ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដបាននិយាយថា ភាពជោគជ័យនៃយុទ្ធនាការវាយប្រហាររបស់រុស្ស៊ី ស៊ីរី និងសម្ព័ន្ធរបស់ខ្លួន គឺជាយុទ្ធនាការដ៏សំខាន់បំផុតសង្គ្រោះតំបន់មជ្ឈិមបូព៌ាពីការបំផ្លិចបំផ្លាញ។ ការលើកឡើងរបស់លោកប្រធានាធិបតីស៊ីរីបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូអះអាងថាយុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់ខ្លួន វាយចំគោលដៅក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី។
លោកអាសាដបន្ដថា រយៈពេលមួយឆ្នាំកន្លងមកហើយ ដែលប្រទេសលោកខាងលិចនិងប្រទេសនៅអារ៉ាប់មួយចំនួនទៀត បើកការវាយប្រហារតាមជើងអាកាសនៅស៊ីរីនិងអ៊ីរ៉ាក់ ប៉ុន្ដែមិនបានលទ្ធផលឡើយ មានតែផលខូចខាតប៉ុណ្ណោះ។ ក្រៅពីនេះ ការវាយប្រហាររបស់ប្រទេសលោកខាងលិចបានជួយឲ្យសកម្មភាពភេរវកម្មរីករាលដាលកាន់តែខ្លាំង ហើយធ្វើឲ្យក្រុមភេរវករទទួលជោគជ័យលើតម្រូវការថ្មីៗជាច្រើន។ ប៉ុន្ដែសម្រាប់ក្រុមចម្រុះរបស់ស៊ីរី រុស្ស៊ី អ៊ីរ៉ង់ និងអ៊ីរ៉ាក់វិញ អាចទទួលបានលទ្ធផលពិតប្រាកដ។
ថ្លែងក្នុងពេលធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់កាលពីថ្ងៃទី០៤តុលា លោកអាសាធសង្កត់ធ្ងន់ថា “ការវាយប្រហារកម្ទេចក្រុមរដ្ឋអ៊ីស្លាមត្រូវតែជោគជ័យ បើមិនដូច្នេះទេយើងនឹងប្រឈមការបំផ្លិចបំផ្លាញក្នុងតំបន់ទាំងមូល មិនមែនក្នុងរដ្ឋមួយឬពីរទេ។” សូមបញ្ជាក់ផងដែរថា ការលើកឡើងខាងលើរបស់លោកប្រធានាធិបតីស៊ីរី ធ្វើឡើងបន្ទាប់ពីរុស្ស៊ីចាប់ផ្ដើមយុទ្ធនាការក្នុងប្រទេសស៊ីរីតាំងពីថ្ងៃទី៣០កញ្ញា។
រុស្ស៊ីបានអះអាងកាលពីថ្ងៃទី០៤តុលាថា យន្ដហោះទម្លាក់គ្រាប់របស់ខ្លួន២០គ្រឿងបានវាយប្រហារចំគោលដៅក្រុមរដ្ឋអ៊ីស្លាម១០គោលដៅក្នុងរយៈពេល២៤ម៉ោង។ ក្នុងនោះមានទាំងជំរំហ្វឹកហាត់កងទ័ព និងរោងចក្រផលិតគ្រឿងផ្ទុះផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានរៀបចំការវាយប្រហារបំផ្លាញរចនាសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាម និងចង់គ្រប់គ្រងប្រព័ន្ធរបស់ពួកគេ ដែលជាបណ្ដាញផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម និងជាមូលហេតុបង្កឲ្យមានការរៀបចំធ្វើសកម្មភាពភេរវកម្មផ្សេងៗគ្នា។ ប៉ុន្ដែសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីត្រូវអាមេរិក បារាំង និងអង់គ្លេសចោទថា ជាការគាំទ្រដល់លោកអាសាដទៅវិញ មិនមែនចង់កម្ទេចក្រុមរដ្ឋអ៊ីស្លាមឡើយ៕ដោយ៖ពេញ ផេង