ពលរដ្ឋ​អ៊ីស្រាអែល​​រាប់ពាន់នាក់​​ធ្វើ​បាតុកម្ម​​ទាមទារ​​សន្តិភាព​​ពីរដ្ឋាភិបាល

25-10-2015 10:32 am 1363

​ពលរដ្ឋ​អ៊ីស្រាអែល​ប្រហែល​៦​ពាន់​នាក់ ដឹកនាំ​ដោយ​អង្គការ​ឆ្វេងនិយម​បាន​នាំគ្នា​ប្រមូលផ្តុំ នៅ​កណ្តាល​ទីក្រុង​Tel Aviv​ ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាល ចរចា ​ស្វែងរកសន្តិភាពជា​ថ្មី​ជាមួយ​ប៉ាឡេ​ស្ទីន​។​ ការ​ប្រ​មូល​ផ្តុំ​តវ៉ា​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​សៅរ៍​ទី​២៤​តុលា​នោះ បាន​ធ្វើឡើង​ចំ​ពេល​ដែល​អន្តរជាតិ គឺ​សហរដ្ឋអាមេរិក​កំពុង​ខិតខំ ​ដើម្បី​បង្ក្រាប​រលក​អំពើហិង្សា​ដែល​កើតឡើង​ថ្មីៗ រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​

 

​ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​ប្រមូលផ្តុំ​ពី​Rabin Square​ស្ថិតនៅ​កណ្តាល​ទីក្រុង​Tel Aviv ដែល​ជា​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​អ៊ីស្រាអែល ឆ្ពោះទៅកាន់​Hakirya​ជាទី​តាំង​របស់​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​។ នៅក្នុង​ក្បួន​ធម្ម​យាត្រា​ក្រុមបាតុករ​បាន​ស្រែក​ថា ជនជាតិ​Jews និង​អារ៉ាប់ សូម​ច្រានចោល​ពាក្យ​ថា​សត្រូវ សម្រាប់​មនុស្ស​ពីរ​នាក់​គឺ​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​ អង្គការ​ឆ្វេងនិយម​ដែល​ដឹកនាំ​ការប្រមូលផ្តុំ បាន​ប​រិហារ​លោកនាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា លោក​Netanyahu​បាន​បរាជ័យ នៅក្នុង​ការផ្តល់​សន្តិភាព​ជូន​ពលរដ្ឋ ហើយ​ថា​បាន​យក​ប្រទេស​ទាំងមូល​ធ្វើជា​ចំ​ណាប់ខ្មាំង​នៃ​សង្គ្រាម​សាសនា​។ អ្នកដឹកនាំ​ការ​ត​វ៉ា​​បាន​ចោទ​រដ្ឋាភិបាល​អ៊ីស្រាអែល​ថា បានប្រែក្លាយ​ប្រទេស​ឲ្យទៅ​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ហិង្សា ប្រកាន់​ពូជ​ន៍​សាសន៍ និង​ជា​កន្លែង​ដែល​ពោ​ពេញ​ដោយ​ទុក្ខសោក​។​

 

​គួរកត់សំគាល់​ថា អំពើហិង្សា​ថ្មីៗ​និង​កាន់តែ​ធ្ងន់ធ្ងរ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន បាន​ផ្ទុះឡើង​បន្ទាប់ពីរ​អ៊ីស្រាអែល ប្រើប្រាស់​កម្លាំង​សន្តិសុខ​ហាមឃាត់​មិនអោយ​ពលរដ្ឋ​ប៉ាឡេ​ស្ទីន ធ្វើដំណើរ​ទៅ​ប្រ​ណិ​ប័ត​ន៍​ធម៌​នៅ​វិហារ​អ៊ីស្លាម​al-Aqsa ក្រោម​ហេតុផល​ដើម្បីចៀសវាង​អំពើ​ភេរវកម្ម​កើតឡើង​។ ប៉ុន្តែ​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​ព្រួយបារម្ភ​ថា​អ៊ីស្រាអែល រៀបចំ​គម្រោង ដើម្បី​លេប​ត្របាក់​ទីតាំង​នោះ​ធ្វើជា​កម្មសិទ្ធិ​នៅ​ថ្ងៃ​ណា​មួយ​។ ប៉ុន្តែ​ក្រោយ​មាន​ការអន្តរាគមន៍​ពី​អាមេរិក អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​ទី​២៣​តុលា បាន​បើក​អោយ​ពលរដ្ឋ​ប៉ាឡេ​ស្ទីន ធ្វើដំណើរ​ចូល​ព្រះវិហារ​ជា​ទីសក្ការៈ​ដ៏​ថ្លៃថ្លា​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដូច​​ធម្មតា​វិញ​។ សូមបញ្ជាក់​ថា​ព្រះវិហារ al-Aqsa ត្បិតតែ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ស្ស៊ី​ហ្សកដានី​ពិតមែន ប៉ុន្តែ​អ៊ីស្រាអែល​នៅតែ​បញ្ជូន​កងកម្លាំង​ប៉ូលិស​ត្រួតពិនិត្យ​ការចេញចូល​យ៉ាង​តឹងរឹង​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត