មេដឹកនាំ​​កូរ៉េខាងត្បូង​​ប្ដេជ្ញាពង្រឹង​​វិស័យ​ការពារ​ជាតិ​​ប្រឆាំង​​ការ​បង្ក​ហេតុ​​ពី​កូរ៉េខាងជើង​​

27-10-2015 4:00 pm 1479
ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye

នៅ​ថ្ងៃ​ទី​២៧​តុលា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye បាន​ប្រកាស​ហើយ​ប្ដេជ្ញា​នៅក្នុង​រដ្ឋសភា​ថា កូរ៉េខាងត្បូង​នឹង​ពង្រឹង​សមត្ថភាព​ទៅ​លើ​វិស័យ​ការពារ​ជាតិ ដើម្បី​ការពារ​ការ​បង្កហេតុ​ពី​កូរ៉េខាងជើង​។ លោកស្រី​បាន​បង្ហាញ​ពី​ផែនការ​វិស័យ​ការពារ​ជាតិ​ថា នៅ​ឆ្នាំក្រោយ​នឹង​ចំណាយ​ថវិការ​ជាតិ​៤​ភាគរយ​ពី​៣៩​លាន​វ៉ុន​គឺ​ស្មើនឹង​៣៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោកស្រី​Park Geun-hye​បន្តទៀតថា ការចំណាយ​ថវិការ​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ ក៏​ដើម្បី​ប្រឆាំង​ភាព​តានតឹង​នៅតាម​ព្រំដែន​ដែរ​។ កន្លងមក យោធា​កូរ៉េខាងត្បូង​២​នាក់​បាន​ពិការ​ជើង បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បង្កប់​គ្រាប់​មីន​នៅ​តាម​ព្រំដែន​។ តែ​មកដល់​ពេលនេះ លោកស្រី​Park Geun-hye​បន្តថា កូរ៉េខាងត្បូង​ដាក់ពង្រាយ​យោធា​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​។​


​យ៉ាងណាក៏ដោយ លោកស្រី​Park Geun-hye​សន្យាថា នឹង​ព្យាយាម​រក​កិច្ច​ជំនួប​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ឱ្យ​សាច់ញាតិ​កូរ៉េ​ខាងត្បូង​និង​កូរ៉េខាងជើងបាន​ជួបជុំគ្នា​ញឹកញាប់ ក្រោយពី​បែកបាក់​គ្នា​ដោយ​សង្គ្រាម​កូរ៉េ​កាលពី​ឆ្នាំ​១៩៥០-១៩៥៣​។ លោកស្រី​Park Geun-hye​បន្តថា ការ​បង្កហេតុរវាងបងប្អូនកូរ៉េ ​គឺជា​ការ​រម្លឹក​ឱ្យ​ភាគី​ទាំង​ពីរ​បើក​កិច្ច​ចរចា​និង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជាមួយគ្នា​។ ជាក់ស្ដែង​កាលពី​ខែសីហា​កន្លងទៅ ភាព​តានតឹង​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េខាងជើង ហៀ​ប​ឈាន​ទៅ​ដល់​ការផ្ទុះអាវុធ​ដាក់គ្នាហើយ ប៉ុន្តែ​ដោយសារ​តែ​កិច្ចពិភាក្សា​ទ្វេរ​ភាគី ទើប​បងប្អូន​កូរ៉េ​ទាំង​ពីរ​ងាក​មក​រក​ច​រ​ចា​ដោយ​សន្តិភាព និង​ស្ថេរភាព​ឡើងវិញ​។


​ហេតុនេះហើយ លោកស្រី​Park Geun-hye​ចង់​ឱ្យ​កូរ៉េ​ខាងជើង​សហការគ្នា ដើម្បី​ផ្ដល់​ដំណឹង​ពី​សាច់ញាតិ​កូរ៉ខាងជើង​ដែល​នៅ​រស់​ទាំង​អស់ ដើម្បី​ផ្ដល់​ដំណឹង​ទៅឱ្យ​ក្រុម​គ្រួសារ​របស់​កូរ៉េខាងត្បូង។ ជា​ចុងក្រោយ លោកស្រី​Park Geun-hye​បាន​អំពាវនាវ​ដល់​កូរ៉េខាងជើង​ថា កូរ៉េខាងត្បូង​ស្វាគមន៍​ជានិច្ច ពី​ការចូលរួម​ធ្វើ​កិច្ចចរចា​សន្តិភាព ស្ថេរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​Park Geun-hye​ស្វាគមន៍​កូរ៉េខាងជើង​ចំពោះ កូរ៉េខាងជើង ចង់​រួបរួម​ជាមួយ​កូរ៉េខាងត្បូង​វិញ ដោយ​បំពេញ​តាម​លក្ខខណ្ឌ​អន្តរជាតិ​៕(ដោយ៖លាង ធីតា)​

ព័ត៌មានផ្សេងទៀត