កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ អាច​​ទប់ស្កាត់​ការ​​រំលោភ​​បំពាន​​ពី​វៀតណាម​​បាន​​ដែរ​ឬ​ទេ​​?​​

31-07-2015 6:12 pm 835

​បើទោះបីជា​ក្រសួងការបរទេស​កម្ពុ​ជា​បានចេញ​កំណត់​ទូត ទៅកាន់​ប្រទេស​វៀតណាម​ជា​បន្តបន្ទាប់ រួម​នឹង​កិច្ចព្រមព្រៀង​បញ្ឈប់​បណ្តោះអាសន្ន​រាល់​សកម្មភាព​ធ្វើ​ផ្លូវ សាងសង់​បន្ទាយ និង​ការ​លុប​ស្រះ​ទឹក នៅ​តំបន់​ព្រំដែន​រវាង​ភាគី​ទាំង​២​យ៉ាងណាក្តី ក៏​វៀតណាម​នៅតែ​បន្ត​បំពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ដដែល​។ ជាក់ស្តែង​តាម​ការចុះផ្យាយ​របស់​អគ្គស្នងការន​គ​របាល​ជាតិ  នៅ​ថ្ងៃ​ទី​៣០​កក្កដា​បានឲ្យដឹងថា ប្រទេស​វៀតណាម នៅ​តែ​ធ្វើ​សកម្មភាព​នៅ​តំបន់​ក្បែរ​ព្រំដែន ដែល​បាន​ហាមឃាត់​ក្នុង​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពត ដោយ​បាន​យក​គ្រឿងចក្រ​ចំនួន​១​គ្រឿង មក​ជីកដី ធ្វើ​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន នៅខាងមុខ​បង្គោល​តម្រុយ​ព្រំដែន​៣០៦ ខេត្ត​កំពត និង​បង្គោល​លេខ​១៩៩-២០០ ក្នុងភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។

 

​កន្លងមក លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ដើម្បី​ជម្រុញ​ឲ្យ​ប្រទេសជិតខាង គោរព​បូរណភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា មធ្យោបាយ​ដែល​មាន​ប្រសិទ្ធិភាព​ជាងគេ គឺ​ការទាមទារ​ឲ្យ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ជាក់​ទៅកាន់​ប្រទេស​ជិតខាង​ឲ្យបាន​ច្បាស់លាស់ ក្នុង​ការអនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ស្តីពី​កម្ពុជា​។​

 

​ភ្ជាប់​នឹង​បញ្ហា​នេះ លោករ​ស់ រ៉ាវុធ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​មួយ​រូប បានបញ្ជាក់​ថា ប្រសិនបើ​មាន​ការអនុវត្តន៍​ត្រឹមត្រូវ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ប្រាកដ​ណាស់​ថា នឹង​មិន​ពិបាក​ដោះស្រាយ​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ គឺ​បាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​យើង​គួរតែ​និយាយ​ពី​រដ្ឋធម្មនុញ្ញ​វិញ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក៏​បាន​និយាយ​ពី​ការ​មិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ដែរ​។

 

​លោករ​ស់ រ៉ាវុធ បាន​សង្កត់ធ្ងន់ថា សម្រាប់​ការស្នើ​របស់​គណបក្សប្រឆាំង​ឲ្យ​ប្រទេសជិតខាង គោរព​សន្ធិសញ្ញា​ក្រុងប៉ារីស ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​មិនមែន​ជា​សម្លេង​របស់​រដ្ឋាភិបាល​។ ដូច្នេះ​គណបក្ស​ប្រឆាំង​គួរតែ​ដាក់​លិខិត​ស្នើ​ទៅ​រដ្ឋាភិបាល ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​។​

សម្លេង​លោករ​ស់ រ៉ាវុធ

 

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ១៩៩១ គឺជា​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​គោលដៅ​សំខាន់ៗ​បីយ៉ាង​។ ទី​១-​រៀបចំ​ឲ្យមាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្តន៍​កិច្ច​ឈប់​បាញ់ និង ការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់​។ គោលដៅ​ទី​២-​ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ​។ ទី​៣-​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ​នូវ​ទឹកដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

 

​យ៉ាងណាក៏ដោយ សម្រាប់​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​បាន​យល់ឃើញថា បើ​ឲ្យ​វៀតណាម​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស វៀតណាម​មិន​គោរព​ទេ ប៉ុន្តែ​ប្រសិន​កម្ពុជា​ប្តឹង​ទៅ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី ឬ​ក៏​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​តែម្តង ទើប​អាច​ជោគជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​។

សម្លេង​លោក​កែម ឡី

 

កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​សំណើរ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សុំឲ្យ រដ្ឋាភិបាល​យក​បញ្ហា​ព្រំដែន ជាមួយ​វៀតណាម​ប្តឹង ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​បញ្ហា​ព្រំដែន ជា​បញ្ហា​ដ៏​មាន​សារសំខាន់ និង​ជា​អាយុជីវិត របស់​ជាតិ ហើយ​កិច្ចការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី គឺជា​ភារកិច្ច និង​កាតព្វកិច្ច​សំខាន់​ជាងគេ​បង្អស់ របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​ធានា និង​ការពារ​ឲ្យបាន​ដាច់ខាត ដូច​មាន​កំណត់​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

 

​លោក​ហ៊ុន សែន បាន​អះអាង​បន្ថែមថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយកន្តើយ ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​វៀតណាម​ឡើយ​។ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង តាមរយៈ​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន និង​ក្រសួង​ការបរទេស ដែល​បាន​ធ្វើ​កំណត់​ទូត​ជា​បន្តបន្ទាប់​។ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការស្នើ​សុំ​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​និង ប្រទេស​មហាអំណាច​មួយ​ចំនួន​ដូចជា​បារាំង អាមេរិក និង​អង់គ្លេស យក​មក​ផ្ទៀងផ្ទាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត