ចិន​-​អាស៊ាន​​ប្ដេជ្ញា​​រក្សា​សន្ដិភាព​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​

30-07-2015 10:38 am 2321

​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​Tianjin​ប្រទេស​ចិន បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី​២៩​កក្កដា ក្រោម​វត្ដ​មាន​ចូលរួម​ពី​មន្ដ្រី​ការទូត​ជាន់ខ្ពស់​របស់​ចិន និង​មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កិច្ចប្រជុំ​ចិន​-​អាស៊ាន​លើ​ក​ទី​៩​នេះ បាន​ពិភាក្សា​ពី​ការបង្កើត​ក្រម​ប្រតិ​ប​ត្ដិ​សម្រាប់​អនុវត្ដ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​រក្សា​សន្ដិភាព​និង​ស្ថេរភាព​នៅក្នុង​តំបន់​នេះ​។


​កិច្ចប្រជុំ​ស្ដីពី​ការ​អនុវត្ដ​ន៍​សេចក្ដីប្រកាស​ស្ដីពី​ការប្រព្រឹត្ដរប​ស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​(DOC) បាន​ធ្វើឡើង​ក្នុង​លក្ខណៈ​មិត្ដភាព​និង​ស្មោះត្រង់​ជាមួយ​គ្នា រវាង​ភាគី​ចូលរួម​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បានឲ្យដឹង​ទៀត​ថា ចិន​និង​សមាគម​អាស៊ាន​បាន​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្ដិការ​តាម​សមុទ្រ ដើម្បី​ធ្វើការ​ឆ្ពោះទៅ​រក​ការ​អនុវត្ដ​ន៍​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព នៃ​សេចក្ដីប្រកាស​ស្ដីពី​ការប្រព្រឹត្ដរប​ស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​(DOC) និង​បន្ដ​ពិគ្រោះ​យោបល់​លើ​ការបង្កើត​ក្រម​ប្រតិ​ប​ត្ដិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។


​បន្ថែម​លើ​នេះ នៅ​មាន​ការចុះហត្ថលេខា​លើ​ឯកសារ​រវាង​ចិន​និង​អាស៊ាន​ស្ដីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ត្រូវ​ចាត់ទុកថា​ជា​ព្រឹត្ដិការណ៍ដ៏​សំខាន់បំផុត​ក្នុង​ការរក្សាសន្ដិភាព​និង​សេ្ថរ​ភាព​ក្នុង​ដែនសមុទ្រ​ពោ​ពេញ​ដោយ​ជម្លោះ​មួយ​នេះ​។ ផែនការ​ការងារ​ស្ដីពី​ការ​អនុវត្ដ​សេចក្ដីប្រកាស​ស្ដីពី​ការប្រព្រឹត្ដរប​ស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​(DOC) សម្រាប់​ឆ្នាំ​២០១៥-២០១៦ ក៏​ត្រូវបាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ផងដែរ​។​មេដឹកនាំ​នីមួយៗ​ក៏​បាន​ពិភាក្សា​ពី​ការបង្កើត​គណៈកម្មាធិកា​រ​បច្ចេកវិទ្យា​លើ​សុវត្ថិភាព​រុករក ស្វែងរក និង​ជួយ​សង្គ្រោះ និង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ ក្រៅពីនេះ​នៅ​មាន​ចំណុច​ល្អៗ​ជាច្រើន​ទៀត ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​។


​គួរបញ្ជាក់​ថា ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែន​ដែល​ចិន​កំពុង​មាន​បញ្ហា ជាមួយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​នេ និង​តៃវ៉ាន់​។ ហ្វីលីពីន​និង​វៀតណាម​បាន​ចេញមុខ​ខ្លាំងជាងគេ ចោទ​ចិន​ថា​បំពាន​លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ប៉ុន្ដែ​ចិន​វិញ​បាន​ឆ្លើយតប​ថា មិន​បាន​បំពាន​លើ​នរណា​ឡើយ​។ បច្ចុប្បន្ន ភាពចម្រូងចម្រាស់​នៅតែ​កើតមាន​នៅ​ឡើយ​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត