តាមការបញ្ជាក់ពីក្រុមបេសកកម្មពិសេសអង្គការសហប្រជាជាតិ ជួយសង្គ្រោះនៅក្នុងប្រទេសអ៊ីរ៉ាក់ មនុស្សចំនួន៧១៧នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួស១,២១៦នាក់ ដោយសារអំពើភេរវកម្មនិងអំពើហិង្សាក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងខែកញ្ញាឆ្នាំ២០១៥។ សេចក្ដីថ្លែងការណ៍ដែលបង្ហាញតួលេខចេញកាលពីថ្ងៃទី០២តុលា បញ្ជាក់ថាជនស៊ីវិលសរុប៥៣៧នាក់ ក្នុងនោះមាន៤២នាក់ជាប៉ូលិស និងមានកងសន្ដិសុខអ៊ីរ៉ាក់ចំនួន១៨០នាក់ផងបានស្លាប់។ ដោយឡែកក្នុងចំណោមអ្នករងរបួស មាន៩២៥នាក់ជាជនស៊ីវិលអ៊ីរ៉ាក់ ៣៨នាក់ជាប៉ូលិស និង២៩១នាក់ជាកងសន្ដិសុខ។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា នៅមានអ្នកស្លាប់ដែលមិនទាន់ដឹងចំនួនផ្សេងទៀត ដែលស្លាប់ដោយសារតែផលប៉ះពាល់បន្ទាប់អំពើហិង្សាកើតឡើង ក្រោយពេលពួកគេចាកចេញពីផ្ទះសម្បែង ហើយត្រូវខ្វះទឹក អាហារបរិភោគ ខ្វះថ្នាំពេទ្យព្យាបាលជំងឺ និងខ្វះការថែទាំសុខភាពជាដើម។ ចំនួនមនុស្សស្លាប់យ៉ាងច្រើនក្នុងរយៈពេលតែមួយខែនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាដែលកំពុងតែបន្ដកើតឡើង ដែលនឹងអាចធ្វើឲ្យអ្នកស្លាប់និងអ្នករបួសនៅតែបន្ដកើនឡើង។
សូមបញ្ជាក់ថា ស្ថានភាពសន្ដិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ស្ថិតក្នុងសភាពកាន់តែផុយស្រួយខ្លាំង ចាប់តាំងពីខែមិថុនាឆ្នាំ២០១៤ នៅពេលមានការប៉ះទង្គិចបង្ហូរឈាមគ្នាកើតឡើងរវាងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ក្រុមសកម្មប្រយុទ្ធបានកាន់កាប់តំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់មួយភាគធំ ហើយកងទ័ពអ៊ីរ៉ាក់ក៏បានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារមិនអាចទប់ទល់នឹងក្រុមរដ្ឋអ៊ីស្លាមបាន។
គួររម្លឹកផងដែរថា របាយការណ៍ពីក្រុមបេសកកម្មពិសេសអង្គការសហប្រជាជាតិជួយសង្គ្រោះនៅក្នុងប្រទេសអ៊ីរ៉ាក់ បានប៉ាន់ប្រមាណថាមានជនស៊ីវិលប្រមាណ១៤,១៣៦នាក់បានស្លាប់ និង២៩,១៨៩នាក់រងរបួស ដោយសារជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ីរ៉ាក់តាំងពីថ្ងៃទី០១មករាឆ្នាំ២០១៤ ដល់ចុងខែមេសាឆ្នាំ២០១៥៕ដោយ៖ពេញ ផេង