អង្គការណាតូកាលពីថ្ងៃទី០៥តុលាបានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់វាយប្រហារតាមជើងអាកាសនៅស៊ីរី និងវាយប្រហារឆ្លងដែនប្រទេសតួកគី។ អង្គការណាតូបានបញ្ជាក់ថា ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីនៅស៊ីរី គឺអាចធ្វើឱ្យស៊ីរីធ្លាក់ចូលក្នុងស្ថានភាពវឹកវរជាងមុនថែមទៀត។ ជាមួយគ្នានេះ តួកគីបានព្រមានរុស្ស៊ី ដែលបានវាយប្រហារតាមជើងអាកាសឆ្លងកាត់តាមព្រំដែនតួកគី។ មន្ត្រីសន្តិសុខតួកគីថា តួកគីបានស្ទាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទF-16 អំឡុងពេលបើកការវាយប្រហារនៅព្រំដែនតួកគីជាប់ព្រំដែនស៊ីរី។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីតួកគីបានបញ្ជាក់ថា“ច្បាប់របស់យើងគឺចូលរួមយ៉ាងច្បាស់ក្នុងការវាយប្រហារតាមជើងអាកាស” ”ប៉ុន្តែការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីគឺអាចបញ្ជាក់យ៉ាងច្បាស់ថាបានរំលោភដែនអាកាសរបស់តួកគីទាំងស្រុង”។ កន្លងមកកងកម្លាំងប្រដាប់អាវុធតួកគីបានណែនាំយ៉ាងច្បាស់ហើយថា តួកគីមានច្បាប់សម្រាប់ការវាយប្រហារនៅលើដែនអាកាស។
សូមបញ្ជាក់ថា យន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារតាមជើងអាកាសនៅស៊ីរីប្រឆាំងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមIS ចាប់តាំងពីសប្ដាហ៍មុនមកម្ល៉េស។ កន្លងមក ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា បានគាំទ្រលោកអាសាដដើម្បីប្រឆាំងក្រុមអ៊ីស្លាមIS។ ប្រទេសលោកខាងលិចអះអាងថា តាមពិតទៅ រុស្ស៊ីមិនបានកម្ទេចក្រុមអ៊ីស្លាមISចំគោលដៅនោះទេ ផ្ទុយទៅវិញរុស្ស៊ីបានសម្លាប់ជនស៊ីវិលស៊ីរីប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerryបានឱ្យដឹងថា ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីគឺជាការប្រថុយយ៉ាងធ្ងន់ធ្ងរ។ តែយ៉ាងណាក៏ដោយលោកJohn Kerryបានបញ្ជាក់ដែរថា លោកព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវាយប្រហារតាមជើងអាកាសឆ្លងដែនព្រំដែនតួកគី។ លោកJohn Kerryបានបញ្ជាក់ថា រុស្ស៊ីមិនបានវាយប្រហារទៅលើក្រុមអ៊ីស្លាមISតាមការសន្យានោះទេ។
ជាការឆ្លើយតបភ្លាមៗ ទីក្រុងម៉ូស្គូបានបញ្ជាក់ថា មូលហេតុយន្តហោះចម្បាំងរបស់ខ្លួនបានចូលក្នុងទឹកដីតួកគីជាច្រើនវិនាទី ដោយសារតែអាកាសធាតុអាក្រក់ប៉ុណ្ណោះ បន្ទាប់ពីវិលត្រឡប់មកពីមូលដ្ឋានអាកាសរបស់ប្រទេសស៊ីរី ប្រឆាំងនឹងក្រុមអ៊ីស្លាមIS៕(ដោយ៖លាង ធីតា)