ឃឺដជាឈ្មោះជនជាតិភាគតិចរស់នៅតំបន់មជ្ឈឹមបូព៌ា ភាគច្រើនរស់នៅតំបន់ភាគខាងត្បូងតួរគី ភាគខាងលិចអ៊ីរ៉ង់ ភាគខាងជើងអ៊ីរ៉ាក់ និងភាគខាងជើងប្រទេសស៊ីរី ហើយមានទំនោរសាសនានិងប្រពៃណីទៅរកអ៊ីរ៉ង់។ ក្រុមនេះបានចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ប្រឆាំងក្រុមអង្គការរដ្ឋអ៊ីស្លាម។
ស្របពេលរុស្ស៊ីកំពុងបើកការវាយប្រហារ ប្រឆាំងក្រុមISនៅស៊ីរី លោកMassoud Barzani មេដឹកនាំឃឺដ បានចេញមកបង្ហាញការពេញចិត្តចំពោះរុស្ស៊ី ខណៈអាមេរិកកំពុងរិះគន់រុស្ស៊ីស្ទើររាល់ថ្ងៃទាក់ទងការវាយប្រហារនេះ។ ក្រៅពីស្វាគមន៍វត្តមានរុស្ស៊ីនៅមជ្ឈឹមបូព៌ា មេដឹកនាំឃឺដក៏បាននិយាយផងដែរថា ប្រសិនបើរុស្ស៊ី និងក្រុមចម្រុះដឹកនាំដោយអាមេរិករួមគ្នា កម្ទេចក្រុមរដ្ឋអ៊ីស្លាម លទ្ធផលប្រាកដជាល្អប្រសើរមិនខាន។
មិនត្រឹមតែមេដឹកនាំឃឺដក្នុងប្រទេសអ៊ីរ៉ាក់ទេដែលស្វាគមន៍រុស្ស៊ី លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏សំដែងការពេញចិត្តពីវត្តមានរុស្ស៊ីនៅតំបន់មជ្ឈឹមបូព៌ានេះដែរ។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់និយាយថា ខ្លួនបានត្រៀមខ្លួនសហការរួចជាស្រេច នៅក្នុងការស៊ើបការណ៍និងសន្តិសុខក្នុងក្រុងបាដាដ ជាមួយប្រទេសរុស្ស៊ី អ៊ីរ៉ង់ ស៊ីរីដើម្បីប្រឆាំងក្រុមIS។ តែមន្ត្រីអ៊ីរ៉ាក់ឆ្លៀតបញ្ជាក់ថា ការសហការជាមួយរុស្ស៊ី មិនមែនមានន័យថា អាមេរិកនឹងបាត់បង់ឥទ្ធិពលជាមួយរដ្ឋាភិបាលក្រុងបាដាដនោះទេ។
យន្តហោះចម្បាំងរុស្ស៊ី បានចាប់ផ្តើមបើកការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីកាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក បានចោទរុស្ស៊ីថា វាយប្រហារលើគោលដៅផ្សេងច្រើនជាងវាយប្រហារលើក្រុមIS។ ក្រៅពីនោះក៏បានចោទថា រុស្ស៊ីមានបំណងជួយប្រធានាធិបតីស៊ីរី ដើម្បីរក្សាតំណែង ខណៈអាមេរិកចង់ឃើញប្រធានាធិបតីស៊ីរីចាកចេញពីតំណែងប្រធានាធិបតី។ ចង់អ្នកណារិះគន់អ្វីក៏រុស្ស៊ីមិនខ្វល់ដែរ ដោយនៅតែបន្តយុទ្ធនាការវាយប្រហារក្នុងប្រទេសស៊ីរីទៀតនៅថ្ងៃសៅរ៍ទី០៣តុលា៕(ដោយ៖អ៊ុន សុខឡា)