មន្ត្រី​បក្ស​កាន់​អំណាច​ស្នើ​ឲ្យ​​​​តាម​​​ចាប់​​ជន​បង្ក​ហិង្សា​​និង​បដិសេធ​​មិនបាន​​​​នៅ​​ពី​ក្រោយ​​​​

26-10-2015 6:39 pm 15248

​ក្រោយពី​មាន​បាតុកម្ម​ទម្លាក់​តំណែង​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​ឈាន​ដល់​ការប្រើ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ មកលើ​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២​រូប ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ ដែល​បង្កឡើង​ដោយ​បាតុករ​មួយក្រុម​តូច មកលើ​តំណាងរាស្ត្រ លោក​គង់ សភា និង​លោក​ញ៉យ ចំរើន នៅ​ថ្ងៃ​ទី​២៦ តុលា​នេះ នៅ​វិមាន​រដ្ឋ​សភា​។​

 

​អំពើរ​ហិង្សា​ដ៏​ឃោ​រឃៅ និង​ព្រៃផ្សៃ​នេះ ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ជា​ការរំលោភ​បំពាន​លើ​អភ័យឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។​

 

​សេចក្តីថ្លែងការណ៍​បាន​បន្ត ដោយ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ចាត់វិធានកា​រ​ច្បាប់​ជា បន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ចាប់ខ្លួន​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​មក​លើ​តំណាងរាស្ត្រ​ទាំង ២​ខាងលើ​មក​ផ្តន្ទាទោស តាម​នីតិវិធី​ច្បាប់​។​

 

​យ៉ាងណាក៏ដោយ មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើហិង្សា លើ​តំណាងរាស្ត្រ​របស់​ខ្លួន​ទាំង​២​រូប​ប៉ុណ្ណោះ​ទេ សូម្បី​តែ​តំណាងរាស្ត្រ​គណ​បក្ស​​​​ប្រជាជន​កម្ពុជា លោក​ហ៊ុន ម៉ា​នី រួម​នឹង​អង្គការ​សមាគម​ជាច្រើន​ទៀត ក៏​បាន​ថ្កោលទោស​នឹង​អំពើហិង្សា​ដ៏​ឃោរឃៅ​នេះ និង​បាន​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច តាម​រក​ចាប់ខ្លួន​ជន​ប្រព្រឹត្ត មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។ វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ជុំវិញ​ករណី​នេះ ប៉ុន្តែ​ជាប់រវល់​ប្រជុំ​។​

 

​លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា ការប៉ះទង្គិច​គ្នា​រវាង បាតុករ និង​តំណាងរាស្ត្រ នៅ​ព្រឹក​ថ្ងៃទី​២៦​តុលា​នេះ គឺ​ជា​ទង្វើ​ខុសឆ្គង និង​ជា​គំរូ​មិនល្អ ដល់​ប្រជាពលរដ្ឋ ហើយក៏​ជា​ទង្វើ​ខុសច្បាប់​ផង​ដែរ​។ លោក​សុខ ឥ​សាន្ត បាន​បន្តទៀតថា ការតវ៉ា​នៅ​ព្រឹក​មិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​​កើត​ចេញពី​សណ្តា​ន​ចិត្ត​របស់​ប្រជាពលរដ្ឋ​មកពី​គ្រប់ មជ្ឈដ្ឋាន​ទូទៅ តែម្តង​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​បន្តថា គោលបំណង​ដែល​ក្រុមបាតុករ លើកគ្នា​មក​តវ៉ា​នៅពេលនេះ គឺ​ដើម្បី​​​​ទាមទារ​ឲ្យ​លោក​កឹម សុខា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ចុះចេញ​ពី​តំណែង ដោយសារ​មាន​ភាព​ថ្នាំងថ្នាក់​នឹង​សកម្មភាព​មួយ​ចំនួន របស់​អនុប្រធាន​ទី​១​រដ្ឋសភា​រូបនេះ​។

សម្លេង​លោក​សុខ ឥ​សាន្ត

 

​ក៏​មាន​ការលើកឡើង​ពី​សាធារណ​មតិ​ផងដែរ​ថា ចំពោះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា ដែលជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​មិញ​នេះ គឺ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​បាន​រារាំង​ឡើយ ថែមទាំង​មាន​ការសម្រួល​ចរាច​រណ៍ និង​បើក​ទូលាយ​ឲ្យមាន​ការចូលរួម​ធ្វើបាតុកម្ម​។ ប៉ុន្តែ​ប្រសិនបើ​បាតុកម្ម​នោះ ជា​បាតុកម្ម​ធ្វើឡើង​ដោយ​ក្រុម​ប្រជាពលរដ្ឋ តវ៉ា​រឿង​ជម្លោះ​ដីធ្លី​វិញ ប្រាកដ​ណាស់​ថា មាន​ការរារាំង បិទ​បា​រ៉ា​ស់ និង​បង្ក្រាប​លើ​ហ្វូង​បាតុកម្ម​ជាក់​ជាពុំខាន​។ ប៉ុន្តែ​សម្រាប់​ករណី​នេះ ត្រូវបាន​លោក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា​៖

សម្លេង​លោក​សុខ ឥ​សាន្ត

 

​ដោយឡែក លោក​ទិត្យ ត្រៃ​វេទ តំណាង​ប្រជាពលរដ្ឋ ដឹកនាំ​ធ្វើបាតុកម្ម​ទម្លាក់​តំណែង​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ផង​ដែរ​នោះ បាន​អះអាង​ថា ការចូលរួម​ធ្វើ​បាតុកម្ម​នេះ គឺ​មិន​មាន​គណបក្សនយោបាយ​ណា​មួយ​នៅ​ពីក្រោយ​នោះ​ទេ គឺ​កើត​ចេញពី​ទឹកចិត្ត​ប្រជាពលរដ្ឋ​សុទ្ធសាធ ព្រោះ​ប្រជាពលរដ្ឋ​អស់ជំនឿ​។ ហើយ​លោក​កឹម សុខា មិន​ដែល​យក​តួនាទី​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដូច​ទៅ​តាម​អ្វី​ដែល​ធ្លាប់​សន្យា កាលពី​ពេល​មិន​ទាន់​បាន​តំណែង​មួយ​នេះឡើយ​។​

​សម្លេង​លោក​ទិត្យ ត្រៃ​វេទ​ត

ចំណែកឯ​អំពើហិង្សា ដែល​បាន​កើតឡើង​ចំពោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២​រូបនោះ ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ​រូប​នេះ សម្តែង​ការសោកស្តាយ និង​មិន​ពេញចិត្ត​នឹង​ទង្វើ​បែប​នេះ​ឡើយ​។ ហើយ​ក្រុម​បាតុករ​ដែល​លោក​ដឹកនាំ មិន​បាន​នៅក្នុង​ហេតុការណ៍​នោះ​ឡើយ ក្រោយពី​បាន​ដាក់​ញត្តិ​ឲ្យ​គណៈកម្មការ​ទី​១​រដ្ឋសភា​រួច​មក ពួកគាត់​ត្រូវបាន​បំបែក​គ្នា​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​។​

 

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា និង​ស្នើសុំ​ឲ្យ​លោក​ហេង សំរិន ប្រធានរដ្ឋសភា និង​តំណាងរាស្ត្រ​ទាំងអស់ ដក​លោក កឹម សុខា ចេញពី​មុខតំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្រោម​ហេតុផល​ថា លោក កឹម សុខា បានធ្វើ​សកម្មភាព​ឃោសនា បោកប្រាស់​ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើ​ការអុកឡុក បង្ក​ឲ្យមាន​កំហឹង​ពូជសាសន៍ និង​អាច​ឈាន​បង្ក​ឲ្យមាន​ការសង្គ្រាម កើតមាន​ក្នុង​ផ្ទៃ​ប្រទេស​។ បាតុកម្ម​នេះ បាន​ឈាន​ដល់​កើតមាន​អំពើ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ដំណំ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត