លោក​​យ៉ែម បុញ្ញ​ឫទ្ធិ​៖​​ខ្ញុំ​​មិន​​ខ្វល់​​នឹង​​ប្រសាសន៍​​របស់​​លោក​​ហ៊ុន សែន​ឡើយ

20-10-2015 6:46 pm 3172
​លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រងគណបក្ស​សង្គ្រោះ​ជាតិ

​លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យរង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឆ្លើយតប​ទៅនឹង ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ថា ការអត្ថាធិប្បាយ របស់លោក ដោយ​ប្រដៅ​ដល់​អ្នកនយោបាយ​នោះ លោក​មិន​បាន​អត្ថាធិប្បាយដោយ​សម្តៅលើ​បុគ្គល​ណាមួយ​នោះ​ទេ បើ​ទោះបីជា​ក្នុង គណបក្សកាន់អំណាច ឬ​គណបក្ស​របស់​លោក​ក៏ដោយ ។ លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកឡើង​ថា «​ខ្ញុំ​គិតថា មិនមាន​អ្វី​សំខាន់​ទេ ពី​ព្រោះ​ខ្ញុំ​អត្ថាធិប្បាយ មិន​សម្តៅ​ទៅលើ​នរណា ឬ​បុគ្គល​ណា​នោះ​ទេ បើ​ទោះបីជា​នៅក្នុង​គណបក្ស ក៏​ខ្ញុំ​មិន​បាន​បង្ហាញ​ចំពោះ​បុគ្គល​ណា​នោះដែរ ហើយ​ការរិះគន់​របស់ខ្ញុំ ក្នុងនាម​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងម៉េច ដើម្បី​តែ​ផលប្រយោជន៍​សង្គម​ជាតិ​តែ​ប៉ុណ្ណោះ​»​។ ការលើកឡើង​បែប​នេះ​របស់​លោក យ៉ែម បុញ្ញ​ឫទ្ធិ បន្ទាប់ពី​មាន​ការព្រមាន​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ ។​យើង​នឹង​វិល​មក​លំអិត​ព័ត៌មាន​នេះ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​នា​ពេល​បន្តិចទៀត ដោយ​មាន​បទ​អន្តរា​គម​ពី​ឆេង សូរិយា​។​

​វិសាល​៖ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ បាន​ប្រតិកម្ម និង​ព្រមាន​ខ្លាំងៗ​ជុំវិញ​ការលើកឡើង​របស់ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ នៅលើ Facebook  របស់​លោក​ដោយ​និយាយ​ថា «​អ្នកនយោបាយ​ត្រូវ​ហ៊ាន បើក​ចិត្ត​ទូលាយ ក្នុង​ការទទួលយក​មតិ​រិះគន់ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ ដើម្បី​ធ្វើ​ការកែលម្អ តែ​មិន​ជា​កញ្ចក់​បង្អួច​កញ្ចក់​ទ្វារ​»​។​ក្រោយពី​មាន​ការ​ប្រតិកម្ម​ពី​លោក​ហ៊ុន សែន​រួចមក  តើ​លោក​យ៉ែម បុញ្ញ​ឫទ្ធិ មាន​ការឆ្លើយតប​បែបណាខ្លះ​?

 

​សូរិយា​៖​មិន​អត់​នោះទេ វិសាល​ក្រោយពី​មានប្រតិកម្ម​ភ្លាមៗ​ពី​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឆ្លើយតប​ទៅនឹង ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ថា ការអត្ថាធិប្បាយ របស់លោក ដោយ​ប្រដៅ​ដល់​អ្នកនយោបាយ​នោះ លោក​មិន​បាន​អត្ថាធិប្បាយដោយ​សម្តៅលើ​បុគ្គល​ណាមួយ​នោះ​ទេ បើ​ទោះបីជា​ក្នុង គណបក្សកាន់អំណាច ឬ​គណបក្ស​របស់​លោក​ក៏ដោយ ។ លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកឡើង​ថា «​ខ្ញុំ​គិតថា មិនមាន​អ្វី​សំខាន់​ទេ ពី​ព្រោះ​ខ្ញុំ​អត្ថាធិប្បាយ មិន​សម្តៅ​ទៅលើ​នរណា ឬ​បុគ្គល​ណា​នោះ​ទេ បើ​ទោះបីជា​នៅក្នុង​គណបក្ស ក៏​ខ្ញុំ​មិន​បាន​បង្ហាញ​ចំពោះ​បុគ្គល​ណា​នោះដែរ ហើយ​ការរិះគន់​របស់ខ្ញុំ ក្នុងនាម​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងម៉េច ដើម្បី​តែ​ផលប្រយោជន៍​សង្គម​ជាតិ​តែ​ប៉ុណ្ណោះ​»​។​នេះ​គឺ​ជា​ការបញ្ជាក់​របស់លោក លោក​យ៉ែម បុញ្ញឫទ្ធិ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​។​ថ្លែង​បញ្ជាក់​បន្ថែម​ទៀត នៅ​ក្នុង​បណ្តាញ​សង្គម​Facebook របស់លោក លោក​យ៉ែម បុញ្ញឫទ្ធិ​បាន​បញ្ជាក​ឲ្យដឹងថា ក្នុងនាម​ជា​អ្នកនយោបាយ ឬក៏​អ្នកដឹកនាំ តែងតែ​មាន​ទស្សនៈ គំនិត​យោបល់ គោលជំហរ និង​ការយល់ឃើញ​របស់​ខ្លួន​។ ការសរសេរ ការនិយាយ ក្នុង​បំណង​ចូលរួម​កែលម្អ ស្ថាបនា​សង្គម ឲ្យមាន​លក្ខណៈ​មួយ ល្អ​ប្រពៃ ការ​គិត​ជា​វិជ្ជមាន ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជាតិ​យើង​។​ព្រះសង្ឃ​ខ្មែរ ប្រជា​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ ដែល​មាន​ការតាមដាន ចូលរួម​ស្វែង​យល់​ពី​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាតិ កាន់តែ​បាន​យល់ដឹង​ច្រើន​ឡើងៗ ដែល​ជា​ក្តីសង្ឃឹម​មួយ​របស់​ប្រជាជាតិ​មួយ ក្នុង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព យុត្តិធម៌​សង្គម និង​សមធម៌​។​នេះ​គឺជា​ការលើកឡើង​របស់​លោក លោក​យ៉ែម បុញ្ញឫទ្ធិ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​វិសាល​៖​ការ​ឆ្លើយឆ្លង​នេះ ប្រាកដជា​មាន​ការងឿងឆ្ងល់​បន្តិច​ថា កើត​ឡើង​តាំងពី​ពេលនេះ ជុំវិញ រឿងនេះ តើ​សូរិយា អាច​បញ្ជាក់​ឲ្យ​ច្បាស់​បន្តិច​ថា តើ​ដើមចម​នៃ​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ នៅក្នុង​គណបក្ស​ធំៗ​ទាំងពីរ​នេះ កើតឡើង​ដោយ​របៀប​ណា​?

