ចិន​ចាប់ផ្ដើម​​ជំរុញ​ឲ្យ​​ពន្លឿន​​ការបង្កើត​ច្បាប់​អ​នុវ​ត្ដ​​ក្នុង​ដែន​សមុទ្រ​ចិន​​ខាងត្បូង​

06-08-2015 3:43 pm 1775

​នេះ​គឺជា​ការអំពាវនាវ​ពី​ចិន​ផ្ទាល់ ឲ្យ​បង្កើនល្បឿន​ពិភាក្សា​ពី​កា​បង្កើត​ច្បាប់​សម្រាប់​អនុវត្ដ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កំពុង​ឡើង​កម្ដៅ​។ ក្រៅពីនេះ ចិន​ក៏​អំពាវនាវ​ឲ្យ​ពិភាក្សា​ឲ្យ​បាន​ឆាប់​លើ​វិធានការ​គ្រប់គ្រង​ភាព​ប្រថុយប្រថាន​នៅក្នុង​ដែន​មួយ​នេះ​ដែរ​។ ការស្នើសុំ​របស់​ចិន ធ្វើឡើង​នៅពេល​លោក​រដ្ឋមន្ដ្រី​ការបរទេស​ចិន​Wang Yi ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​រដ្ឋមន្ដ្រី​អាស៊ាន​នៅ​ទី​ក្រុង​កូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​


​លោក​បាន​និយាយថា ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​នឹង​តំបន់​នេះ មិន​គួរ​ធ្វើ​សកម្មភាព​អ្វី ដែល​បង្ក​ជា​ភាព​តានតឹង និង​ភាពស្មុគស្មាញ​កាន់តែ​ខ្លាំង​ឡើយ​។ លោក Wang​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រទេស​ទាំង​១០​ក្នុង​សមាគម​អាស៊ាន​បាន​យល់ព្រម​ជាមួយ​គ្នា​នូវ​គោលការណ៍​សំខាន់ៗ​ហើយ ដើម្បី​ពិភាក្សា​និង​បង្កើត​វិធានការ​ការពារ​នៅ​តំបន់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មុន​ពេល​ច្បាប់​ត្រូវដាក់​ឲ្យ​អនុវត្ដជា​ផ្លូវការ​។


​ចំពោះ​ប្រទេស​ជា​សមាជិក​ទាំង​១០​នៃ​សមាគម​អាស៊ាន​ក៏​ឆ្លើយតប​យ៉ាង​វិជ្ជា​មាន ទៅលើ​ផែនការ​របស់​លោក​រដ្ឋ​មន្ដ្រី​ការបរទេស​ចិន​ដែរ​។ ពួកគេ​បាន​និយាយថា បាន​ត្រៀមខ្លួន​ជាស្រេច ពង្រឹង​កិច្ច​ពិគ្រោះ​យោបល់​លើ​ការបង្កើត​ច្បាប់​អនុវត្ដ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ លោក​Wang​បានបញ្ជាក់​ថា បណ្ដា​ប្រទេស​ទាំងអស់​អាច​មាន​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​អាកាសចរណ៍​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​បាន ដោយ​ផ្អែក​លើ​ច្បាប់​អន្ដរជាតិ​។​


​សូមបញ្ជាក់​ថា ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ធានា​ទៅវិញទៅមក​ដែរ​កាលពី​ថ្ងៃ​ទី​០៥​សីហា គឺ​ធានា​ថា​គ្មាន​ការប្រឈមមុខ​ដាក់​គ្នា​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ថ្មីៗ​នេះ​ទីក្រុង​វ៉ាស៊ីនតោន​បាន​លូក​ដៃ​លូក​មាត់​រិះគន់​យ៉ាង​ខ្លាំង​លើ​រឿងរ៉ាវ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​វ៉ាស៊ីនតោន​ក៏​ទទួល​ការរិះគន់​ពី​ចិន​មក​វិញ​មិន​តិច​ដែរ​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត