លោក​បាន គីមូន​​ជំរុញ​ឲ្យ​​អ្នកចូលរួម​​ពិភាក្សា​​ពី​វិបត្ដិស៊ី​រី​​ត្រូវ​ចេះ​​បត់បែន​

30-10-2015 3:06 pm 1061
ភាគី​ដែលចូលរួម​​ក្នុងកិច្ច​ចរចា

​ស្របពេល​ដែល​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​កំពុងតែ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​បញ្ចប់វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូនបាន​អំពាវនាវ​ថា កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​វី​យែន​ត្រូវតែ​ធ្វើយ៉ាងណា​បត់បែន​ទៅតាម​កាលៈទេ​សៈ រវាង​ប្រទេស​ដែល​គាំទ្រ​ដល់​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី​។ ។​


​លោក​បាន​ជំរុញ​ឲ្យ​អ្នកចូលរួម​ទាំង​៥​ប្រទេស មាន​អាមេរិក រុស្ស៊ី អ៊ីរ៉ង់ អា​រ៉ាប៊ីសាអូឌីត និង​តួ​ក​គី ត្រូវតែ​បោះបង់ចោល​នូវ​ទស្សនៈ​ជាតិនិយម ដើម្បី​ភាពជា​អ្នកដឹកនាំ​ពិភពលោក​។ ទាំងអស់នេះ​គឺជា​កិច្ចពិភាក្សា​ទីមួយ​ហើយ ដែល​មាន​វត្ដ​មាន​ភាគី​អ៊ីរ៉ង់​និង​ភាគី​រុស្ស៊ី​ដែល​កំពុង​ជួយ​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​។


​លោក​បាន គី​មូនបាន​សង្កត់ធ្ងន់ថា ប្រសិន​បើ​ភាគី​ចូលរួម​ក្នុង​កិច្ចចរចា​គិតតែ​ផលប្រយោជន៍​របស់​ខ្លួន​ជា​ធំ​នោះ នៅតែមាន​មនុស្ស​ទទួលរង​ការឈឺចាប់​ដដែល ហើយ​ពិភពលោក​ទាំងមូល​នឹង​រងគ្រោះ​ដូចគ្នា​។​លោក​ក៏​ធ្លាប់​និយាយ​ដែរ​ថា មិន​ត្រូវ​ប្រើ​កងទ័ព​ធ្វើជា​ដំណោះស្រាយ​ទេ​។​


​គួររម្លឹកថា សង្គ្រាម​នៅ​ស៊ី​រី​ជាង​៤​ឆ្នាំ​មកនេះ បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​២៥​ម៉ឺន​នាក់ និង​មាន​មនុស្ស​១១​លាន​នាក់​ចាកចោល​លំនៅស្ថាន​។ ដោយឡែក​ចំពោះ​រុស្ស៊ី​និង​អ៊ីរ៉ង់​ទើបតែ​បានចាប់ផ្ដើម​យុទ្ធនាការ​កងទ័ព​នៅ​ស៊ី​រី​ថ្មីៗ​នេះ​ទេ ដោយ​កម្លាំង​យោធា​របស់​គេ​គាំទ្រ​ដល់​រដ្ឋាភិបាល​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ ព្រោះ​ពួកគេ​ជឿជាក់ថា ការសហការ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការកម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​ភាគី​អាមេរិក​នឹង​សម្ព័ន្ធ​របស់​គេ​យល់​ថា លោក​អាសាដ មិនមែន​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ឡើយ​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត