លោក​សម រង្ស៊ី ហ៊ាន​ធានា​បើ​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​គ្មាន​​សង្គ្រាម​ឡើយ

02-10-2015 6:09 pm 2411

​ក្រោយពី​មាន​ការលើកឡើង​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ កម្ពុជា​អាច​ប្រឈម​នឹង​ការផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង រួម​នឹង​សង្គ្រាម​វណ្ណៈ​ផង​ដែរ​នោះ ត្រូវបាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកយក​មក​ឆ្លើយ​តប​នៅក្នុង​សិក្ខាសាលា​ស្តីពី​ដំណើរការ នៃ​ការបោះឆ្នោត​ដើម្បី​ឈាន​ទៅរក​ការផ្លាស់ប្តូរ នៅ​សណ្ឋាគារ អឹម​ភើ​រៀល នា​ថ្ងៃ​ទី​០២ តុលា​នេះ​។ លោក​សម រង្ស៊ី បានបញ្ជាក់​ថា នេះ​ជា​ការមូល​បង្កាច់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ​មន្ត្រី ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​មាន​ការឆ្លើយតប មួយ​ជា​លាយលក្ខណ៍អក្សរ​មិនមែន​គ្រាន់តែ​ពន្យល់​គ្នា​តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​នោះទេ​។​

សម្លេង​លោក​សម រង្ស៊ី​

 

​លោក​សម រង្ស៊ី បន្តថា ការប្រើ​ពាក្យ​ថា ពេល​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​មាន​សង្គ្រាម​វណ្ណៈ​កើតឡើង ឬ​ឈានទៅដល់​ការ​សម្លាប់​អ្នកមាន ដើម្បី​យកទ្រព្យជួយ​អ្នកក្រ អ្នក​នោះ​ឯង​ប្រហែលជា​មាន​អនុស្សាវរីយ៍ ច្រើន​ជាមួយ​របប​ខ្មែរក្រហម​។​

សម្លេង​លោក​សម រង្ស៊ី​

 

​ថ្លែង​នៅក្នុង​បទ​បង្ហាញ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ក្នុង​ពិធី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ផែនទី របស់​អង្គការសហប្រជាជាតិ នា​ពេលកន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា ការ​រុកគួន​របស់​ក្រុម​គណបក្ស​ប្រឆាំង​ទាក់ទិន​នឹង​ការប្រើប្រាស់ ផែនទី​របស់​រដ្ឋាភិបាល​សម្រាប់​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស វៀតណាម អាច​ជា​ចលករ​មួយ​នាំទៅរក​ការផ្ទុះ​សង្គ្រាម ប្រសិនបើ​ការ​រុកគួន​នេះ​នៅ​អូសបន្លាយ​តទៅទៀត​។ កាលនោះ​លោក​ហ៊ុន សែន មានប្រសាសន៍ថា “​ដូច្នេះ​ការធ្វើ​បែប​នេះ បើ​ទុកឲ្យ​មាន​រឿង​បែប​នេះ​កើតឡើង សង្គ្រាម​វា​នឹង​ផ្ទុះ ហើយ​សូម​បញ្ជាក់ថា បើ​ខុស​ពី​គណបក្ស​ប្រជាជន គណបក្ស​ដទៃ​កាន់​អំណាច​នឹង​មាន​សង្គ្រាម​ដាច់ខាត​។ ខ្ញុំ​ករុណា​អះអាងថា នឹង​មាន​សង្គ្រាម​”​។​ ​ដោយឡែក ជាការ​បញ្ជាក់បន្ថែម​ពីលើ​អត្ថន័យ របស់​លោក​នាយករដ្ឋមន្ត្រី ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី អះអាង​បន្ថែមថា​

​សម្លេង​លោក ផៃ ស៊ីផា​ន

 

​ទោះបីជា​យ៉ាងណា​ក៏ដោយ លោក​សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាន់​គោលជំហរ យ៉ាង​មុតមាំ​ថា ការផ្ទេរអំណាច ឬ​ការផ្លាស់ប្តូរ​ការដឹកនាំ​ប្រទេស ផ្ទេរ​ពី​គណបក្ស​១​ទៅ​គណបក្ស​១ នឹង​ធ្វើឡើង​ដោយ​ស្របច្បាប់ ដោយ​រលូន ដោយ​អោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ភាពកក់ក្តៅ​ទាំងអស់គ្នា ហើយ​មិន​មាន​ឡើយ​ការរើសអើង​វណ្ណៈ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការរួបរួម និង​ជា​ដៃគូ ដើម្បី​អភិវឌ្ឍន៍​ឈានទៅរក​ការរីកចម្រើន​។​

សម្លេង​លោក​សម រង្ស៊ី​

 

 

ព័ត៌មានផ្សេងទៀត