​អាមេរិក​​ប្រឹងប្រែង​​បន្ដ​ទៀត​​និយាយ​រឿង​​ដែនសមុទ្រ​​ចិន​ខាងត្បូង​​ជាមួយ​ចិន​

05-08-2015 11:16 am 1716
លោកចន ឃើរី(ឆ្វេង)និងលោក​វ៉ាង យីក្នុងកិច្ចជំនួប​មួយ

​ថ្លែង​ក្នុង​កិច្ច​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​ចិន​កាលពី​ថ្ងៃ​ទី​០៤​សីហា​នេះ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក John Kerry បាន​និយាយថា​នៅ​ថ្ងៃ​ទី​០៥​សីហា​នេះ លោក​ត្រូវ​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​ចិន​លោក​Wang Yi​ដើម្បី​ពិភាក្សា​ពី​ការប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន ឲ្យ​ផ្អាក​សកម្មភាព​បង្ក​ភាព​តានតឹង​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ កន្លង​មក​អាមេរិក​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ ឲ្យ​អត់ធ្មត់​កុំ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ព្រោះ​អាច​មាន​ភាពអសន្ដិសុខ​កើតឡើង​ក្នុង​តំបន់​។ ប៉ុន្ដែ​ចិន​វិញ​បាន​ឆ្លើយតប​ទៅ​អាមេរិក​ថា អាមេរិក​ជា​ភាគី​មិន​ពាក់ព័ន្ធ ហេតុ​នេះ​មិន​គួរ​លូក​ដៃ​ក្នុង​រឿង​នេះ​ទេ ទុក​ឲ្យ​ម្ចាស់​ខ្លួន​ជា​អ្នកដោះស្រាយ​វិញ​។


​យ៉ាងណា​ក៏​ដោយ​អាមេរិក​មិន​ខ្វល់ ហើយ​នៅតែ​ទទូច​ម្ដង​ជា​ពីរ​ដង ថែមទាំង​បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ទាក់ទិន​ក្នុង​រឿង​នេះ ដូចជា​ហ្វីលីពីន​និង​វៀតណាម​ជាដើម ត្រូវ​ដោះស្រាយ​ដោយ​សន្ដិវិធី​។ ចំពោះ​ការជួប​គ្នា​រវាង​លោក John Kerry​ជាមួយ​លោក Wang Yi​នៅពេលនេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយទៀត​របស់​អាមេរិក​។ រដ្ឋមន្ដ្រី​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ​សមាជិក​អាស៊ាន​លើ​ក​ទី​១០​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​០៤​សីហា​។


​នៅក្នុង​កិច្ចប្រជុំ សមាជិក​ចូលរួម​ក៏​បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ឲ្យ​អត់ធ្មត់​ខ្ពស់បំផុត នៃ​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​ត្រូវ​ព្រួយបារម្ភ​ថា​ភាព​តានតឹង​អាច​កើនឡើង​បន្ដទៀត ក្រោយ​ពី​ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន​៧​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក ក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ ប៉ុន្ដែ​ចំពោះ​ភាគី​ចិន​វិញ លោក​Wang​បញ្ជាក់ថា លោក​មិន​ចង់​និយាយ​ពី​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​ទេ ប៉ុន្ដែ​សមាជិក​ចូលរួម​មិន​បាន​ស្ដាប់​ការស្នើសុំ​របស់​លោក​ឡើយ សូម្បី​តែ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ផ្ទាល់​។ ពួកគេ​បាន​អះអាងថា ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ប្រធានបទ​សំខាន់​ត្រូវ​តែ​ពិភាក្សា មិន​អាច​មិន​អើពើ​បានទេ​។


​រីឯ​លោក​John Kerry​បន្ថែមទៀតថា អាមេរិក​និង​ចិន​ក៏​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​បន្ដ​ទៀត ជាមួយ​ប្រធានាធិបតី​ចិន​លោក​Xi Jinping នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​។ ជា​ការកត់សម្គាល់​ដែនសមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​តំបន់​ក្ដៅគគុក​ដដែល​រវាង​ប្រទេស​ចិន​ជា​មួយ​ប្រទេស​៥​ទៀត​។ ក្នុងនោះ​មាន​ហ្វីលីពីន​និង​វៀតណាម​លេចមុខ​ខ្លាំងជាងគេ​ប្រឆាំង​ចិន ខណៈ​តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយ​នេ ហាក់​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ប្រឆាំង​ខ្លាំងក្លា​ឡើយ​៕​​ដោយ៖ពេញ ផេង

 

ព័ត៌មានផ្សេងទៀត