​សូរិយា​៖​ពិបាក​បកស្រាយ​បន្តិច​ដែរ វិសាល សម្រាប់​អ្នកនយោបាយ​ហាក់ដូចជា មានរឿង​ប្រទាក់​ក្រឡ​គ្នាច្រើន​។ តែ​រឿងរ៉ាវ ដែល​ចាប់ផ្តើម ឆ្លើយឆ្លង​គ្នា នឹង​ក្លាយ​ជា​ការចាប់អារម្មណ៍​ខ្លាំង​របស់​សាធារណ​ជន​នោះ គឺ​ផ្តើមចេញ​ពី​ការ​បង្ហោះ​ឲ្យដឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​យ៉ែម បុញ្ញឫទ្ធិ​ដែលមាន​ខ្លឹមសារ​ថា អ្នកនយោបាយ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ទូលាយ ក្នុង​ការទទួលយក​មតិ​រិះគន់​ស្ថាបនា ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ ដើម្បី​ធ្វើ​ការកែលម្អ តែ​មិន​ជា​កញ្ចក់​បង្អួច​កញ្ចក់​ទ្វារ​។​នៅពេល​ដែល​គណបក្ស​នយោបាយ​មួយ​ឈ្នះឆ្នោត គណបក្ស​នោះ​នឹង​យក​គោលនយោបាយ​របស់​គេ​ទៅ​អនុវត្ត ហើយ​គណបក្ស​ស​ង្រោះ្គ​ជាតិ មាន​គោលនយោបាយ ជួយ​លើកស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ មន្ត្រីរាជការ ដើម្បី​ឲ្យ​គាត់​មាន​ប្រាក់ខែ​សមរម្យ រស់នៅ​ដោយ​ថ្លៃថ្នូរ​។​ត្រូវ​យល់​ពី​បំណង​អ្នក​និយាយ​ញុះញង់ គឺ​ចង់ឲ្យ​យើង​បាត់ សាមគ្គីភាព បែកបាក់​ស្មារតី​ជាតិនិយម​!​ត្រូវ​យល់​ពី​បំណង​អ្នក​និយាយ​សម្លុត​គំរាមកំហែង គឺ​ចង់ឲ្យ​យើង​ខ្លាច បោះបង់​ស្មារតី​ជាតិនិយម​!​ត្រូវ​យល់​ពី​បំណង​អ្នក​និយាយ​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ គឺ​ចង់ឲ្យ​យើង​ចាញ់ យុទ្ធសាស្ត្រ​បំបាត់​ជំនឿ​ស្មារតី​ជាតិនិយម​!​ត្រូវ​យល់​ពី​បំណង​អ្នក​និយាយ​ភូតកុហក គឺ​ចង់ឲ្យ​យើង​ជឿ ត្រូវ​សណ្តំ​លង់លក់​ភ្លេច​ស្មារតី​ជាតិនិយម​!​ត្រូវ​យល់​ពី​បំណង​អ្នក​និយាយ​បញ្ចើចបញ្ចើ​បញ្ជារ គឺ​ចង់ឲ្យ​យើង​ជោរ លែង​ទទួលស្គាល់​ការពិត​ស្មារតី​ជាតិនិយម​។​

វិសាល​៖ និយាយ​ពី លោក​ហ៊ុន សែន​វិញ កន្លងមក​បាន​លើកឡើង​អ្វីខ្លះ​ជុំវិញ ការ​ឆ្លើយឆ្លង​គ្នា ជាមួយ លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​?

 

​សូរិយា​៖​ជា​ការពិត​ណាស់ វិសាល គឺ​ពិតជា​មាន​ណា លោក​ហ៊ុន សែន បាន​ចាត់ទុកថា ការលើកឡើង​នេះ មាន​ចេតនា​ប្រដៅ​ដល់​លោក​ហ៊ុន សែន ហើយ​ការពារ​មេដឹកនាំ​របស់​ខ្លួនឯង ដែល​បាន​ថ្លែង​រិះគន់​ប្រព័ន្ធ​អប់រំ នៅ​កម្ពុជា​ថា អន់​បំផុត ហើយ​សញ្ញាបត្រ​គ្មាន​តម្លៃ​។ សម្តេច​តេជោ បានបញ្ជាក់​ថា ចំពោះ​រឿង​នេះ សម្តេច​នឹង​កំដរ​លេង​បាន​គ្រប់​ទម្រង់ គ្រប់​រដូវ​កាល និង​គ្រប់​រស់ជាតិ ជាមួយ​បក្សប្រឆាំង​។​បញ្ជាក់​ជូន​អ្នក​ស្តាប់​ថា ការ​ប្រតិកម្ម​ខ្លាំងៗ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក យ៉ែម បុញ្ញ​ឫទ្ធិ បានបង្ហាញ​សារ​វិដេអូ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ នៅក្នុង Facebook របស់លោក កាល​ពី​ទី​១៩​តុលា​។​បន្ថែម​ពីលើ​នេះ ទៀត​នោះ លោក​ហ៊ុន សែន​ក៏​បាន​បង្ហោះ​ឲ្យដឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​លោកថា រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ឋសភា បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បម្រើ​ប្រទេសជាតិ​ដោយ​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង ស្ថិរភាព​នយោបាយ​សង្គម​បានល្អ ទើប​ធ្វើអោយ​ប្រទេស​យើង​កាន់តែ​រីក​លូតលាស់​ទៅមុខ​។ ជា​ពិសេស​បំផុត​នោះ​គឺ​កម្ពុជា​មាន ព្រះមហាក្សត្រ​ដ៏​ឆ្នើម​បំផុត ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង ចំពោះ​ប្រជារាស្ត្រ​ព្រះអង្គ ដែល​បាន​ធ្វើអោយ​សង្គម​ជាតិ​ទាំងមូល​មាន​ភាពសុខសាន្ត​។​កន្លងទៅ ទោះ​បី​រាជរដ្ឋាភិបាល​ខិតខំ​អភិវឌ្ឍន៍​កសាង​សមិទ្ឋិផល​អ្វី ក៏​បុគ្គល​ប្រឆាំង​ជ្រុល​មួយចំនួន​មិន​បាន​សាទ​រដែរ មានតែ​ការ​និន្ទារ​ប្រមាថ​។ រី​ឯ​ចំពោះ​ការបើកឧិកាស​អោយ​មាន​ការ​រិះគន់វិ​ញ គឺ សម្តេច​តេជោ បាន​បើកចំហរ ទូលាយ​អោយមាន​ការចូលរួម​រិះគន់​ស្ថាបនា​ក្នុង Facebook​លោក​ផ្ទាល់​។ មានតែ​មេ​បក្ស​ប្រឆាំង​ទេ ដែល​បំបិទ (Blocked) មិនអោយ​មាន​អ្នក​ចូល​រិះគន់​។ តែ​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន​បាន​យក​ឧិ​កាសនេះ​វាយប្រហា​រជេរ​ប្រមាថ​រហូតដល់​អាយុជីវិត​សម្តេច​ទៀតផង​។ តើ​នេះ​ឬ​ជា​ការរិះគន់​ស្ថាបនា​? តើ​បើកទូលាយ​ប៉ុណ្ណឹង​ហើយ​មិនទាន់​គ្រប់គ្រាន់​ទៀត​? សម្តេច​តេជោ​មិនបានគំរា​ម​អ្នកណា​ឡើយ ប៉ុន្តែ​បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​។ រឿង​នេះ​មិន​ទាន់​ចប់​ទេ បើ​អ្នក​ទាំងនោះ​ចង់​បន្ត​លេង​បាន​។​លោក​អាច​កំដរ​លេង​គ្រប់​ទម្រង់ គ្រប់​រដូវ​កាល​ទាំងអស់ និង​គ្រប់​រស់ជាតិ​ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់​។ នេះ​ជា​ជម្រើស​របស់​ពួកគេ ថា​តើ​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ដោយ​សុទ្ឋ​ចិត្ត ឬ​បន្ត​លេងល្បែង​គ្រោះថ្នាក់​អន្តរាយ​ទាំងនេះ​តទៅទៀត​។​

លោក​ហ៊ុន សែន ជានិច្ច​ជា​កាល​គឺ​ខិតខំ​បម្រើ​ប្រទេសជាតិ​ដោយ​សុទ្ឋ​ចិត្ត មិន​គិត​ពី​សុខភាព និង​ការនឿយហត់​ហើយ​ខំប្រឹង​បំពេញ​នូវ​សេចក្តី ត្រូវការ​និង កង្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស​។ សំខាន់​សម្រាប់​លោក​ពេលនេះ គឺ​ប្រជាពលរដ្ឋ​មានទឹក​គ្រប់គ្រាន់​ធ្វើស្រែ មាន​ការងារ​ធ្វើ មាន​បាយ​ទទួលទាន មាន​ផ្លូវ ធ្វើដំណើរ មាន​សាលារៀន​សម្រាប់​កូនចៅ​រៀនសូត្រ និង​រស់នៅ​ដោយ​សុខដុម​រម្យ​នា។ យ៉ាងណាក៏ដោយ នឹង​មាន​ការ​ឆ្លើយឆ្លង​ជា​បន្តបន្ទាប់​ទៀត ជុំវិញ​ការលើក​ឡើង​រវាង​ថ្នាក់ដឹកនាំ គណបក្សនយោបាយ​ទាំងពីរ​ខាងលើ​នេះ​។​

​វិសាល​៖​អរគុណ សូរិយា

​សូរិយា​៖​ចា​ស អរគុណ​វិសាល និង​ជំរាបលា

 


ព័ត៌មានផ្សេងទៀត