ចិន​ថា​​បញ្ហា​​សិទ្ធិ​មនុស្ស​​មិន​អាច​​ប៉ះពាល់​​ដល់​ទំនាក់​ទំនង​​ចិន​-​អាមេរិក​​ទេ​

15-08-2015 10:45 am 1976

​កន្លង​មក​សមាជិកសភា​អាមេរិក​ធ្លាប់បាន​ទទូច​សុំ​ឲ្យ​លោក​បារ៉ាក់ អូ​បា​ម៉ា និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន​ជាមួយ​លោក​ស៊ី ជីន​ពីង នៅ​ពេល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ខែក្រោយ​។ ការលើកឡើង​បែប​នេះ ត្រូវ​ក្រុម​សមាជិកសភា​អាមេរិក​បញ្ជាក់ថា ដោយសារ​ចិន​មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​កើតឡើង​។​ប៉ុន្ដែ​ចំពោះ​ការឆ្លើយតប​របស់​ចិន​វិញ មន្ដ្រីជាន់ខ្ពស់​ចិន​ម្នាក់​បានឲ្យដឹងថា បញ្ហា​សិទ្ធិមនុស្ស​មិន​អាច​លុប​លើ​ទំនាក់ទំនង​ចិន​-​អាមេរិក​បាន​ទេ​។ ចំណុច​នេះ​បានន័យថា បញ្ហា​សិទ្ធិមនុស្ស​មិនអាច​ជា​ការរាំងស្ទះ​ដល់​ទំនាក់ទំនង​រវាង​ចិន​-​អាមេរិក​ឡើយ​។


​កាលពី​ថ្ងៃ​ទី​១៣​សីហា​នេះ​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​ទ​ទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក​Tom Malinowski បាន​និយាយថា​ចិន​ត្រូវ​តែ​លើកកម្ពស់​សិទ្ធិមនុស្សរ​បស់​ខ្លួន ដើម្បី​ធានា​ឲ្យបាន​នូវ​កិច្ចប្រជុំ​កំពូល​រវាង​លោក​អូ​បា​ម៉ា​និង​លោក​ស៊ី​នៅ​ខែ​ក្រោយ ជា​កិច្ចប្រជុំ​ជោគជ័យ​មួយ​។ តែ​មន្ដ្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ចិន បាន​ច្រាន​ចោល​ការរិះគន់​របស់​លោក Malinowski​។​មន្ដ្រីជាន់ខ្ពស់​ចិន​រូបនេះ​សង្កត់ធ្ងន់​ថា ចិន​និង​អាមេរិក​មាន​ការមូល​មតិ​គ្នា ប៉ុន្ដែ​នៅ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​ថា​វា​មិន​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ច​ពិភាក្សា​ពី​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​។


​សូមជម្រាបថា តាម​លិខិត​ដែល​ផ្ញើ​ទៅ​លោក​បា​រ៉ាក់ អូ​បា​ម៉ា សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​និយាយថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​លោក​ស៊ី ជីន​ពីង មាន​ការរំលោភបំពាន​យ៉ាងខ្លាំង​ទៅលើ​នីតិរដ្ឋ និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ចិន ជាពិសេស​គឺ​បញ្ហា​សិទ្ធិមនុស្ស​។ ក្នុងនោះ​មាន​ការ​ឃុំឃាំង​និង​ការបំពាន​ទៅលើ​មេធាវី​និង​ក្រុម​សកម្មជន​ជាង ២៥០​នាក់ តាំងពី​ថ្ងៃ​ទី​០៩​កក្កដា​។ សមាជិក​ព្រឹទ្ធសភា​ក៏​រិះគន់​ដល់​សេចក្ដីព្រាង​ច្បាប់​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​អន្ដរជាតិ​របស់​លោក​ស៊ី​ផងដែរ ព្រោះ​វា​អាច​បង្ខំ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថាន​អប់រំ និង​វិទ្យាស្ថាន​វប្បធម៌​មួយចំនួន​របស់​អាមេរិក ត្រូវ​ដកចេញ​ពី​ប្រទេស​ចិន​។​


​ដោយឡែក​ពាក់ព័ន្ធ​និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីន​ពីង​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ខែ​ក្រោយ​វិញ ត្រូវ​គេ​រំពឹងថា​មាន​រយៈពេល​ប្រហែល​មួយ​សប្ដាហ៍​។ លោក​នឹង​ពិភាក្សា​​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា និង​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ផងដែរ​។ ទាក់ទង​នឹង​កិច្ច​ពិភាក្សា​ជាមួយ​លោក​អូ​បា​ម៉ា ត្រូវ​គេ​រំពឹងថា​នឹង​បញ្ចូល​របៀបវារៈ​ស្ដី​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ក៏ដូចជា​ពិភាក្សា​ពី​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត