សង្គ្រោះ​ជាតិ​៖​​អំណាច​ខ្មែរ​​​គួរ​រក​​កៅអី​​​នៅ​សភា​​ឲ្យបាន​​​សិន ​​​ចាំ​មក​​និយាយ​​​​ជាមួយ​​ខ្លួន​​​​

16-10-2015 6:16 pm 5952

​បន្ទាប់ពី​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ គ្រោង​នឹង​អញ្ជើញ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​វាគ្មិន​ក្នុង​វេទិកា​«​ភាព​ជា​អ្នកនយោបាយ​» ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​ខាង​មុខ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា ដៃគូរ​ប្រកួតប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានតែ​១​គត់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​យឹម សុវណ្ណ បន្តថា គណបក្ស​ណា​ដែល​មិន​ទាន់​បាន​អំណាច​ពី​ប្រជាពលរដ្ឋ មិនទាន់​ត្រូវបាន​ប្រជាពលរដ្ឋ​ជ្រើសរើស​ឲ្យទៅ​បំរើ​ការងារ​នៅ​រដ្ឋសភា គណបក្ស​មួយ​ហ្នឹង​ខំប្រឹង​សិន​ទៅ ហើយ​នៅពេល​ដែល​ទទួលបាន​ជា​តំណាង​ប្រជាពលរដ្ឋ​ហើយ ចាំ​មក​ជជែក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​តាមរយៈ​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​លោក​សួន សេរី​រដ្ឋា នា​ថ្ងៃ​ទី​១៦​តុលា​នេះ គឺ​គណបក្ស​អំណាច​ខ្មែរ នឹង​អញ្ជើញ​លោក​សម រង្ស៊ី ឡើង​វេទិកា «​ភាព​ជា​អ្នកនយោបាយ​» ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូលរួមបាន​ដេញដោល សួរ សំណួរ​ដោយ​សេរី ក្នុងនាម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៃ គណបក្ស​សង្គ្រោះ​ជាតិ​។ ជាមួយគ្នានេះ លោក​សួន សេរី​រដ្ឋា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​បើ​លោក សម រង្ស៊ី គាត់​ពិតជា​អ្នកនយោបាយ​ដែល​មាន​វប្បធម៌ ជា​អ្នកប្រជាធិបតេយ្យ បែប​លោក​សេរី​មែន​នោះ ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​ចូលរួម ហើយ​មាន​សេចក្តីក្លាហាន​ឡើង​មក​លើ​វេទិកា «​ភាព​ជា​អ្នកនយោបាយ​» ជួប​ជាមួយ​បងប្អូន និង​ឆ្លើយ​សំណួរ​របស់ បងប្អូន​។ ហើយ​លោក​នឹង​រង់ចាំ​ចម្លើយ​ពី​លោក សម រង្ស៊ី​។​

 

បើទោះបីជា មិន​មាន​ការឆ្លើយតប​ដោយ​ផ្ទាល់​ពី​លោក​សម រង្ស៊ី ក៏ពិតមែន ប៉ុន្តែ​បើ​តាម​ការអះអាង​ពី​មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ហើយ​ថា ខ្លួន​ត្រូវ​ការជជែក​ជាមួយ​គណបក្ស​ណា​ដែល​មាន​កៅអី​ក្នុង​រដ្ឋសភា​តែ​ប៉ុណ្ណោះ​។​

សម្លេង​លោក​យឹម សុវណ្ណ​

 

​ជា​ការកត់សម្គាល់ គណបក្ស​អំណាច​ខ្មែរ​តែងតែ រៀបចំ​បង្កើត​នូវ​វេទិកា ដែល​ចង់ឲ្យ​មាន​ការចូលរួ​ម​ពី​គណបក្ស​នយោបាយ ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ គណបក្ស​មួយ​នេះ បាន​រៀបចំ​សិក្ខាសាលា​មួយ ដែល​និយាយ​អំពី ទិសដៅ​នៃ​ការបង្កើត​សម្ព័ន្ធ​គណបក្ស នយោបាយ ដែល​គ្មាន​សម្លេង​ក្នុង​សភា ដើម្បី​ធ្វើ​ការតស៊ូ​គោល​នយោបាយ​រួម និង​យុទ្ធសាស្ត្រ​គោលនយោបាយ​ទាំង​៣ ជំហាន​របស់​គណបក្ស​។ កាលនោះ​លោក សួន សេរី​រដ្ឋា បាន​អះអាង​ថា មូលហេតុ​ដែល​គណបក្ស របស់លោក បង្កើត​សម្ព័ន្ធ​គណបក្ស នយោបាយ ដែល​គ្មាន​សម្លេង​ក្នុង​សភា ដោយសារតែ​លោក​គិតថា ពេល​ក្រោយ​ការបោះឆ្នោត​ម្តងៗ  គណបក្សនយោបាយ ដែល​គ្មាន​សម្លេង​ក្នុង​សភា មិន​ដែល​មាន​សកម្ម ភាព​របស់​ខ្លួង​ទេ ដោយសា​តែ​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​សភា គេ​ប្រើ​តែ​គោលនយោបាយ របស់​គណបក្ស​គេ​។​

 

​កន្លងមក​គណបក្ស​នេះ បាន​ដាក់​លិខិត ទៅកាន់​គណបក្ស​ដែល​គ្មាន​សម្លេង​ក្នុង​រដ្ឋសភា​ផងដែរ តែ​មាន​គណបក្ស​ចំនួន​ពីរ បាន​បដិសេធ​មិន​ចូលរួម ក្នុងនោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មាន​លោក​យ៉េង វីរៈ ជា​ប្រធាន និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក​ម៉ម សូណង់ដូ​។ ដោយឡែក​ឥឡូវនេះ គណបក្ស​អំណាច​ខ្មែរ​គ្រោង​នឹង​បង្កើត​វេទិកា​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា «​ភាព​ជា​អ្នកនយោបាយ​» ដោយ​ចង់បាន​លោក​សម រង្ស៊ី ចូលរួម​។ សកម្មភាព​របស់​គណ​បក្ស​អំណាច​ខ្មែរ​ទាំង​នេះ ត្រូវបាន​គេ​មើលឃើញថា គ្រាន់តែ​ចង់​បាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណាក្តី លោក​យឹម សុវណ្ណ បាន​ផ្តល់​ជា​អនុសាសន៍​ឲ្យ​គណបក្ស​ថ្មី​ថ្មោង​មួយ​នេះ គួរតែ​ខិតខំ​ប្រឹងប្រែង​បន្ថែម​។​

សម្លេង​លោក​យឹម សុវណ្ណ​

 

​គួរបញ្ជាក់​ថា ទោះបីជា​យ៉ាងណា​ក៏ សម្រាប់​គោល​គំនិត​ក្នុង​ការបង្កើត​សិក្ខាសាលា ឬ​វេទិកា​ផ្សេងៗ​របស់​គណបក្ស​អំណាច​ខ្មែរ គឺជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដែល​គណបក្ស​នយោបាយ​ដទៃ​ផ្សេង​ទៀត​ពុំ​ធ្លាប់​ធ្វើ​ឡើយ​។ បើទោះបី​ការរៀបចំ​នេះ ត្រូវបាន​បដិសេធ​យ៉ាងណាក៏ដោយ ក៏​គណបក្ស​មួយ​នេះ នៅតែ​មិន​បោះបង់ គោលជំហរ​របស់​ខ្លួន​ឡើយ ដោយ​នឹង​អញ្ជើញ​គណបក្ស​ដែល​គ្មាន​កៅអី​ក្នុង​រដ្ឋសភា ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី ការបង្កើត​សម្ព័ន្ធ​តស៊ូ​គោលនយោបាយ​រួម នៅ​ថ្ងៃ​ទី​២៩ តុលា បន្តទៀត ដែល​ជា​ការអញ្ជើញ​លើក​ទី​៣៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត