លោក ​ខៀវ សុភ័គ​៖​សមត្ថកិច្ច​​កំពុង​​ខ្នះ​ខ្នែង​​លើករណី​​វាយ​​អ្នក​​តំណាងរាស្ត្រ​​សង្គ្រោះ​ជាតិ​​

27-10-2015 12:11 pm 9942

​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​រដ្ឋសភា​នា​ថ្ងៃ​ទី​២៦​តុលា​រហូត​បង្ក​ឲ្យ​កើតអំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប បាន​ក្លាយជា​រឿង​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នកនយោបាយ និង​សាធារណជន​ទូទៅ​។​ភ្លាមៗ​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មកា​រ​ស្រាវ ជ្រាវ​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃ​ទី​២៦​តុលា​។​គណៈកម្មការ​នេះ បង្កើតឡើង ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រ​។ សូម​បញ្ជាក់​ដែរ​ថា គណៈកម្មការ​ស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន និង​មាន​នាយ​នគរបាល​ជាន់ខ្ពស់​មួយ​ចំនួន ទៀត​ជា​សមាជិក​។​ទាក់ទង​ករណីនេះ សមត្ថកិច្ច​បាន​ខ្នះខ្នែង​អន្តរាគមន៍​ដោយ​ពុំ​ព្រងើយកន្តើយ​ឡើយ​។ នេះ​បើ​តាម​ការលើកឡើង​ពី​លោក​ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​លោក ខៀវ សុភ័គ​បាន​ថា សមត្ថកិច្ច​បាន​រំសាយ​ក្រុមបាតុករ​ចេញ​ពី​រដ្ឋសភា​ព​អស់ មុន​ក្រុម​ជន​អនាធិបតេយ្យ វាយ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​តាំងពី​ម៉ោងជាង​១០​ព្រឹក​។ លោក​ថា ប្រសិនបើ​ពុំ​មាន​សមត្ថកិច្ច​អន្តរាគមន៍ បញ្ហា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

 

​ឆ្លើយតប​នឹង​ការរិះគន់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ហេតុអ្វី​បានជា​ការការពារ​សន្តិ​សុខ នៅក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​រដ្ឋសភា​នា​ថ្ងៃ​ទី​២៦​តុលា ហាក់​មាន​ភាព​ធូររលុង ជាង​ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក​។ លោក​ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហារ​ផ្ទៃ​បាន​បញ្ជាក់ថា កម្លាំង​សមត្ថិកិច្ច​មាន​វត្តមាន​ដូច​សព្វ​ដង ហើយ​សមត្ថកិច្ច​បាន​បំបែក​ក្រុម​បាតុករ​ចេញ​ពី​បរិវេណ​ខាង​ក្រៅ​របង​រដ្ឋសភា​តាំងពី​ម៉ោង​១០​កន្លះ​ព្រឹក​។ លោក​ថា តើ​អ្នកណា​ទៅ​ដឹងថា​នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​មាន​ក្រុមបាតុករ មាន​បំណង​វាយ​ធ្វើបាប​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​គ្មាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ទេ ប្រហែល​អ្នក​រិះគន់​ក៏​ពិបាក​ខ្លួន​ដែរ​មើលទៅ​៖
……

​សំឡេង​លោក​ខៀវ សុភ័គ៖

​លោក​ខៀវ សុភ័គ​បាន​ឆ្លើយ​ការពារ​សមត្ថកិច្ច​ថា សូម​កុំ​បដិសេធ​តួនាទី​របស់​សមត្ថកិច្ច សូម​មាន​ការសហការ​ទាំងអស់គ្នា កុំ​ឆ្លើយ​ដាក់​គ្នា​បែប​នេះ​។ លោក​ខៀវ ​សុភ័គ​បាន​បង្ហើ​ប​ថា ពេលនេះ​សមត្ថកិច្ច​កំ​ពុង​​តាម​ប្រមាញ់​ជន​អនាធិបតេយ្យ​មួយក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​នេះ​៖

 

​សំឡេង​លោក​ខៀវ សុភ័គ៖

 

​​ដោយឡែក​ទាក់ទង​នឹង​ការស្នើ​សុំ​ជួយ​អន្តរាគមន៍ ពី​លោក​កឹម សុខា​អនុប្រធាន​រដ្ឋសភា​កម្ពុ​ជា ពាក់ព័ន្ធ​នឹង​ក្រុមបាតុករ​យក​ដុំថ្ម​គប់​ចូល​បរិវេណ​ផ្ទះ​របស់​លោក​កឹម សុខា​នៅ​យប់​ថ្ងៃ​ទី​២៦​តុលា លោក​ខៀវ​សុភ័គ​បាន​បដិសេធ ថា​លោក​មិន​បាន​ទទួលដំណឹង​ពី​ការ​ដង្ហោយ​រក​ជំនួយ​នេះ​ទេ​។

 

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៦​តុលា ប្រជាពលរដ្ឋ​រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋសភា ធ្វើ​បាតុកម្ម​ទាមទា​រ​ទម្លាក់លោ​កកឹម សុខា​ចេញពី​អនុប្រធានរដ្ឋសភា​។ មូលហេតុ​ថា លោក​កឹម សុខា ជា​មនុស្ស​អសមត្ថភាព និង​ភូតភរ​កុហក​បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើ​ការអុកឡុក បង្ក​ឲ្យមាន​កំហឹង​ពូជសាសន៍ និង​អាច​ឈាន​បង្ក​ឲ្យមាន​សង្គ្រាម​កើតមាន​ក្នុង​ផ្ទៃ​ប្រទេស​។ បន្ទាប់​ពី​បញ្ចប់​ការតវ៉ា មាន​មនុស្ស​មួយក្រុម​ស្ទះ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ​លោក​ញ៉យ ចំរើន​និង​លោក​គង់ សភា​។ នៅ​យប់​ថ្ងៃ​ដដែល​ជនពាល​មួយក្រុម​បាន​មក​ពទ្ធ័​គេហដ្ឋាន​របស់​លោក​កឹម សុខា ហើយ​បាន​ប្រើ​អំពើហិង្សា​ដោយ​មាន​ការ​គប់​ដំ​ថ្ម​ចូល​ក្នុង​របង​ផ្ទះ បណ្តាល​ឲ្យ​ភរិយា​លោក​កឹម សុខា​ត្រូវ​ជាប់​ក្នុង​ផ្ទះ​អស់​រយៈពេល​៦​ម៉ោង៕

 


ព័ត៌មានផ្សេងទៀត