ជនជាតិ​អ៊ុយ​ហ្គួ​រ​រស់​​នៅ​ចិន​នៅ​តែ​បន្ត​មិន​យកចិត្តទុកដាក់​​ចំពេល​​តួ​ក​គី​​ទទូច​​ឱ្យ​​គោរព​​សិទ្ធិ​​

30-07-2015 3:58 pm 1699
ជនជាតិអ៊ុយហ្គួរនៅចិនកំពុងទទួលរងគ្រោះដោយសារការប្រើអំពើហិង្សាពីអាជ្ញាធរចិន​

ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​មាន​ដើមកំណើត​តួ​ក​គី​រស់នៅ​ខេត្ត​ស៊ី​ង​ជាំ​ង​ប្រទេស​ចិន​រាប់ពាន់នាក់ បាន​ភៀស​ខ្លូន​ទៅ​តួ​ក​គី​ជា​បន្តបន្ទាប់ ដោយសារ​ចិន​កៀបសង្កត់​សិទ្ធិសេរីភាព​ជា​ពិសេស​បំបិទ​សេរីភាព​កាន់សាសនា​ជាដើម​។ វិបត្តិ​ជនជាតិ​អ៊ុយ​ហ្គួ​រ នៅតែ​កើតមាន​នៅ ទីក្រុង​ប៉េកាំង បើសិន​គ្មាន​វិធី​ដោះស្រាយ​។ នៅ​ដើមខែ​មិថុនា​ប្រធានាធិបតី​តួ​ក​គី​បាន​ផ្ញើ​សារ មិន​ពេញចិត្ត​ទៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ដឹង​ថា​ប្រជាជន​អ៊ុយ​ហ្គួ​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង ត្រូវបាន​អាជ្ញាធរ​ចិន​រារាំង​មិនឲ្យ​គោរព​ទំនៀមទម្លាប់ត​ម​អាហា​រ នៅ​រដូវ​បុណ្យ​បួស​រ៉ា​ម៉ា​ដន ដែល​ជា​ទម្លាប់​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​។ តែ​ការចោទប្រកាន់​កាលណោះ ត្រូវ​ទីក្រុង​ប៉េកាំង​បដិសេធចោល​ទាំងស្រុង​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធានាធិបតី​តួ​ក​គី​សម្រេចចិត្ត​ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ទៅ​ជួប​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​និង ប្រឆាំង​ការជួញដូរ​មនុស្ស​ខុស​ច្បាប់​រួម​គ្នា​។ ការប្ដេជ្ញា​នេះ ធ្វើ​ឡើយ​ក្រោយ​ពី​មេដឹកនាំ​តួ​ក​គី​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា​។ ប្រធានាធិបតី​តួ​ក​គី​រំពឹងថា ការជួញដូរ​មនុស្ស​ខុស​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ អាច​នឹង​លុបបំបាត់​ចេញពី​ប្រទេស ហើយ​អំពើ​ភេរវកម្ម​ក៏​គ្មាន​ទៀត​ដែរ​។ បើ​តាម​លោក​ស៊ី​វិញ​និយាយ​ទៅកាន់​មេដឹកនាំ​តួ​ក​គី​ថា តួ​ក​គី​និង​ចិន​ត្រូវ​តែ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង​ការជួញដូរ​មនុស្ស ព្រោះ​ចំណុច​ទាំងនេះ​ជា​កត្ដា​សំខាន់​នៅក្នុង​ប្រទេស​នី​មួយៗ​។


​ក្នុង​កិច្ចពិភាក្សា​ដដែល មេដឹកនាំ​តួ​គី​មិនបាន​និយាយ​ទាក់ទង​នឹង​ជនជាតិ​អ៊ុយ​ហ្គួ​រ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​និយាយថា សិទ្ធិ​សេរីភាព​របស់​ម​នុស្ស​ស្របតាម​ច្បាប់ យើង​មិន​អាច​រារាំង​ពួកគេ​បានឡើយ​។ ហេតុនេះ ការរើសអើង​ខាង​សាសនា​នៅក្នុង​ប្រទេស​តែមួយ អាច​ធ្វើឱ្យ​ប្រទេស​មានកេរ្តិ៍ឈ្មោះ​មិនល្អ​។ ក្រៅពីនេះ មេដឹកនាំ​តួ​ក​គី​បាន​សុំ​ដេញថ្លៃ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ដើម្បី​ការពារ​ជាតិ​ទាំងមូល ព្រោះ​តួ​ក​គី​កំពុង​ជួប​ភាពផុយស្រួយ​។ ផុយស្រួយ ដោយសារ​តែ​តួ​ក​គី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុម​អ៊ីស្លាម​IS និង​ក្រុម​ផ្ដាច់ខ្លួន​ឃឺ​ដ​។ ទីក្រុង​ប៉េកាំង​បាន​បដិសេធ ហើយ​ប្រាប់​ទៅ​តួ​ក​គី​វិញ​ថា បញ្ហា​ទិញ​ប្រព័ន្ធ​មី​ស៊ី​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត​។​


​គួររម្លឹកថា ជនជាតិ​អ៊ុយ​ហ្គួ​រ​មាន​ដើមកំណើត​តួ​ក​គី មិន​ពេញចិត្ត​ច្បាប់​នៅ​ប្រទេស​ចិន ព្រោះ​ចិន​រើសអើង​សាសនា និង​ប្រពៃណី​ជនជាតិ​អ៊ុយ​ហ្គួ​រ​។​នៅ​ពេល​បុណ្យ​រ៉ា​ម៉ា​ដន​មកដល់ ប្រជាជន​អ៊ុយ​ហ្គួ​រ​តែងតែ​ប្រារព្ធ​ពិធី​សាសនា​របស់​ខ្លួន​ដោយ​លួចលាក់ បើ​មិនចឹង​ទេ​អាជ្ញាចិន​នឹង​ប្រើ​អំពើហិង្សា​ហើយ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត