ជម្លោះដ៏រុំារៃរវាងក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ានិងរដ្ឋាភិបាលនៅមិនទាន់ដាច់ស្រាច់នៅឡើយ ព្រោះក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ានៅតែបន្តទាមទារស្វែងរកស្វ័យភាពនៅក្នុងតំបន់។ តែយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ានៅតែព្យាយាមស្វែងរកកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន។ នៅថ្ងៃទី១៥តុលាខាងមុខ ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ានឹងចុះហត្ថលេខាបទឈប់បាញ់នៅទីក្រុងមីយ៉ាន់ណៃពិដោ(Naypyidaw) ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី០៣តុលា ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ា បានជំរុញឱ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសន្ទនានយោបាយសន្តិភាពនៅមីយ៉ាន់ម៉ាឱ្យពិតប្រាកដ។ ការព្រមព្រៀងចុះហត្ថលេខាបទឈប់បាញ់នេះ បានធ្វើឡើងតាមរយៈការចរចាកាលពីថ្ងៃទី០៤តុលា រវាងក្រុមឧទ្ទាមជនជាតិភាគតិចនិងរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅមជ្ឈមណ្ឌលសន្តិភាពមីយ៉ាន់ម៉ាក្នុងទីក្រុងYangon ដែលចរចាដោយលោកAung Minប្រធានអ្នកចចារសន្តិភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
លោកAung Minបានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសទទួលស្វាគមន៍ជានិច្ចដែលក្រុមឧទ្ទាមជនជាតិភាគតិចធ្វើការចុះហត្ថលេខាបទឈប់បាញ់ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនោះ នឹងចូលរួមពីសាក្សីក្នុងស្រុកនិងអន្តរជាតិ។ ម្យ៉ាងទៀតនឹងកោះហៅ មេបក្សប្រឆាំងរដ្ឋាភិបាលលោកស្រីAung San Suu Kyiឱ្យចូលរួមដែរ។
បើតាមសមាជិកជាន់ខ្ពស់ ក្រុមចរចាសន្តិភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាលោកHla Maung Shweបានឱ្យដឹងថា ក្រុមឧទ្ទាមជនជាតិភាគតិចនៅមីយ៉ាន់ម៉ាចំនួន៨ក្រុម ក្នុងនោះក្រុមសម្ព័ន្ធជាតិKarenបានសម្រេចចិត្តចុះហត្ថលេខាបទឈប់បាញ់ទូទាំងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយលោកថា ក្រុមឧទ្ទាមជនជាតិភាគតិចនៅតំបន់កាជី មិនយល់ព្រមចុះហត្ថលេខាបទឈប់បាញ់ឡើយ។ បើតាមក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានបញ្ជាក់ថា បទឈប់បាញ់ទូទាំងប្រទេស ធ្វើឡើងតែភាគីក្រុមឧទ្ទាមមួយផ្នែក ក៏នៅតែមិនអាចក្លាយជាបទឈប់បាញ់ពេញលេញបានឡើយ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិច បានផ្ទុះឡើងខ្លាំងនៅឆ្នាំ២០១៥នេះ នៅតំបន់កូកាងស្ថិតនៅភាគខាងជើងរដ្ឋShanប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលលោកថេនសេនឡើងកាន់អំណាចរយៈពេល៤ឆ្នាំមកនេះ រដ្ឋាភិបាលបានបើកទ្វារឱ្យក្រុមឧទ្ទាមធ្វើការចរចាដោយសន្តិភាព៕(ដោយ៖លាង ធីតា)