បើតាមក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូលបានបញ្ជាក់ថា កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានប្រកាសព្រមព្រៀង ធ្វើការជួបជុំសាច់ញាតិបងប្អូនកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែតុលា ដល់ថ្ងៃទី២៦ខែតុលាខាងមុខ នៅរមណីយដ្ឋានទេសភាពនៃភ្នំKumgangរបស់កូរ៉េខាងជើង ។ ការជួបជុំសាច់ញាតិកូរ៉េ ធ្វើឡើង ដើម្បីបញ្ចប់ភាពតានតឹង។
អ្នកនាំពាក្យបង្រួបបង្រួមកូរ៉េបានបញ្ជាក់ថា ការជួបជុំសាច់ញាតិកូរ៉េភាគច្រើនអាយុ៨០ឆ្នាំ ដល់៩០ឆ្នាំ ហើយការជួបជុំនៅរមណីយដ្ឋានទេសភាពនៃភ្នំKumgangរបស់កូរ៉េខាងជើងគឺប្រព្រឹត្តិទៅដោយមិនមានឧបសគ្គអ្វីនោះទេ។ តែយ៉ាងណាក៏ដោយ ទីក្រុងសេអ៊ូលស្នើឱ្យទីក្រុងព្យុងយ៉ាងបញ្ជាក់ពីសាច់ញាតិរបស់កូរ៉េជើងស្លាប់និងរស់ដើម្បីឱ្យសាច់ញាតិកូរ៉េខាងត្បូងបានដឹងផង ព្រោះក្នុងពេលបច្ចុប្បន្ននេះសាច់ញាតិកូរ៉េខាងត្បូងមានចំនួន២៥០នាក់។
សូមបញ្ជាក់ថា ប្រជាជនកូរ៉េរាប់លាននាក់បានបែកបាក់ក្រោយពីបញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៥០-១៩៥៣។ ចាប់តាំងពីពេលនោះមក សហគមន៍ស៊ីវិលទាំងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានប្រកាសហាមឃាត់មិនឱ្យជួបគ្នានោះទេ។ តាមពិតទៅ ប្រជាជនកូរ៉េខាងត្បូង៦៦,០០០នាក់មានឈ្មោះក្នុងបញ្ចី សម្រាប់ចូលរួមព្រឹត្តការណ៍ជួបជុំ ប៉ុន្តែមានតែមនុស្សមួយចំនួនប៉ុណ្ណោះអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តការណ៍ជួបជុំនេះ។
កាលពីថ្ងៃទី២៩កញ្ញា កូរ៉េខាងជើងបានគំរាមលុបចោលពិធីជួបជុំសាច់ញាតិកូរ៉េ ហើយការគំរាមលុបចោលនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង លោកស្រីPark Geun-hyeបានឡើងថ្លែងសន្ទកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនិងបញ្ហាសិទ្ធមនុស្សរបស់កូរ៉េខាងជើង។ លោកស្រីParkឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា កូរ៉េខាងជើងត្រូវគោរពសិទ្ធមនុស្ស ព្រោះកន្លងមករបាយការណ៍ របស់គណៈកម្មាការស៊ើបអង្កេតអង្គការសហប្រជាជាតិបានអះអាងថា កូរ៉េខាងជើងបានការរំលោភបំពានសិទ្ធិមនុស្សខុសច្បាប់។
យ៉ាងណាក៏ដោយ លោកស្រីPark Geun-hyeបាននិយាយកាលពីថ្ងៃទី០៥តុលានេះថា កូរ៉េខាងត្បូងនឹងនៅតែបន្ដកិច្ចការការទូត ជាមួយសារធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង សម្រាប់បង្កើតឱ្យមានការជួបជុំដោយសន្ដិភាពនៃប្រជាជនកូរ៉េ។ លោកស្រីបន្តថា កូរ៉េខាងត្បូងនៅតែបន្ដដំណើរឆ្ពោះទៅមុខ ដើម្បីជំរុញឲ្យមានព្រឹត្ដិការណ៍ជួបជុំគ្នាដោយសន្ដិភាពនៅលើឧបទ្វីបកូរ៉េ៕(ដោយ៖លាង ធីតា)