​លោក​​ហ៊ុន សែន​ដាក់​សំណួរ​ថា ​អ្វី​ទៅ​ជាដើមចម​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?

22-10-2015 5:12 pm 1225

ថ្ងៃ២៣​តុលា ​ឆ្នាំ​២០១៥ គឺ​ខួប​២៤​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព ​ទី​ក្រុង​ប៉ារីស​ស្តី​ពី​ កម្ពុជា។ ២៤​ឆ្នាំ​មុន ភាគី​ទាំង​៤​ របស់​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ សន្តិភាព​មួយ​ ក្រោម​វត្តមាន​ សាក្សី​ដែល​មក​ពី ​១៨​ប្រទេស និង​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​​ផងដែរ។ ប៉ុន្តែរហូត​មក​ដល់​ពេល​នេះ អ្នក​នយោ​បាយ​​​​ នៅ​បន្ត​អោយ ​និយមន័យ​ផ្សេង​គ្នា​ លើ​កិច្ច​ព្រមព្រៀង​ ទី​ក្រុង​ប៉ារីស​នេះ។

 

ជាថ្មីម្តងទៀត ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ​ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលគេ​ធ្លាប់​ដឹងថា ជាបុគ្គលលិចធ្លោ ក្នុងការដឹកនាំចរចា ដើម្បីបញ្ចប់សង្គ្រាម​ ស៊ីវិលនៅ​កម្ពុជា បានទាមទាឲ្យ​មាន​​ការ​បកស្រាយ ឲ្យបានច្បាស់លាស់ ចំពោះ​​ដើម​​​​ចម​​ នៃកិច្ចព្រមព្រៀងសន្តិភាព ​ទីក្រុង​ប៉ារីស​២៣​ តុលា​ ឆ្នាំ១៩៩១នេះ។

 

សំឡេងលោកហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា៖

 

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​យ៉ាងដូច្នេះ នៅក្នុង​ពិធី​បើក​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ ជ្រោយចង្វារ មិត្តភាព​កម្ពុជា​-​ចិន នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ​។​

 

សូមរម្លឹកថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ត្រូវ​​បាន​ចុះ​ហត្ថលេខា​ ដោយ​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​ នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ ក្រុម គឺ​ក្រុម​​សីហនុ​និយម ក្រុម​អ្នក​ជាតិ​និយម ​របស់​លោក សឺន សាន ក្រុម​ខ្មែរ​ក្រហម ​របស់ប៉ុល ពត និង​​របប​រដ្ឋ​កម្ពុជា របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

 

កិច្ចព្រមព្រៀង​ជា​ ប្រវត្តិសាស្ត្រ​នេះ មាន​គោលដៅ​សំខាន់ៗ បីយ៉ាង។ ទី១​ រៀប​ចំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​ នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការអនុវត្តន៍ ​កិច្ច​ឈប់​បាញ់ និង ការ​រំសាយ​អាវុធ​ នៅ​ក្នុង​ជួរ​កងទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់។ គោលដៅ​ទី​២ ចាក់​គ្រឹះ​​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​​កម្ពុជា តាមរយៈ​ការ​រៀបចំ​ បោះឆ្នោត​សភា​ធម្មនុញ្ញ។ ទី៣​​ ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ​​បំពាន​បាន​ឡើយ ​នូវ​ទឹក​ដី​អព្យាក្រឹតភាព និង​ឯកភាពជាតិ​ របស់​ប្រទេស​កម្ពុជា។

 

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ ​នយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា មានចំណុចចំនួនពីរ ដែល​ជាដើម​​​​ចម​​​ នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព ​​ទីក្រុង​ប៉ារីស​២៣​ តុលា​ ឆ្នាំ១៩៩១។ ទី១ ដោយសារតែ​ពិភព​​លោក​បានបញ្ចប់ នៅសង្រ្គាមត្រជាក់ ពីព្រោះកម្ពុជាធ្លាក់ ទៅក្នុងសង្គ្រាម​ស៊ីវិល ក៏ដោយសារ​តែឥទ្ធិពល​ នៃសង្រ្គាមត្រជាក់ផងដែរ។ ទី២ ដោយសារ​តែភាគី​ខ្មែរគ្នាឯង យល់ឃើញថា សង្គ្រាម​ស៊ីវិល​​នេះវា​ឆ្អែត​ឆ្អន់ ហើយវាធ្វើឲ្យ​ស្លាប់តែខ្មែរ និងខ្មែរគ្នាឯង ទើបបានភាគីទាំងអស់ បានជ្រើសរើស កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​ ទីក្រុង​ប៉ារីស​២៣​ តុលា​ ឆ្នាំ១៩៩១ ជាថ្ងៃដែល​បញ្ចប់ សង្រ្គាមស៊ីវិល នៅកម្ពុជា។

 

សំឡេងលោក រស់ រ៉ាវុធ៖

 

ស្រដៀងគ្នានេះផងដែរ លោកស្រីជា វណ្ណាត អ្នកវិភាគសង្គមកម្ពុជា មានប្រសាសន៍ថា  ដើម​​​​ចម​​នៃកិច្ច​ព្រម​ព្រៀង ​​​សន្តិភាព​​ទីក្រុង​ប៉ារីស​២៣​ តុលា​ ឆ្នាំ១៩៩១នេះ ដោយសារតែភាគី ជម្លោះកម្ពុជា ត្រូវបាន ប្រទេស ដែលនៅពីក្រោយ ឈប់ផ្តល់ជំនួយ។ ម្យ៉ាងវិញទៀតចំពោះ ភាគីកម្ពុជានីមួយ ក៏មានភាពឆ្អែត​ឆ្អន់ ចំពោះ សង្រ្គាម ដោយយល់ថា សង្រ្គាមនេះមិនបាន ផ្តល់ផលប្រយោជន៍ អ្វីដល់កម្ពុជា មានតែ​ស្លាប់​តែ​ខ្មែ​រគ្នា​ឯង​។

 

សំឡេងលោកស្រីជា វណ្ណាត៖

 

បើតាមការលើកឡើង របស់អ្នកជំនាញទាំងពីរ បានបញ្ជាក់ថា ជនដែលដែលលិចធ្លោ ចំពោះការដឹកនាំ ចរចា​ដើម្បី​រក​សន្តិភាព មកម្ពុជានៅពេលនោះ មានដូចជាសមមិត្តហ៊ុន សែន ដែលសព្វថ្ងៃជា​នាយករដ្ឋ​មន្ត្រី​​កម្ពុជា និងសម្តេច​​នរោត្តម​ សីហនុ។

 

គួបញ្ជាក់ថា ចាប់​ពីក្រោយ​រដ្ឋប្រហារ១៨ មីនា ១៩៧០ ប្រទេស​កម្ពុជា ដែល​ជា​កោះសន្តិភាព​មួយ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ ភ្នក់ភ្លើងសង្គ្រាម​ យ៉ាង​សន្ធោរ​សន្ធៅ​។ រយៈពេល​៥​ឆ្នាំ​ក្រោយ​ សង្គ្រាម​ដ៏​វិនាស​កម្ម​នោះ ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រេកអរ​គ្រប់ៗ​គ្នា គិត​ថា​បាន​សន្តិភាព ប៉ុន្តែ​ផ្ទុយទៅវិញ​វា​បាន​ធ្លាក់ចុះ​ យ៉ាង​ជ្រៅ​​ថែម​ទៀត ​ទៅ​ក្នុង​របប​ប្រល័យ ពូជសាសន៍ ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​ បន្ថែមទៀត​។​ ប៉ុន្តែតាមរយៈកិច្ច​​ព្រម​ព្រៀង​​ សន្តិភាព​​ទីក្រុង​ប៉ារីស ​២៣​តុលា​ឆ្នាំ១៩៩១ សង្គ្រាម​ស៊ីវិលនេះ ត្រូវបានបិទ បញ្ចប់​រហូត មកដល់សព្វថ្ងៃ៕

 

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត