក់ទំនង​រកាំរកូស ហើយ​អ្វី​ដែល​សំខាន់​គឺ​ចង់បាន​នូវ​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយគ្នា​។


​មេដឹកនាំ​កូរ៉េខាងត្បូង​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ចិន​និង​ជប៉ុន​ដាច់ដោយឡែក​ផងដែរ​។ កិច្ចប្រជុំ​កូរ៉េខាងត្បូង​-​ជប៉ុន​នឹង​ក្លាយ​ជា​កិច្ចប្រជុំ​ផ្លូវការ​លើកដំបូង​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​បាក គុន​ហេ និង​នាយករដ្ឋមន្ដ្រី​ជប៉ុន​ស្ហីន ហ្ស៊ូ​អាបេ​ចាប់តាំងពី​លោកឡើង​កាន់តំណែង​។ នៅ​មុនពេល​លោក​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង ក៏​មាន​ក្រុម​តវ៉ា​ប្រមូលផ្ដុំ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ផងដែរ​។


​ការប្រមូលផ្ដុំ​របស់​ប្រជាជន​កូរ៉េ​ខាងត្បូង ដោយសារ​មិន​ពេញចិត្ដ​នឹង​មេដឹកនាំ​ជប៉ុន ដែល​បរាជ័យ​ក្នុងការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទ្វើរ​បស់ខ្លួន​ក្នុង​សម័យ​សង្គ្រាម គឺ​នៅ​ពេល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េខាងត្បូង​៣៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩១០​។ អ្វី​ដែល​ប្រជាជន​កូរ៉េខាងត្បូង​ឈឺចាប់​បំផុត គឺ​នៅ​ពេល​ជប៉ុន​ចាប់​ស្ដ្រី​ជនជាតិ​កូរ៉េ​ខា​ត្បូង​ឲ្យទៅ​ធ្វើ​ជា​ស្ដ្រី​បម្រើ​កងទ័ព​ជប៉ុន និង​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​ថែម​ទៀត​។ នេះ​គឺជា​ចំណុចក្ដៅ​បំផុត ដែល​ប្រទេស​ទាំង​ពីរ​មិន​អាច​ដោះស្រាយបាន​នៅឡើយ​។ នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោកស្រី​បាក គុន​ហេ​និង​លោក​នាយករដ្ឋមន្ដ្រី​ជប៉ុន​ស្ហីន ហ្ស៊ូ​អាបេ ក៏​នឹង​លើកយក​រឿង​នេះ​មក​ពិភាក្សា​ផង​ដែរ​។​


​សូមបញ្ជាក់​ថា កិច្ចប្រជុំ​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​០២​វិច្ឆិកា ប៉ុន្ដែ​ជំនួប​ត្រី​ភាគី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០១​វិច្ឆិកា​។ រឿងរ៉ាវ​រវាង​ចិន ជប៉ុន​វិញ ក៏​តានតឹង​នឹង​គ្នា​ដែរ​។ ទី​មួយ​គឺ​ទាក់ទង​នឹង​ជម្លោះ​ដែន​កោះ មួយ​ទៀត​រឿង​ជប៉ុន​ចាប់​ស្ដ្រី​ជនជាតិ​ចិន​ទៅធ្វើជា​ទាសករ​ផ្លូវភេទ​ដូចគ្នា​នឹង​កូរ៉េខាងត្បូង ដែល​ធ្វើឲ្យ​ចិន​-​ជប៉ុន​មើលមុខ​គ្នា​មិន​ចំ​ដល់​បច្ចុប្បន្ន​។ អញ្ចឹង​ហើយ​ទើប​ភាគី​ទាំង​បី​សម្រេច​បង្កើត​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​ជួសជុល​ចំណង​មិត្ដភាព​ឡើងវិ​ញ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត