លោក​​បាន គីមូន​​ថ្កោលទោស​​អ្នក​វាយប្រហារ​​លើ​មន្ទីរ​ពេទ្យ​គ្មាន​ព្រំដែន​​នៅ​​អា​ហ្វ​ហ្គានី​ស្ថាន​

04-10-2015 10:50 am 2458

នៅ​ក្នុង​ក្រសែភ្នែក​អ្នក​ដ៏​ទៃ អាមេរិក​ជា​បុគ្គល​ទីមួយ​ដែល​បាន​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស លើ​មន្ទីរពេទ្យ​គ្មាន​ព្រំដែន នៅ​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បណ្តាលឲ្យ​មនុស្ស​១៩​នាក់​ស្លាប់​។ អាមេរិក​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​វាយប្រហារ​តាម​អាកាស កម្ទេច​អ្នក​ប្រឆាំង​ខ្លួន​នៅ​ទីតាំង​នៃ​មន្ទីរពេទ្យ និង​ធ្វើឲ្យប៉ះពាល់​ដល់​មន្ទីរពេទ្យ​នោះ​។ ទោះ​មិន​ទាន់​និយាយ​ចំៗ ថា​អ្នកណា​ជា​អ្នក​វាយប្រហារ​ទាំង​ស្រុង​​ក៏ដោយ លោក​បាន​គី​មូនប្រធាន​អង្គការស​ហ​ប្រជាជាតិ (UN) បាន​ប្រតិកម្ម និង​ស្តីបន្ទោស​ការវាយប្រហារ​ថា ជា​ទង្វើរ​ដែល​មិន​អាច​អត់ឱន​អោយបាន​ឡើយ​។​

 

​ការវាយប្រហារ​តាម​អាកាស​ទាំង​ថ្ងៃ​មិនទាន់​រះ ​លើ​មន្ទីរពេទ្យ​ខាងលើ បាន​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ និង​ដោយ​សេរី រយៈពេល​ប្រមាណ​ជា​៣០​នាទី បណ្តាល​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​គ្មាន​ព្រំដែន​១២​នាក់​និង​អ្នកជំងឺ​៧​នាក់នៅក្នុងនោះ​មាន​កុមារ​៣​នាក់​ផង​បាន​ស្លាប់ ខណៈ​មនុស្ស​៣៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។ បុគ្គលិក​មន្ទីរពេទ្យ​គ្មាន​ព្រំដែន​និយាយថា អ្នក​មើល​ថែ​និង​អ្នកជំងឺ​ចំនួន​១០៥​នាក់ និង​បុគ្គលិក​ជាតិ​និង​អន្តរជាតិ​ជាង​៨០​នាក់​ស្ថិតក្នុង​មន្ទីរពេទ្យ អំឡុង​ពេល​ការវាយប្រហារ​កើតឡើង​។​

ទាក់ទង​ការវាយប្រហារ​នេះ លោក​បាន គីមូន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត ហ្មត់ចត់​និង​មិន​លម្អៀង រីឯ​អង្គការ​ណា​តូ​វិញ​ក៏​ជម្រុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ទៅលើ​ករណី​នេះ​ដែរ​។ យ៉ាងណា​ក៏​ដោយ​អាមេ​រិក​​បាន សន្យា​បើក​ការស៊ើបអង្កេត ពេញលេញ ទៅ​ក្នុង​ករណី​ទម្លាក់​គ្រាប់​ហួស​ព្រំដែន​កំណត់​។ សូមបញ្ជាក់​ថា អាមេរិក​បាន​ដក​កងទ័ព​មួយចំនួនធំ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​កាលពីដើមឆ្នាំ​២០១៥​នេះ ប៉ុន្តែ​អា​មេ​រិក​រក្សា​ទ័ព​មួយចំនួន ដើម្បី​បណ្តុះបណ្តាល​ទ័ព​អា​ហ្វ​អាហ្គានីស្ថាន ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ប្រទេស​ដែល​រង​ការគំរាមកំហែង​ពី​ក្រុម​តា​លី​បង់​។​

 

​បើ​តាម​ក្រសួង​មហាផ្ទៃ​អា​ហ្វ​ហ្គានី​ស្ថាន នៅពេល​មាន​ការទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ ត្រូវបាន​គេ​ដឹងថា​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ប្រហែល​១០​នាក់​លាក់ខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​ក្រុម​តា​លី​បង់​បាន​ប្រកាសថា ពេល​មាន​ការវាយប្រហារ​នោះ ពុំ​មាន​សមាជិក​ខ្លួន​ណា​ម្នាក់​លាក់ខ្លួន​នៅ​ទីនោះ​ទេ ហើយ​ថា​ការវាយប្រហារ​ជា​ចេតនា និង​ជា​អំពើ​ដ៏​ព្រៃផ្សៃ​ដែល​អនុវត្ត​ដោយ​កងកម្លាំង​អាមេរិក​។​

 

​ការវាយប្រហា​រលើ​មន្ទីរពេទ្យ​គ្មាន​ព្រំដែន​ក្នុង​ទីក្រុង​Kunduz ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​កើតឡើង​បន្ទាប់ពី​ក្រុម​បះបោរ​តា​លី​បង់ បាន​លុកលុយ​ដល់​ទីក្រុង​នេះ​។ បើ​តាម​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​តែង​យក​អាគារ និងមន្ទីរពេទ្យ​ធ្វើជារ​នាំ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)


ព័ត៌មានផ្សេងទៀត