ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាតវ៉ានៅក្នុងទីក្រុងបាដាដនិងនៅតាមទីក្រុងមួយចំនួនទៀតក្នុងប្រទេសអ៊ីរ៉ាក់។ ការប្រមូលផ្ដុំតវ៉ានេះ បានធ្វើឡើងកាលពីថ្ងៃទី០២តុលា ក្នុងគោលបំណងដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ឲ្យគោរពតាមសន្យារបស់ខ្លួន ចំពោះការធ្វើកំណែទម្រង់ គឺការដោះស្រាយបញ្ហាអំពើពុករលួយនិងការអភវិឌ្ឍន៍លើសេវានានា។ ការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើឡើងប្រចាំសប្ដាហ៍តាំងពីខែកក្កដាមកម្ល៉េះ ដែលជាចលនាទាមទារឲ្យកាត់បន្ថយអំណាចរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់នយោបាយ។
នៅក្នុងចលនាតវ៉ា មានការចូលរួមយ៉ាងច្រើនពីប្រជាជនសាមញ្ញ រួមនឹងក្រុមសកម្មជន អង្គការសង្គមស៊ីវិលជាច្រើនទៀត ទាមទារតម្រូវការរបស់ខ្លួនឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់តាមការសន្យា។ អ្នកចូលរួមការតវ៉ាម្នាក់បានលើកឡើងថា លោកនាយករដ្ឋមន្ដ្រីត្រូវបានហាមឃាត់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ដោយគណបក្សDawa របស់លោកផ្ទាល់។ ក្រៅពីនេះ នៅមានអង្គការសង្គមស៊ីវិលផ្សេងទៀតសម្ដែងការមិនពេញចិត្ដដូចគ្នា និងនិយាយថាការតវ៉ាកើតឡើង ដោយសារបច្ចុប្បន្នការធ្វើកំណែទម្រង់របស់លោកនាយករដ្ឋមន្ដ្រីHaider al-Abadiដើរយឺតពេក។
សូមបញ្ជាក់ថា ការតវ៉ារបស់ក្រុមបាតុករធ្វើឡើងក្រោមការការពារពីប៉ូលិសនិងកងទ័ពជាច្រើននាក់ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់កើតឡើង។ មានក្រុមតវ៉ាមួយចំនួនតូចត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងដទៃក្រៅពីទីក្រុងបាដាដផងដែរ ជាទីក្រុងមានការប្រមូលផ្ដុំដូចគ្នា៕ដោយ៖ពេញ ផេង